ភ្នំពេញ៖ របាយការណ៍ថ្មីមួយរបស់អង្គការសង់ត្រាល់ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២៥នេះរកឃើញថា មានប្រជាពលរដ្ឋប្រមាណ៣០០នាក់បាន លង់ខ្លួនចាញ់បោកមេខ្យល់អស់ប្រាក់សរុបប្រមាណ ៧៥ ម៉ឺនដុល្លារអាមេរិក ដែលសន្យាថានឹងជួយរកការងារឱ្យពួកគេធ្វើនៅបរទេសពិសេសនៅប្រទេស កូរ៉េខាងត្បូង។ សង់ត្រាល់បន្ថែមថា ជនរងគ្រោះខាងលើបច្ចុប្បន្នខ្លះកំពុងធ្លាក់ឈឺរុំារៃរហូតបាត់បង់អាយុជីវិត ខ្លះលក់ផ្ទះសម្បែង និងខ្លះទៀតត្រូវរត់ ចោលស្រុកកំណើត ដោយសារវិបត្តិបំណុលធ្ងន់ធ្ងរ។
កញ្ញា ឡុង សំនៀង ជូនសេចក្តីរាយការណ៍
មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ បានបង្ហាញរបាយការណ៍របស់ខ្លួនកម្រស់ ៤ទំព័រដោយរកឃើញចំនួនជនរងគ្រោះរហូតទៅដល់ ៣០០នាក់ ដែលបានចាញ់បោកមេខ្យល់លង់ខ្លួនអស់ប្រាក់សរុបប្រមាណ ៧៥ម៉ឺនដុល្លារអាមេរិក ករណីមេខ្យល់សន្យាថានឹងជួយឱ្យបានការ ងារធ្វើនៅបរទេស ពិសេសនៅប្រទេសកូរ៉េខាងត្បូងដែលមានការងារល្អ មានប្រាក់ឈ្មួលខ្ពស់។
របាយការណ៍ដែលចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ ក៏លើកយកករណីជាក់ស្តែងដែលជនរងគ្រោះប្រមាណ ៣០០នាក់មកពីជាង ១០ ខេត្តក្រុងផ្សេងៗគ្នា បានមកសុំកិច្ចអន្តរាគមន៍ពីអង្គការសង់ត្រាល់។ តាមរយៈរបាយការណ៍ខាងលើ សង់ត្រាល់បានលាតត្រដាងពីដំណើរដើមទងដែលមេខ្យល់ប្រើល្បិចឆបោកជនរងគ្រោះ ដោយដំបូងមេខ្យល់និងបក្សពួកបានផ្សព្វផ្សាយ និងឡាយតាមបណ្តាញសង្គមហ្វេសប៊ុកថា ពួកគេមានក្រុមហ៊ុនផ្តល់សេវាស្វែងរកការងារធ្វើនៅប្រទេសកូរ៉េខាងត្បូងជូនពលរដ្ឋកម្ពុជា។
សេចក្តីថ្លែងការណ៍របស់សង់ត្រាល់លើទំព័រហ្វេសប៊ុក។
បន្ទាប់មកក្រុមមេខ្យល់ នឹងបក្ស បង្គាប់ឱ្យជនរងគ្រោះបង់ប្រាក់សរុបម្នាក់ចំនួន ៤,០០០ដុល្លារ សម្រាប់ថ្លៃរត់ការទាំងអស់ ។ ក៏ប៉ុន្តែទឹកប្រាក់ថ្លៃរត់ការចំនួន ៤ ពាន់ដុល្លារខាងលើត្រូវបង់ជា២លើក គឺបង់មុនដាក់ពាក្យចំនួន ២ពាន់ដុល្លារនិង ២ពាន់ដុល្លារទៀតត្រូវបង់បន្ទាប់ពីបានការងារធ្វើនៅកូរ៉េ។
ក្រោយពីបានស្តាប់ការណែនាំពីមេខ្យល់រួចរាល់ហើយ ជនរងគ្រោះក៏ត្រូវទៅជួបមេខ្យល់នៅទីតាំងផ្ទះល្វែងមួយកន្លែងនៅរាជធានីភ្នំពេញ ហើយបានព្រមព្រៀងនិងធ្វើកិច្ចសន្យា ក៏ប៉ុន្តែអង្គការសង់ត្រាល់បញ្ជាក់ថា ជនរងគ្រោះភាគច្រើនមិនទទួលបានកិច្ចសន្យាមករក្សាទុកនោះឡើយ។
ផ្អែកតាមការស៊ើបអង្កេតរបស់អង្គការសង់ត្រាល់ដដែល មានជនរងគ្រោះសរុបទាំងអស់ ៣០០នាក់ បានចាញ់បោកមេខ្យល់អស់ទំហំទឹកប្រាក់ប្រាមាណ ៧៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកដែលក្នុងនោះមាន ៤៨នាក់ត្រូវចាញ់បោកថាបានទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ។ តែរហូតមកដល់បច្ចុប្បន្ននេះ ជនរងគ្រោះមិនបានទៅធ្វើការនៅប្រទេសកូរ៉េដូចការសន្យាទេ ហើយក៏មិនទទួលបានប្រាក់សំណងត្រឡប់មកវិញដែរ។ សង់ត្រាល់ បន្ថែមទៀតថាជនរងគ្រោះមួយចំនួនបានដាក់ពាក្យប្តឹងទៅតុលាការខេត្តកំពត ហើយមេខ្យល់ម្នាក់ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ តែ មេខ្លោង និងបក្សពួកផ្សេងទៀតមិនទាន់ចាប់ខ្លួនបាននៅឡើយ។
ចំពោះស្ថានភាពជនរងគ្រោះវិញ ផ្អែកតាមអង្គការសង់ត្រាល់បញ្ជាក់ថា បច្ចុប្បន្នជនរងគ្រោះទាំងអស់កំពុងជួបការលំបាកជាខ្លាំងព្រោះត្រូវបង់សងបំណុលដែលខ្ចីគេ ខណៈជនរងគ្រោះខ្លះធ្លាក់ខ្លួនឈឺរុំារៃរហូតបាត់បង់ជីវិត ខ្លះលក់ផ្ទះសម្បែង និងខ្លះរត់ចោលស្រុកកំណើត ព្រាត់ប្រាស់គ្រួសារ ដើម្បីទៅរកប្រាក់សងបំណុលនិងរ៉ាប់រងជីវភាពក្រុមគ្រួសារ។
តាមរយៈរបាយការណ៍ អង្គការសង់ត្រាល់អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តល់សេវាគាំទ្រផ្នែកច្បាប់ជំរុញឱ្យជនរងគ្រោះទទួលបានយុត្តិធម៌ និងការពារសិទ្ធិដល់ពលករចំណាកស្រុកដែលរងគ្រោះពីការឆបោកក្នុងដំណើរការជ្រើសរើស ការកេងប្រវ័ញ្ចកម្លាំងពលកម្ម អំពើជួញដូរមនុស្ស និងការរំលោភបំពានគ្រប់រូបភាព៕
អត្ថបទដោយ ឡុង សំនៀង