en     km
en     km

តើមូសអង្កាមអាចធ្វើឱ្យមនុស្សកើតជំងឺគ្រុនចាញ់និងគ្រុនឈាមឬទេ?

Share

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ពលរដ្ឋមួយចំនួនបានសង្កេតឃើញមានវត្តមានមូសហើរខាំមនុស្សច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឱ្យកើតជាចម្ងល់ថាតើមូសហេតុអ្វីបានជាមានមូសច្រើនបែបនេះ ខណៈពេលបច្ចុប្បន្នកម្ពុជាកំពុងស្ថិតក្នុងរដូវប្រាំងនៅឡើយ។ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងសុខាភិបាលបានអន្តរាគមន៍ផ្សព្វផ្សាយដល់សាធារណជនគួរប្រុងប្រយ័ត្ន និងបង្ការឱ្យខ្ជាប់ខ្ជួន ជៀសវាងកើតជំងឺគ្រុនឈាម។ ជុំវិញករណីនេះ អ្នកជំនាញថា មូសដែលចេញច្រើននៅរដូវប្រាំងនេះជាប្រភេទមូសអង្កាម និងពុំមែនជាភ្នាក់ងារបង្កជំងឺឆ្លងនោះទេ។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ថា ជានិច្ចកាលមូសអង្កាមនេះច្រើនបង្កបង្កើតកូនចៅបានលឿននិងរហ័សនៅអំឡុងពេលរដូវប្រាំងចន្លោះពីខែវិច្ឆិកា-មេសា ដ្បិតធាតុអាកាសក្នុងរដូវនេះក្តៅ ដែលអាចជួយពន្លឿនកំណើនមូសដែលមានជម្រាកនៅតាមរំហូរប្រព័ន្ធលូបង្ហូរទឹកខ្សោយឬស្ទះដក់ទឹកក្លិនស្អុយ តាមថ្លុកដក់ទឹកស្អុយ ឬវត្ថុដក់ទឹកយូរមានក្លិនស្អុយជាដើម ដែលប្រជាពលរដ្ឋថធ្វេសប្រហែសទុកចោលនៅតាមជ្រុងនៃគេហដ្ឋាន។ ក្នុងនាមជាអ្នកជំនាញធ្វើលើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ពិសេសជំងឺគ្រុនចាញ់ លោកសង្កត់ធ្ងន់ថា បច្ចុប្បន្នកម្ពុជាពុំទាន់រកឃើញការសិក្សាណាមួយដែលបញ្ជាក់ថា មូសអង្កាមជាទីភ្នាក់ងារបង្កជំងឺឆ្លងនៅឡើយ ពោលគឺមូសអង្កាមមិនមានលទ្ធភាពចម្លងជំងឺទៅលើមនុស្សដែលបង្កទៅជាជំងឺគ្រុនឈាម និងគ្រុនចាញ់នោះទេ។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល៖«ទាក់ទងនឹងបញ្ហាមូសនារដូវប្រាំងនេះ ជាទម្លាប់របស់សត្វមូសអង្កាម។ យើងហៅថា សត្វមូសអង្កាមនេះមិនមែន​សត្វមូសខ្លាទេណា៎។ សត្វមូសអង្កាមមិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម គ្រុនឈឺក ឬជំងឺកោសិកានោះទេ។ មូសអង្កាមនេះគឺជាមូសមួយដែលចូលចិត្តបង្កបង្កើតកូនចៅនៅទីទឹកដក់ណាដែលមានក្លិនស្អុយ ​ដូច្នេះទឹកដក់ដែលមានក្លិនស្អុយ យើងដឹងស្រាប់ហើយទឹកដក់មានគ្រប់ទីកន្លែង ដល់ទៅពេលរដូវក្តៅទៅកម្តៅកើនឡើង គឺបានន័យថាមូសហ្នឹងវាបង្កបង្កើតកូនចៅហ្នឹងក៏វាបានលឿនដែរ ហើយម្យ៉ាងវិញទៀតរដូវរំហើយកំហាប់ទឹកស្អុយកើនឡើងខ្លាំង អ៊‌ីចឹងមូសអង្កាមនេះ វាជាឱកាសមួយក្នុងការបង្កបង្កើតកូនចៅរបស់មូស។»។​

