en     km
en     km

CCJ​ និង​អង្គការ​ KHANA​ ​រៀបចំ​ក្រម​ប្រតិបត្ដិ​ស្ដី​ពី​ការ​រាយការណ៍​ព័ត៌មាន​ “​ករណី​អ្នក​ញៀន​គ្រឿងញៀន​”

Share

​ភ្នំពេញ​ ៖​ ក្លឹ​ប​អ្នកកាសែត​កម្ពុជា​ និង​អង្គការ​ KHANA​ កំពុង​រៀបចំ​ក្រម​ប្រតិបត្ដិ​ស្ដី​ពី​ការ​រាយការណ៍​ព័ត៌មាន​ “​ករណី​អ្នក​ញៀន​គ្រឿងញៀន​”​។​ ការ​រៀបចំ​នេះ​ គឺ​ក្នុង​បំណង​ឲ្យ​ធ្វើ​យ៉ាងណា​បញ្ចៀស​ការ​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ដោយសារ​គ្រឿងញៀន​ ក្លាយជា​ជន​រង​គ្រោះ​ពីរ​ដង​ ព្រោះតែ​ការ​ប្រើ​ពាក្យពេចន៍​ ដែល​ក្លាយជា​មាក់ងាយ​ និង​រើសអើង​ចំពោះ​ជន​រង​គ្រោះ​ដោយសារ​គ្រឿងញៀន​។​ ក្រម​ប្រតិបត្ដិ​នេះ​ អាច​នឹង​ចេញ​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​២០១៨​នេះ​។​

​ក្លឹ​ប​អ្នកកាសែត​កម្ពុជា​ ហៅ​កាត់​ថា​ CCJ​ និង​អង្គការ​ KHANA​ កំពុង​រៀបចំ​ក្រម​ប្រតិបត្ដិ​ ស្ដី​ពី​ការ​រាយការណ៍​ព័ត៌មាន​ ករណី​អ្នក​ញៀន​គ្រឿងញៀន​។​ នេះ​បើ​តាម​ប្រសាសន៍​នាយក​ប្រតិបត្ដិ​ក្លឹ​ប​អ្នកកាសែត​កម្ពុជា​ លោក​ ឆាយ​ សុផល​ ដែល​បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក្នុង​សិក្ខាសាលា​ពិភាក្សា​ពី​ក្រម​ប្រតិបត្ដិ​សម្រាប់​អ្នក​សារព័ត៌មាន​ ក្នុង​ការ​រាយការណ៍​ទាក់ទិន​នឹង​អ្នក​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​ធាតុ​ញៀន​ នៅ​ថ្ងៃ​ទី​២៩​ ខែតុលា​នេះ​។​

​លោក​ ឆាយ​ សុផល​ បញ្ជាក់​ថា​ ការ​រៀបចំ​ក្រម​ប្រតិបត្ដិ​នេះ​ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​អ្នករាយការណ៍​ព័ត៌មាន​ បែងចែក​ឲ្យ​បាន​ដាច់​ពី​គ្នា​ ពី​អ្នក​ជូ​ញ​ដូរ​ និង​អ្នក​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​តែ​គ្រឿងញៀន​។​ លោក​បន្ដ​ថា​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ អ្នក​ញៀន​គ្រឿងញៀន​មួយ​ចំនួន​ គឺជា​ជន​រង​គ្រោះ​ ពីព្រោះ​តែ​ពួក​គេ​អាច​ចាញ់បោក​ការ​លួងលោម​ ឬ​ក៏​ភ្លាំងភ្លាត់​ ដោយ​អ​ចេតនា​។​ លោក​បន្ដ​ថា​ កាលណា​អ្នក​សារព័ត៌មាន​ប្រើប្រាស់​ពាក្យ​ ដែល​ហាក់​មានការ​រើសអើង​ដល់​ជន​ដែល​រង​ផល​ប៉ះពាល់​គឺ​គ្រឿងញៀន​ នោះ​នឹង​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ទាំងនោះ​ កាន់តែ​គេច​ចេញពី​សង្គម​ ហើយនឹង​លុងខ្លួន​ជ្រៅ​ថែម​ទៀត​ ៖«​អ​ញ្ចឹ​ង​ហើយ​បានជា​ក្លឹ​ប​អ្នកកាសែត​កម្ពុជា​ សហការ​ជាមួយ​អង្គការ​ KHANA​ រៀបចំ​នៅ​សេចក្ដី​ព្រាង​ក្រម​ប្រតិបត្ដិ​ សម្រាប់​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ ហើយ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ ក្រម​ប្រតិបត្ដិ​នេះ​គឺ​ក្លឹ​ប​អ្នកកាសែត​កម្ពុជា​ បាន​ធ្វើ​រួច​ទៅ​ហើយ​លើ​ស្ដ្រី​ និង​កុមារ​ ហើយ​និង​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​»​។​

​គោលបំណង​ នៃ​ក្រម​ប្រតិបត្ដិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ ទាក់ទង​នឹង​ជន​រង​គ្រោះ​ នៃ​សារជាតិ​ញៀន​ គឺ​ប្រាថ្នា​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់​ទម្រង់​ទាំងអស់​ទាំង​សារព័ត៌មាន​ក្រៅ​ប្រព័ន្ធ​អ៊ីនធឺណិត​ (Offline​ News)​ និង​សារព័ត៌មាន​ក្នុង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ (Online​ News)​ ដោយ​រួម​ទាំង​អ្នក​អាន​ ឬ​អ្នក​ធ្វើ​អត្ថាធិប្បាយ​ព័ត៌មាន​ និង​អ្នក​សារព័ត៌មាន​ ជួយ​ជំរុញ​សង្គម​ ឲ្យ​កាត់​បន្ថយ​ការ​មាក់ងាយ​ និង​ការ​រើសអើង​ចំពោះ​អ្នក​ប្រើ​សារជាតិ​ញៀន​ ដែល​ជា​ជន​រង​គ្រោះ​ នៃ​ឥទ្ធិពល​ ឬ​ការ​ប៉ះពាល់​នៃ​ជាតិ​ញៀន​។​ នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​ អ្នក​ប្រើ​សារជាតិ​ញៀន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​អ្នកជំងឺ​ ដែល​ទាមទារ​សេវា​ព្យាបាល​ និង​ស្ដារ​នីតិសម្បទា​។​

​ហេតុ​ដូចនេះ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់​ទម្រង់​ ត្រូវ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​ពាក្យពេចន៍​ និង​ភាសា​នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​របស់​ខ្លួន​ ដើម្បី​កុំ​ឲ្យ​ក្លាយជា​ការ​មាក់ងាយ​ និង​ការ​រើសអើង​ចំពោះ​ពួក​គេ​កាន់តែ​ធ្ងន់ធ្ងរ​ នាំ​ឲ្យ​ពួក​គេ​កាន់តែ​ឯកោ​ មិន​ទទួល​បាន​ ឬ​ក៏​ចេញ​មុខ​មក​ទទួលយក​សេវា​ព្យាបាល​ និង​ស្ដារ​នីតិសម្បទា​ ហើយ​កាន់តែ​រង​គ្រោះ​មិន​អាច​វិល​មក​សមាហរណកម្ម​ក្នុង​សង្គម​វិញ​បាន​។​

​លោក​ ឆាយ​ សុផល​ ប្រាប់​ថា​ ក្រម​ប្រតិបត្ដិ​នេះ​ មិនមែន​ជា​ច្បាប់​នោះ​ទេ​ ប៉ុន្ដែ​វា​ជា​ក្រមសីលធម៌​ សម្រាប់​ឲ្យ​អ្នក​សារព័ត៌មាន​ពិចារណា​ពី​ការ​ប្រើប្រាស់​ពាក្យពេចន៍​ និង​ភាសា​ ស្ដី​ពី​អ្នក​រង​ផល​ប៉ះពាល់​ករណី​គ្រឿងញៀន​។​ ក្រម​ប្រតិបត្ដិ​នេះ​ អាច​នឹង​ចេញ​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​២០១៨​នេះ​៕

Share

Image
Image
Image