CCHRថាច្បាប់អាពាហ៍ពិពាហ៍អ្នកស្រលាញ់ភេទដូចគ្នា អាចបង្កើតបានលុះត្រាតែអ្នកស្រលាញ់ភេទដូចគ្នា ធ្វើឱ្យសាធារណៈជនមានការទទួលស្គាល់តម្លៃពួកគេទូលំទូលាយជាងនេះ ខណៈដែលកម្ពុជាបើកចំហចំពោះអ្នកស្រលាញ់ភេទដូចគ្នាច្រើនជាងប្រទេសដទៃ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR បានលើកឡើងថា កម្ពុជាមិនទាន់បានចាប់ផ្ដើមសិក្សាដើម្បីបង្កើតច្បាប់រៀបអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រលាញ់ភេទដូចគ្នានៅឡើយទេ ប៉ុន្តែនៅថ្ងៃខាងមុខកម្ពុជានឹងពិចារណាឱ្យមានកិច្ចការពារផ្លូវច្បាប់ចំពោះអ្នកស្រលាញ់ភេទដូចគ្នា ហើយច្បាប់នេះអាចទៅរួចបានលុះត្រាតែអ្នកស្រលាញ់ភេទដូចគ្នាធ្វើឱ្យសាធារណៈជនមានការទទួលស្គាល់តម្លៃពួកគេទូលំទូលាយជាងនេះ។ នេះជាការលើកឡើងរបស់លោក លឹម បូរិន មន្ត្រីសម្របសម្រួលគម្រោងរបស់ CCHR ដែលបង្ហោះលើហ្វេសប៊ុកមជ្ឈមណ្ឌលសិទ្ធិមនុស្ស ថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ២០២២នេះ។
មន្ដ្រីសិទ្ធិមនុស្សរូបនេះបន្ថែមថា ប្រសិនបើកម្ពុជាពិចារណាបង្កើតច្បាប់ ដែលអនុញ្ញាតឱ្យអ្នកស្រលាញ់ភេទដូចគ្នាអាចរៀបការដោយស្របច្បាប់ នោះនឹងអាចកាត់បន្ថយអត្រានៃការរើសអើងពីសង្គម ហើយពួកគេមានសិទ្ធិដូចមនុស្សទូទៅដែរ។
យ៉ាងណាមិញ លោកបូរិន បញ្ជាក់ថា ការបង្កើតច្បាប់អាពាហ៍ពិពាហ៍សម្រាប់អ្នកស្រលាញ់ភេទដូចគ្នា មិនគួរណារង់ចាំមើលការទទួលស្គាល់ផុសផុលពីសាធារណជនឡើយ វានឹងប៉ះពាល់ប្រយោជន៍ និងឱកាសសម្រាប់អ្នកស្រលាញ់ភេទដូចគ្នា។
លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាការសិទ្ធិមនុស្សកម្ពុជាបានប្រាប់CamboJA ថាទោះកម្ពុជាមិនមានច្បាប់សម្រាប់អ្នកស្រលាញ់ភេទដូចគ្នាអាចរៀបអាពាហ័ពិពាហ៍ក៏ដោយ តែកម្ពុជាបានបើកសិទ្ធិទូលាយឱ្យអ្នកស្រលាញ់ភេទដូចគ្នា ច្រើនជាងប្រទេសដទៃ។ លោកបញ្ជាក់ថា នៅកម្ពុជាមានអ្នកស្រលាញ់ភេទដូចគ្នាជាង១ម៉ឺនគូ ដែលរស់នៅជាមួយគ្នា។
តាមមាត្រា ៣១ នៃរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា បានចែងអំពីសិទ្ធិរស់នៅរបស់ពលរដ្ឋក្នុងសង្គមកម្ពុជាដោយស្មើភាពគ្នា គ្មានការប្រកាន់ពណ៌សម្បុរ ភេទ ជំនឿសាសនា ភាសា ជនជាតិ វណ្ណៈ ឬឋានៈឡើយ ហើយមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ តែមាត្រាមាត្រា៤៥នៃរដ្ឋធម្មនុញ្ញដដែល បានកំណត់អាពាហ៍ពិពាហ៍រវាង ប្ដីមួយ ប្រពន្ធមួយ តែប៉ុណ្ណោះ។
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា CamboJA ថាមាត្រានេះបានផាត់ចេញដៃគូអ្នកស្រលាញ់ភេទដូចគ្នា។ CamboJA ថាកន្លងមកទោះជាមិនមានច្បាប់ហាមឃាត់អាពាហ៍ពិពាហ៍ដៃគូអ្នកស្រលាញ់ភេទដូចគ្នាក៏ដោយ តែក៏មិនមានការចែងណាមួយ ដែលសម្រួលទៅដល់អាពាហ៍ពិពាហ៍ដៃគូអ្នកស្រលាញ់ភេទដូចគ្នាក្នុងច្បាប់កម្ពុជាដែរ៕