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្។ រូ​បភាព៖ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់

 

យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល កត្តាដែលបណ្តាលឱ្យលេចឡើងនូវចំនួនមូសច្រើនក្នុងរដូវប្រាំងនេះអាចបណ្តាលមកពីការប្រែប្រួលអាកាសធាតុ លទ្ធភាពក្នុងការបង្កាត់ពូជ ការកកើតមូស និងបម្លាស់ទីនៃមូស ដែលក្នុងនោះភាគច្រើនជាប្រភេទមូសអង្កាម។​ យ៉ាងណា ក្រសួងក្រើនរំលើកដល់សាធារណជនដែរថា វត្តមានមូសខ្លានៅតែមាន ពិសេសនៅតាមពាង អាង ធុងដាក់ទឹកប្រើប្រាស់ ទឹកថូផ្កា ចានទ្រជើងតុ ទូ ក្រឡ និងពែង ដែលបង្កើតជាប្រភពដក់ទឹក និងជម្រកសត្វមូស។ ជាដំណោះស្រាយ ក្រសួងបានសហការជាមួយក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្ត និងអាជ្ញាធរមូសដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីតាមដានស្ថានភាពជំងឺបង្កដោយមូស និងស្ថានភាពមូស។ នៅក្នុងកិច្ចសហការនេះ អាជ្ញាធរនឹងចាប់ផ្តើមបាញ់ថ្នាំសម្លាប់មូស ផ្សព្វផ្សាយសារអប់រំសុខភាព និងបង្កើតចលនាសហគមន៍ចូលរួមលុបបំបាត់ប្រភពកកើតមូសនារដូវក្តៅនេះ។

សេចក្តីណែនាំក្រើនរំលឹករបស់ក្រសួងសុខាភិបាលចេញផ្សាយថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ (១/២)។ រូបភាព៖ ក្រសួងសុខាភិបាល

 

សេចក្តីណែនាំក្រើនរំលឹករបស់ក្រសួងសុខាភិបាលចេញផ្សាយថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ (២/២)។ រូបភាព៖ ក្រសួងសុខាភិបាល

 

ចំពោះលោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានចែករំលែកវិធីសាស្រ្តមួយចំនួនដែលប្រជាពលរដ្ឋអាចយកទៅអនុវត្តបានដូចជារួមគ្នាកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ ត្រូវពិនិត្យមើលប្រព័ន្ធលូបង្ហូរទឹកមិនមានការស្ទះដែលជាប្រភពអំណោយផលនៃការកកើតមូស ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាតធ្វើអនាម័យផ្ទះសម្បែង ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងលុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះដើម្បីកាត់បន្ថយជម្រកសត្វមូសមកតោងជ្រកជុំជិតខ្លួនជាដើម។ ប្រសិនជាមានករណីរកឃើញរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលរបស់រដ្ឋដូចជានៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតបំផុតជាបន្ទាន់។ បើតាមការបញ្ជាក់នៅក្នុងខ្លឹមសាររបស់ក្រសួងសុខាភិបាល ប្រសិនជាពលរដ្ឋមានជំងឺគ្រុនក្តៅភ្លាមៗ គួរជៀសវាងការព្យាបាលដោយខ្លួនឯង ឬពន្យាពេលតាមដានព្យាបាលជំងឺនៅសេវាឯកជន ដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមគ្រប់គ្រាន់ដែលធ្វើឱ្យខាតបង់ទ្រព្យនិងអាចប៉ះពាល់ដល់អាយុជីវិត។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល៖«ជាការពិតណាស់ទាក់ទងនឹងទី១យើងត្រូវការពារដោយកាត់បន្ថយមូសខាំ។​ កាត់បន្ថយមូសខាំ គឺយើងត្រូវធ្វើយ៉ាងម៉េច? គឹយើងត្រូវនៅក្នុងផ្ទះយើង ត្រូវបើកឱ្យមានពន្លឺចេញចូលឱ្យគ្រប់គ្រាន់ រៀបផ្ទះសម្បែងឱ្យមានអនាម័យល្អស្អាតបាតកុំឱ្យស៊ុកទ្រុប ដែលអំណោយផលដល់មូសចូលទៅស្នាក់នៅ។ ព្រៃកំពតទ្រុពទ្រុលជុំវិញផ្ទះ បើយើងកាប់វាចោល កម្ទេចវាចោលជាការប្រសើរ។ មួយទៀត ជៀសវាងយើងដឹងហើយថាមូសអង្កាមចូលចិត្តខាំនៅក្នុងអំឡុងពេលថ្ងៃរៀបលិចរហូតជាពិសេស​មកទល់យប់រហូតដល់ថ្ងៃរះ។ ដូច្នេះពេលព្រលប់ៗឡើងអីហ្នឹង បើយើងអង្គុយយើងអីជៀសវាងអង្គុយស្ងៀមនៅនឹងមួយកន្លែង នៅកន្លែងដែលងងឹតៗ យើងអាចចូលក្នុងផ្ទះ។ ហើយបើផ្ទះ យើងអាចមានសំណាញ់ក៏​តែល្អ  ឬក៏យើងសម្រាកនៅក្នុងមុង អង្គុយលេងនៅក្នុងមុងជាដើម។ ហើយបើសម្លៀកបំពាក់ យើងគួរតែប្រើសម្លៀកបំពាក់រាងក្រាស់ អាវដៃវែង ខោជើងវែងជាដើម។»។

