en     km
en     km

 មូលហេតុនៃជំងឺញ័រទ្រូង និងវិធីព្យាបាល

Share

 ជំងឺញ័រទ្រូង សំដៅទៅលើភាពមិនប្រក្រតីនៃចង្វាក់បេះដូងដែលត្រូវបានកត់សម្គាល់ដោយការកន្រ្តាក់នៃសាច់ដុំបេះដូងនៅត្រង់ទ្រូង មិនថា ខ្លំាង ញាប់ ឬតាមចង្វាក់ជាធម្មតានោះទេ។ វាមិនអាចទាក់ទងនឹងការថប់អារម្មណ៍ ឬដំណើរការមិនប្រក្រតីនៃបេះដូងនោះទេ ប៉ុន្តែវាអាចជាសញ្ញាមួយបញ្ជាក់អំពីចង្វាក់បេះដូងលោតញាប់ ឬខុសពីធម្មតា ដែលវាអាចលោតឈប់ៗ ឬក្នុងចង្វាក់មិនទៀងទាត់ ហើយបន្តជាប់រហូត។

តើមានមូលហេតុសំខាន់ៗអ្វីខ្លះដែលបណ្តាលឱ្យមនុស្សកើតជំងឺញ័រទ្រូង?

តើលោកអ្នកកើតជំងឺញ័រទ្រូង លោកអ្នកត្រូវធ្វើដូចម្តេចខ្លះ?

ដើម្បីចង់ដឹងកាន់តែច្បាស់ជាបន្តសូមស្តាប់ការធ្វើអធិប្បាយរបស់លោកជួន សារ៉េត ដូចតទៅ!

ជាការពិតណាស់គេសង្កេតឃើញថាមនុស្សមួយចំនួនតែងមានអារម្មណ៍ថាខ្លួនឈឺទ្រូង ឬចុកទ្រូង ឬថប់អារម្មណ៍ជាដើម បន្ទាប់ពីពួកគេប្រទះឃើញហេតុការណ៍ណាមួយដែលប៉ះពាល់ដល់អារម្មណ៍របស់ខ្លួនដូចជា ប្រទះឃើញគ្រោះថ្នាក់ចរាចរណ៍ដែលមានស្នាមឈាមនៅលើអ្នករងគ្រោះ ឬបញ្ហាស្រ្តេសជាដើម។​

តើករណីទំាងនេះពិតជាដើមហេតុដែលបណ្តាលឱ្យមនុស្សញ័រទ្រូងដែរឬទេ?

មុននឹងឈានដល់ការបកស្រាយនេះយើងត្រូវដឹងពីរោគសញ្ញានៃជំងឺញ័រទ្រូងជាមុនសិន។

បើតាមទំព័រហ្វេសប៊ុក Health Time Corporation  បានចុះផ្សាយថា រោគសញ្ញាញ័រទ្រូង គឺនឹងធ្វើឱ្យមនុស្សមានអាការៈវិលមុខ ពិបាកដង្ហើម បែកញើស ឈឺក្បាល ឈឺទ្រូង។ ចំពោះមូលហេតុដែលបណ្តាលឱ្យមនុស្សមានជំងឺញ័រទ្រូងអាចទាក់ទងនឹងបេះដូង។

អាការៈញ័រទ្រូងនេះគឺកើតទ្បើងនៅពេលអ្នកមានអារម្មណ៍បុក ឬកញ្ជ្រោលខ្លំាង ដូចជាការថប់អារម្មណ៍ ភាពរន្ធត់ ភ័យខ្លាច ឬ ស្រ្តេស ដែល ភាគច្រើនកើតមានពេលដែលអ្នកស្លន់ស្លោ។ ការធ្វើលំហាត់ប្រាណដែលប្រើចលនាខ្លំាង ការប្រើប្រាស់ ឬទទួលទានសារធាតុមួយចំនួនដូច ជាជាតិការហ្វេអ៊ីន ជាតិនីកូទីន គ្រឿងស្រវឹង និងឱសថ ឬគ្រឿងញៀនខុសច្បាប់។

