ក្នុងឱកាសបំពេញបេសកម្មរបស់ខ្លួននៅថ្ងៃទី១៤ ខែមីនានេះ មេដឹកនាំកំពូលៗនៅកម្ពុជាបានលើកឡើងដោយអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានទំនាស់ បើអាចគួរចៀសវាងការប្ដឹងផ្ដល់ដល់តុលាការ ពោលគឺប្រើយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ មេដឹកនាំទាំងនោះរួមមាន សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោក គីម ចាន់ចាវ រាយការណ៍
បើទោះបីជាបំពេញបេសកកម្មផ្សេងពីគ្នា ប៉ុន្តែមេដឹកនាំទាំងពីរបានលើកឡើងនូវសារដូចៗគ្នា ដោយអំពាវនាវដល់អ្នកមានទំនាស់ គួរចាប់យកការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីបានយកវេទិកាជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៤ ខែមីនានេះ បញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋមានរឿងក្ដីក្ដាំអ្វីមួយហើយត្រូវឡើងដល់តុលាការ ច្បាស់ណាស់នឹងមានអ្នកឈ្នះអ្នកចាញ់ គ្មានស្មើឡើយ។ ការសង្កត់ធ្ងន់បែបនេះ ដោយសារកន្លងមកធ្លាប់មានការលើកឡើងថា តុលាការមិនយុត្ដិធម៌ក្រោយចាញ់ក្ដី។ ដូច្នេះជាការល្អ ប្រមុខរដ្ឋាភិបាលអំពាវនាវ សូមឱ្យដោះស្រាយជាមួយគ្នាដោយយុទ្ធសាស្ដ្រឈ្នះៗក្រៅប្រព័ន្ធតុលាការ តែបើមានរឿងឡើងដល់តុលាការហើយចាញ់ក្ដី សម្តេចសុំកុំឱ្យជេរនាយករដ្ឋមន្ត្រី ព្រោះលោកមិនមែនជាអ្នកគ្រប់គ្រងតុលាការឡើយ។
«យូរៗទៅមកជេរហ៊ុន សែនវិញ អំណាចតុលាការជាអំណាចមួយផ្សេង។ ពេលដែលតុលាការកាត់ក្ដីឱ្យចាញ់កុំឱ្យជេរហ៊ុន សែន ព្រោះខ្ញុំអត់បានគ្រប់គ្រងតុលាការទេ។ ចឹងប្រជាពលរដ្ឋអ្នកឈ្នះគឹតែងថាតុលាការយុត្តិធម៌ ប៉ុន្តែអ្នកចាញ់ថាតុលាការអយុត្តិធម៌។ ប៉ុន្តែតែឡើងចូលតុលាការហើយ គឺមានឈ្នះហើយនិងចាញ់អត់មានស្មើទេ»។
ចំណែកនៅឯស្រុកពារាំង ខេត្តព្រៃវែង ក្នុងថ្ងៃដដែលនេះ សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងណែនាំដល់អាជ្ញាធរ និងមន្ត្រីដែលពាក់ព័ន្ធទាំងអស់ ក្នុងឱកាសបញ្ចុះខណ្ឌសីមា ឆ្លងព្រះវិហារក្នុងវត្តមេលប់ ត្រូវព្យាយាមដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការឲ្យបានច្រើន តាមដែលអាចធ្វើបាន ព្រោះថា ការដោះស្រាយក្រៅប្រព័ន្ធតុលាការ គឺមានសារៈប្រយោជន៍ច្រើនណាស់ សម្រាបប្រជាពលរដ្ឋ ចំណេញពេលវេលាជាដើម។
នៅមុនរដូវកាលបោះឆ្នោតនេះ អនុប្រធានគណបក្សកាន់អំណាច ក៏បានជំរុញឲ្យរដ្ឋបាលស្រុកបង្កើតវេទិកាសាធារណៈ ដើម្បីស្តាប់អំពីតម្រូវការ បញ្ហាប្រឈម នានារបស់ប្រជាពលរដ្ឋ យកមកធ្វើការដោះស្រាយ ឱ្យបានទាន់ពេលវេលា៕