en     km
en     km

របរដុតធ្យូង មិនអាចឱ្យធូធា តែអាចផ្គត់ផ្គង់ជីវភាពមួយផ្នែក កាត់បន្ថយការចំណាកស្រុក

Share

 

ពលរដ្ឋដែលប្រកបរបរដុតធ្យូងនៅស្រុកជីក្រែង ខេត្តសៀមរាប ទទួលបានចំណូលផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងដោះស្រាយបំណុលដោយសារធ្វើស្រែចម្ការ ទន្ទឹមគ្នាជាមួយរបរនេះ ក៏ជួយកាត់បន្ថយមិនឱ្យពួកគេចំណាកស្រុក ចេញពីភូមិ-ស្រុកកំណើតផងដែរ។ លោក គីម ចាន់ចាវ រាយការណ៍

 

 

អ្នកស្រី គៀ ភត្ត្រា៖ «វាមើលទៅវាមិនចំណេញទេ ព្រោះថាអាជីពយើងតែប៉ុណ្ណឹង គឺយើងរកតែប៉ុណ្ណឹងទៅ ពេលយើងមិនរកវាដាច់ពោះ នៅស្រុកក៏យើងរកមិនបានដែរ ដល់ហើយប្រឹងនៅស្រុកខ្លួនឯងទៅ។ យើងដូចថារបៀបដែលជំពាក់តិចតួចយើងចេះតែក្រាញ់នៅទៅ ជំពាក់គេច្រើនក៏យើងមិននៅដែរណា តែប៉ុណ្ណេះយើងបង់ឱ្យគេផង ណាមួយម៉ាស៊ូតផង ណាមួយកូនស៊ីចាយផង ណាមួយបង់ការផង ដែលមិនបានគ្រប់គ្រាន់តែមួយឡ៦០ម៉ឺនអីវាអត់គ្រប់គ្រាន់ទេ តែធ្វើម៉េចយើងចេះតែប្រឹងតស៊ូទៅធ្វើម៉េចអាជីពតែប៉ុណ្ណឹង»។

នេះជាប្រសាសន៍អ្នកស្រី គៀ ភត្ត្រា ជាពលរដ្ឋដែលប្រកបរបរដុតធ្យូងនៅស្រុកជីក្រែង ខេត្តសៀមរាប។

មានចម្ងាយប្រមាណ ​៨០គីឡូ ពីក្រុងសៀមរាបទៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាកន្លែងរបស់ពលរដ្ឋប្រកបរបរដុតធ្យូង ហើយមានពលរដ្ឋខ្លះធ្វើជាប្រចាំ និងពលរដ្ឋខ្លះទៀតប្រកបរបរនេះ បន្ទាប់ពីប្រមូលផលស្រូវរួចរាល់។ នៅក្នុងមួយគ្រួសារៗស្ថិតនៅភូមិនេះ គឺមានឡសម្រាប់ប្រកបរបរដុតឈើយកធ្យូង ដើម្បីរកចំណូលបន្ថែមលើការងារធ្វើស្រែចម្ការ និងកាត់បន្ថយពួកគេមិនឱ្យចេញទៅចំណាកស្រុកផងដែរ។

អ្នកស្រី គៀ ភត្ត្រា ជាពលរដ្ឋដែលរស់នៅក្នុងភូមិត្រពាំងភ្លោះ រៀបរាប់ប្រាប់វិទ្យុស្ដ្រីថា របរដុតធ្យូងនេះ អ្នកស្រី ប្រកបជាង ២០ឆ្នាំមកហើយ ដោយគ្រួសារអ្នកស្រី ធ្វើជាប្រចាំទោះបីរដូវធ្វើស្រែចម្ការក្ដី។ ក្នុងដៃកំពុងរើសធ្យូងចេញពីឡ ស្ដ្រីវ័យកណ្ដាលរូបនេះ រៀបរាប់ទៀតថា ទម្រាំតែបានក្លាយជាធ្យូងនេះ គឺត្រូវចំណាយពេល ២សប្ដាហ៍ទើបអាចប្រមូលផលបាន ក្នុងនោះចំណាយពេលមួយសប្ដាហ៍ ដុតក្នុងឡ និងមួយសប្ដាហ៍ទៀត ចំណាយពេលទុកឱ្យធ្យូងត្រជាក់។ ហេតុនេះក្នុងមួយខែ អាចប្រមូលផលធ្យូងបានតែ ២ដងប៉ុណ្ណោះ។

មុខមាត់ និងសម្លៀកបំពាក់ ប្រឡាក់ដោយកម្ទេចធ្យូងខ្មៅ ដៃរើសកម្ទេចធ្យូងទាំងនោះចូលក្នុងបាវ អ្នកស្រី ភត្ត្រា និយាយថា ក្នុងមួយឡ ដុតឈើអស់ ៥រទេះ ហើយឈើដែលអាចដាក់ដុតយកធ្យូងទាំងនោះបាន គឺជាប្រភេទឈើដែលងាប់ ចំណែកប្រភេទឈើដែលរស់ គឺសមត្ថកិច្ចមិនអនុញ្ញាតឱ្យកាប់ឡើយ។ ដល់ពេលប្រមូលផលចេញពីឡ ធ្យូងត្រូវបែងចែកជា ៣ប្រភេទ គឺទីមួយ សំបកធ្យូងក្រាក់ លក់បានតម្លៃពី ៥៥០រៀលក្នុងមួយគីឡូក្រាម ទីពីរ ធ្យូងស្រស់ដែលមិនជាប់សំបក លក់បានតម្លៃពី ៧៥០រៀល និងប្រភេទទីបី គឺកម្ទេចធ្យូងដែលរែងហើយ ក្នុងមួយបាវតូច បានតម្លៃ ១,៥០០រៀល។ ដូច្នេះក្នុងពេលប្រមូលផលពីឡម្ដងៗ អ្នកស្រីទទួលបានធ្យូងទម្ងន់ប្រមាណ ១,០០០គីឡូ ក្នុងនោះចំណូលទទួលបានចន្លោះពី ៧០ម៉ឺន ទៅ ៨០ម៉ឺនរៀល។

អ្នកស្រី គៀ ភត្ត្រា អ្នកប្រកបរបរដុតធ្យូង។ WMC/kimchanchav

អ្នកស្រី គៀ ភត្ត្រា៖ «និយាយទៅរបៀបតែឈឺងាប់វាកើតជាអុសក្រាក់ហើយបានជាគេឱ្យយើងកាត់បាន ពេលនៅស្រស់គេអត់ឱ្យយើងកាត់ទេ អុសងាប់អុសអីទៅបានគេឱ្យយើងកាត់ទៅគេយកលុយអញ្ចឹងណា គេមិនមែនអត់យកលុយទេរបស់ងាប់ហើយគេនៅយកលុយក្នុងមួយរទេះ១ម៉ឺននៅស្នាក់ការគេ និយាយទៅអ្នកដើរល្បាត១ម៉ឺន អ្នកចាំកន្លែង១ម៉ឺនទៀត វាទាំងអស់២ម៉ឺន។ មួយឡៗ ៥រទេះ វាអស់តិចលុយដែរ តែមិនដឹងធ្វើម៉េចអាជីពយើងមានតែប៉ុណ្ណឹងយើងប៉ុណ្ណឹងទៅ»។

ក្រោមពន្លឺព្រះអាទិត្យដ៏សែនក្ដៅ ក្នុងដៃកំពុងរើសកម្ទេសធ្យូងតូចៗដាក់បាវ ស្ដ្រីរូបនេះបញ្ជាក់ថា របរដុតយកធ្យូងនេះ មិនមែនសុទ្ធតែដុតឈើហើយអាចទទួលបានធ្យូងនោះទេ ពីព្រោះបើដល់ពេលកំណត់បើកឡ ហើយមិនទាន់បើក គឺបណ្ដាលឱ្យធ្យូងដែលប្រមូលផលត្រូវក្លាយជាផេះ។ ដូច្នេះអ្នកស្រីថា ឡត្រូវបើកតាមពេលកំណត់ ទើបប្រមូលផលធ្យូងបាន ទោះបីក្នុងពេលប្រមូលផលតម្លៃធ្យូង ធ្លាក់ថ្លៃក្ដី ក៏ត្រូវបើកឡយកធ្យូងដែរ។