ស្ថានភាពជំងឺដូចជា ជំងឺក្រពេញទីរ៉ូអ៊ីត កម្រិតជាតិស្ករក្នុងឈាមទាប កង្វះឈាមក្រហម សម្ពាធឈាមទាប ក្តៅខ្លួន និងកង្វះជាតិទឹកក្នុងខ្លួន។ បម្រែបម្រូលអ័រម៉ូនក្នុងអំទ្បុងពេលមករដូវ ពេលមានផ្ទៃពោះ ឬពេលអស់រដូវ( សម្រាប់ស្រ្តីមានផ្ទៃពោះដែលមានអារការនេះ អាចជាសញ្ញានៃកង្វះគ្រាប់ឈាម)។ ការប្រើប្រាស់ឱសថមួយចំនួនដូចជា ថ្នាំសម្រកទម្ងន់ បញ្ហារំលាយអាហារ។ ការប្រើប្រាស់ថ្នំាផ្តាសាយ ការប្រើប្រាស់ថ្នំាព្យាបាលជំងឺហឺត ឬអ្នកដែលធ្លាប់មានជំងឺគំាងបេះដូងជាដើម។

អាការៈញ័រទ្រូងអាចជាសញ្ញានៃបញ្ហាធ្ងន់ធ្ងរដូចជា ក្រពេញទីរ៉ូអ៊ីតមានសកម្មភាពខ្លំាងតាមរយៈការបញ្ចេញទីរ៉ុកស៊ីនច្រើន ឬចង្វាក់ បេះដូងដើរខុសពីធម្មតា រូមទាំងដំណើរការបេះដូងលោតញាប់ ដំណើរបេះដូងលោតយឺតខុសពីធម្មតា ឬចង្វាក់បេះដូងមិនទៀងទាត់។
លក្ខណៈទូទៅនៃអាការៈញ័រទ្រូង គឺជារឿងតែងតែបណ្តាលមកពីការកន្ត្រាក់មិនប្រក្រតីនៃបេះដូងថតខាងក្រោម ឬថតខាងលើជាមួយនឹងការ បញ្ឈប់ បន្ទាប់ពីការន្រ្តាក់ និងចាប់ផ្តើម វិញម្តងទៀត បន្ទាប់ពីការកន្រ្តាក់។

ការដែលអ្នកមានអារម្មណ៍ថាញ័រទ្រូងខ្លំាង ហើយការញ័រនោះមានលក្ខណទៀងទាត់ នេះបង្ហាញអំពីការកន្រ្តាក់ញាប់ខុសប្រក្រតីនៃបេះដូង ថតខាងក្រោម រួមទាំងបេះដូងលោតញាប់។ ប្រសិនបើការញ័រនោះមានលក្ខណៈមិនទៀងទាត់នោះ បង្ហាញថាមានការកន្រ្តាក់ញាប់ខុសពីធម្មតានៃបេះដូងថតខាងលើ។

រីឯការលោតនៃជីពចរនៅ​ក វិញ គឺកើតទ្បើងនៅពេលដែលបេះដូងថតលើស្តាំកន្រ្តាក់នៅពេលដែលប្រឹសបេះដូងដែលនៅចន្លោះបេះដូងថតខាងលើនិងថតខាងក្រោមស្តាំបិទ។

ដោយទ្បែកបើការញ័រទ្រូងមានអមជាមួយការមមើមមាយ ការន្លប់ ឬចង់សន្លប់ នោះអ្នកអាចមានសម្ពាធឈាមទាប និងអាចចង្វាក់បេះដូងដើរខុសពីធម្មតាអាចគំរាមកំហែងដល់ជីវិតរបស់អ្នកបាន។ ការញ័រទ្រូងក៏អាចកើតមានដោយសារការក្អួត ឬរាគ ដែលវាធ្វើឱ្យមានបញ្ហាបាត់ បង់សារធាតុ អេទ្បិចត្រូលីត ឬបរិមាណឈាមក្នុងខ្លួនថយចុះ។

ការប្រឹងដកដង្ហើមចូលខ្លំាងពេក អារម្មណ៍ស្កៀបនៅដៃ និងការភ័យជាដើម សុទ្ធតែកើតាមនពេលអ្នកមានជំងឺថប់អារម្មណ៍ ឬភ័យស្លន់ស្លោ ហើយទំាងនេះគឺជាមូលហេតុនៃអាការៈញ័រទ្រូង។

តាមប្រភពដដែល អ្នកដែលមានជំងឺញ័រទ្រូងនេះនឹងបង្កឱ្យមានផលវិបាកទៅជា សន្លប់ប្រសិនបើបេះដូងរបស់អ្នកលោតយ៉ាងញាប់ នោះសម្ពាធឈាមរបស់អ្នកអាចធ្លាក់ចុះ ហើយបណ្តាលឱ្យអ្នកសន្លប់បាន។