រូបតំណាងមូសអង្កាម

 

ទន្ទឹមគ្នានេះ ក្រសួងសុខាភិបាលបញ្ជាក់ថា នឹងបន្តជូនដំណឹងអំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈតាមបណ្តាញសង្គមផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh ហើយពលរដ្ឋអាចទាក់ទងលេខទូរសព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល គឺលេខ១១៥ បានដោយឥតគិតថ្លៃ។

សូមជម្រាបថា នៅឆ្នាំ២០២៤ កុមារនិងមនុស្សពេញវ័យបានឆ្លងជំងឺគ្រុនឈាមចំនួន​ ១៨៧៤២ករណី និងស្លាប់សរុបប្រមាណ៤៥នាក់ បើធៀបទៅនឹងឆ្នាំ២០២៣ មានការថយចុះចំនួន ១៦០២០ករណី ឬស្មើនឹង៤៦% ក្នុងចំណោម ៣៤៧៦២ករណី។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ុយ រ៉េកុល។ ជាការសន្និដ្ឋានរបស់លោក ស្ថានភាពជំងឺគ្រុនឈាមឆ្នាំ២០២៤នេះ កំពុងស្ថិតក្នុងស្ថានភាពវិវត្តកម្រិតទាបបំផុតដោយសាររដ្ឋាភិបាលបានចូលរួមយ៉ាងសស្រាក់សស្រាង រីឯប្រជាជនមានការយល់ដឹងច្រើនពីការទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យ យល់ដឹងខ្ពស់ពីវិធានការអនាម័យ និងបរិស្ថាននៅតាមសហគមន៍បានល្អប្រសើរដូចជា សំអាតលំនៅដ្ឋានបានស្អាត លប់បំបាត់ ឬដុតកំទេចចោល ឬទុកដាក់មានរបៀបរាល់វត្ថុដែលអាចដក់ទឹកបានដូចជា សំបកកង់ឡាន សំបកដបកំប៉ុង ត្រឡោកដូង ចានបាយ កំប៉ុងជ័រដែលជាជម្រកនៃការកកើតដង្កូវទឹកជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម៕

រូបភាពតំណាងទឹកដក់នៅជុំវិញបរិវេណផ្ទះដែលអាចនៅតាមទូដាំផ្កា ឬកំប៉ុងដែលឈប់ប្រើជាដើម

Share

ព័ត៌មានទាក់ទង