អ្នកស្រី គៀ ភត្ត្រា៖ «ចូលដល់ខែមួយខែពីរវិញធ្យូងចាប់ផ្ដើមធ្លាក់ហើយ នេះខែ១២ធ្យូងអត់ទាន់ធ្លាក់ទេ គេរវល់ការងារច្រូតទៅ គេអត់មានអ្នកណាទាន់ដាក់ធ្យូងអត់សូវមានធ្យូង ដល់ពេលខែមួយហើយមនុស្សគេច្រូតហើយធ្យូងចាប់ផ្ដើមធ្លាក់ថ្លៃវិញហើយ ឃើញទេថៅកែគេតេមកបើកធ្យូងទៅទាន់បាន ៧៥០ តែ៣ ឬ៤ថ្ងៃទៀតធ្លាក់ហើយនៅត្រឹម ៦០០អី ព្រោះឃើញខំប្រឹងបើក»។

ចំណែកលោក ផៃ យ៉ុន ជាស្វាមីអ្នកស្រី គៀ ភត្ត្រា និយាយដែរថា របរដុតធ្យូងនេះ មានពលរដ្ឋខ្លះធ្វើនៅរដូវប្រមូលផលស្រូវហើយ ប៉ុន្តែលោក និងភរិយាប្រកបរបរនេះមិនចាំដល់ពេលប្រមូលផលស្រូវហើយឡើយ ពីព្រោះត្រូវការលុយបង់ឱ្យធនាគារជាប្រចាំ។ លោកថា នៅពេលប្រមូលផលធ្យូង ដំណាលពេលប្រមូលផលស្រូវ គឺធ្វើឱ្យធ្យូងមានតម្លៃថ្លៃ ពីព្រោះដោយសារអ្នកភូមិក្នុងតំបន់នេះម្នាក់ៗរវល់ការងារប្រមូលផលស្រូវ មិនមានអ្នកណាមានពេលដុតធ្យូងឡើយ។

លោក ផៃ យ៉ុន អ្នកប្រកបរបរដុតធ្យូង។WMC/kimchanchav

លោក ផៃ យ៉ុន៖ «បើយើងមិនធ្វើស្រែផង ដុតឡផងទេ វាអត់ចំណូលចូលបង់អង្គការទេ បើយើងធ្វើតែស្រែក្នុងមួយរដូវបង់តែម្ដងទេ តែបើឡយើងដុតបានរាល់ខែ មួយខែ៥០ម៉ឺន មួយខែ ៤០ម៉ឺន ក៏យើងត្រូវតែរកជាអាជីពយើងអ្នករកតែប៉ុណ្ណោះ»។

ស្លៀកតែខោខ្លី ដោយមិនបានពាក់អាវ លោកយ៉ុន កំពុងឈរចងមាត់បាវដែលច្រកធ្យូងហើយ ប្រាប់បន្តទៀតថា របរដុតធ្យូងនេះ រកបានត្រឹមមួយហូបទេ ទប់ទល់នឹងការចំណាយប្រចាំថ្ងៃ និងបង់ធនាគារ ដែលខ្ចីយកមកធ្វើស្រែចម្ការប៉ុណ្ណោះ។

លោក ផៃ យ៉ុន៖ «ប៉ះពាល់តែខាងបរិស្ថានមេព្រៃដែលគេមិនឱ្យរកតែមួយមុខហ្នឹង តែបើយើងពាក់ព័ន្ធតែអ្វីមួយគឺអត់មានពាក់ព័ន្ធ ព្រោះថាប់យើងកាប់ឈើរស់ឈើអីអាហ្នឹងបានវាប៉ះពាល់ និងខុសច្បាប់ ប៉ុន្តែបើយើងដឹកចុងដឹកក្រាក់វាអត់ប៉ះពាល់ និងខុសច្បាប់ទេ»។

លោកបន្ថែមថា ការងារដុតធ្យូងនេះ ជួយគ្រួសារលោកមិនឱ្យចេញទៅចំណាកស្រុកនៅខាងក្រៅ ពីព្រោះបើធ្វើរាល់ខែ គឺផ្ដល់ចំណូលជាប្រចាំ ហើយរបរនេះ ត្រូវការកម្លាំង និងឧស្សាហ៍បន្តិច ទើបអាចប្រកបរបរនេះបន្តទៅមុខបាន៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

Image Not Found
Image

ព័ត៌មានទាក់ទង