នេះគឺអាចបណ្តាលមកពីអ្នកមានបញ្ហាបេះដូងដូចជា ការមានជំងឺបេះដូងពីកំណើត ឬបញ្ហាទាក់ទងនឹងប្រឹសបេះដូងណាមួយ។ ជំងឺនេះក៏អាចធ្វើឱ្យអ្នកគាំងបេះដូងផងដែរ តែវាជាករណីកម្រករណីការញ័រទ្រូងដែលបណ្តាលមកពីចង្វាក់បេះដូងលោតខុសប្រក្រតី ហើយបណ្តាល ឱ្យបេះដូងរបស់អ្នកឈប់ដើរ។

លើសពីនេះទៀតនោះជំងឺមួយនេះក៏អាចបណ្តាលឱ្យអ្នកមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាលបានដែរ ប្រសិនបើការញ័រទ្រូងបណ្តាលមកពី Atrial Fibrillation ដែលបេះដូងថតខាងលើរបស់អ្នកញ័រជាជាងច្របាច់ធម្មតា នោះវាអាចបង្កទៅជាកំណកឈាម។

ប្រសិនបើកំណកឈាមនោះដាច់ហើយហូរតាមចរន្តឈាមទៅស្ទះនៅក្នុងសរសៃឈាមខួរក្បាលនោះ វាអាចបណ្តាលឱ្យមានការដាច់សរសៃឈាមក្នុងខួរក្បាលជាដើម។

បើតាមទំព័រហ្វេសប៊ុកដែលមានឈ្មោះថា បន្ទប់ពិគ្រោះព្យាបាល ជំងឺបេះដូង និងសរសៃឈាម លោក វេជ្ជបណ្ឌិតហែន វណ្ណា អ្នកឯកទេសជំងឺបេះដូង និងសរសៃឈាម បានឱ្យដឹងថា គេអាចធ្វើតេស្ត និងរោគវិនិច្ឆ័យការញ័រទ្រូងបានដោយប្រើឧបករណ៍សំខាន់ៗមួយចំនួនដែលមានការបញ្ជក់ពីអ្នកឯកទេសច្បាស់លាស់។

អ្នកឯកទេសរូបនេះឱ្យដឹងដែរថាក្រៅតែពីរកតេស្តវិនិច្ឆ័យពីអ្នកជំនាញហើយនោះ វេជ្ជបណ្ឌិតរូបនេះផ្តល់ជាអនុសាសន៏ថាដើ​ម្បីកាត់បន្ថយអាការៈញ័រទ្រូងនេះ វិធីដែលងាយស្រួលបំផុត គឺកាត់បន្ថយស្រ្តេស ឬថប់អារម្មណ៍។ ករណីនេះអ្នកឯកទេសលើកទ្បើងថាអ្នកជំងឺគួរព្យាយាមប្រើវិធីសាស្រ្ត ការសម្រាកដូចជាការតំាងសមាធិយូហ្គា ឬការដកដង្ហើមជ្រៅឬក្រអូម។

ត្រូវជៀសវាងការប្រើប្រាស់ថ្នំាដែលមានជាតិការហ្វអ៊ីន  ជាតិនីកូទីន ថ្នាំផ្តាសាយមួយចំនួន និងភេសជ្ជៈថាមពល ដែលអាចធ្វើឱ្យប៉ះពាល់ដល់បេះដូងរបស់អ្នក។ ជៀសវាងការប្រើប្រាស់ថ្នំាខុសច្បាប់មួយចំនួនដូចជា កូកាអ៊ីន និងថ្នំាញៀន ដែលអាចធ្វើឱ្យអ្នកញ័រទ្រូង។

ទោះជាយ៉ាងណាក៏ដោយ អ្នកឯកទេសខាងជំងឺបេះដូងផ្តល់ជាអនុសាសន៏ក្នុងករណីកម្រមួយចំនួន ការញ័រទ្រូងអាចជាសញ្ញានៃជំងឺបេះដូងធ្ងន់ធ្ងរ។ ការណ៍នេះប្រសិនបើអ្នកមានការញ័រទ្រូង អ្នកគួរទៅជួបគ្រូពេទ្យ ហើយអ្នកជំងឺគួរស្វែងរកការការព្យាបាលជាបន្ទាន់ ក្នុងករណីអ្នកញ័រទ្រូង ហើយអ្នកធ្លាប់ពិបាកដកដង្ហើម វិលមុខ ឈឺទ្រូង ឬសន្លប់៕

Share

Image
Image
Image