en     km
en     km

បុគ្គលិកសមាគមCCFC ១៥នាក់ នឹងចូលបំភ្លឺសវនាការក្នុង«សំណុំរឿងរួមគំនិតក្បត់» របស់លោក ថេង សាវឿន

Share

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC)  កំពុងបង្រៀន និងផ្តល់ជាទីប្រឹលក្សាដល់ប្រជាពលរដ្ឋ។ រូបភាព៖  ហ្វេសប៊ុកលោក ថេង សាវឿន។ 
ភ្នំពេញ៖ បុគ្គលិកសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ចំនួន១៥នាក់នឹងត្រូវចូលខ្លួនទៅឆ្លើយបំភ្លឺនៅសាលាដំបូងខេត្តរតនគិរីក្នុងនាមជាសាក្សីឱ្យ លោកថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៨៖៣០នាទីព្រឹក ក្នុងសំណុំរឿង រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

ក្នុងសំណុំរឿងនេះកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ លោក ថេង សាវឿ ត្រូវបានលោក កែវ ភក្ដី តំណាងអយ្យការអមសាលាដំបូងខេត្តរតនគីរី កោះហៅឱ្យចូលសវនាការនៅសាលាដំបូងខេត្តរតនគីរី នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ជាកំហិត។ បន្ទាប់ពីមានដីការកោះហៅនេះ សមាជិកផ្សេងទៀតនៃCCFC នឹងចូលខ្លួនឆ្លើយបំភ្លឺទាក់ទងទៅនឹងសំណុំរឿងនេះ ដោយ CCFC ចាត់ទុកថាជាការចោទប្រកាន់របស់តុលាការក្រោមបទចោទ« រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។

ការចោទប្រកាន់នេះធ្វើឡើងក្រោយពីសមាគម CCFC បានបញ្ចប់វគ្គសិក្ខាសាលារបស់ខ្លួននៅខេត្តរតនគិរី និងត្រឡប់មកកាន់រាជធានីភ្នំពេញវិញ ហើយត្រូវបានស្នងការនគរបាលខេត្តរតនគិរីសហការជាមួយស្នងការនគរបាលខេត្តក្រចេះបានឃាត់ឡានក្រុងដែលដឹកបុគ្គលិកសមាគម និងគ្រួសារនៅត្រង់ចំនុចក្បែរស្នងការខេត្តក្រចេះនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ក៏ប៉ុន្តែនៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ លោក ថេង សាវឿន និងបុគ្គលិកសមាគមពីររូបទៀត ត្រូវបានសាលាដំបូងខេត្តរតនគីរី សម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយឱ្យស្ថិតក្រោមការត្រួតពិនិត្យ។

កន្លងមក លោកថេង សាវឿន ធ្លាប់ត្រូវបានចាប់ខ្លួនជាពីរម្តងរួចមកហើយ ដោយលើកទីមួយលោក ជាមួយសមាជិកសង្គមស៊ីវិល និងសហគមន៍ដទៃទៀត ត្រូវបានអជ្ញាធរចាប់ខ្លួន កាលពីខែមករា ឆ្នាំ២០១៤ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នៃការបង្ក្រាបយ៉ាងហិង្សាមកលើអ្នកតវ៉ាជាច្រើននៅក្នុងរាជធានីភ្នំពេញ។ តាមរយៈហេតុការណ៍នោះ លោក សាវឿន បានចំណាយពេលក្នុងពន្ធនាគាររយៈពេល៥ ខែ មុនពេលលោកត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ៤ ឆ្នាំ និងព្យួរទោសដែលនៅសល់។ ចំណែកឯលើកទីពីរ នៅថ្ងៃទី១៧ខែឧសភាឆ្នាំ២០២៣ សមត្ថកិច្ចឃាត់ខ្លួនលោក ថេង សាវឿន និងបុគ្គលិក សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC)ចំនួន១៧នាក់។ បន្ទាប់មកសមត្ថកិច្ចបានដោះលែងអ្នកផ្សេងទៀតចំនួន១៤នាក់ ប៉ុន្តែបន្តឃុំខ្លួនលោក ថេង សាវឿន ប្រធានសមាគម លោក ញិលភាព បុគ្គលិកជាន់ខ្ពស់ និងលោក ថាន់ ហាច បុគ្គលិកគម្រោងក្រោមបទចោទ«ញុះញង់បង្កើតឱ្យមានបដិវត្តន៍កសិករដូចរបរអាវខ្មៅ ប៉ុល ពត»។

ជុំវិញបញ្ហានេះ បានធ្វើឱ្យក្រុមកសិករដែលធ្លាប់ធ្វើការជាមួយលោក សមាគមលោក ថេង សាវឿន ប្រឆាំងដាច់ខាតមិនទទួលថាលោក ថេង សាវឿន និងសមាជិកផ្សេងទៀតមិនគួរត្រូវរង់បទចោទទាំងនេះទេ។ ពួគគេអះអាងយ៉ាងច្បាស់ថាប្រធាន និងសមាជិកសមាគមនេះមិនបានប្រព្រឹត្តបទល្មើសអ្វីទេ ផ្ទុយទៅវិញមានតែជួយបង្រៀនបច្ចេកទេស និងបង្កើនការយល់ដឹងបន្ថែមទាក់ទងនឹងកសិកម្មដល់កសិករ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង