ថ្មីៗនេះខេត្តសៀមរាបមានព័ត៌មានលេចឡើងអំពីក្រុមហ៊ុនចិនចំនួនជាង២០បម្រុងដាក់ទុនវិនិយោគលើវិស័យទេសចរណ៍ដើម្បីពង្រឹងនិងពង្រីកសក្ដានុពលទេសចរណ៍នៃខេត្តមួយនេះ។
ស្របពេលនេះ រាជរដ្ឋាភិបាល បានបង្កើតគោលនយោបាយ China Policy Ready គឺសំដៅ ស្រូបយក អ្នកទេសចរណ៍ចិន។ តែសម្រាប់មគ្គុទេសទេសចរណ៍ខ្មែរមានការព្រួយបារម្ភអំពីគោលនយោបាយមួយនេះ ថា ថយចុះភ្ញៀវបស្ចឹមប្រទេស។ តែអ្នកនាំពាក្យក្រសួងទេសចរណ៍ អះអាងថាំគោលនយោបាយ China Ready មិនអាចប៉ះពាល់ទេសចរណ៍ណាទាំងអស់។
កញ្ញា ឆោម ពៅនិកា រាយការណ៍ព័ត៌មាននេះ៖
មានឈរ មានអង្គុយលើថ្មពីមុខប្រាង្គបាកាននៃប្រាសាទអង្គរវត្ត គឺមគ្គុទេសក៍ទេសចរជាច្រើននាក់កំពុងពិភាក្សាគ្នារឿងដើរTourស្របពេលដែលភ្ញៀវរបស់ពួកគេបានឡើងទៅប្រាង្គនោះ។ក្នុងពេលជាមួយគ្នានេះ មគ្គុទេសក៍ទេសចរមួយចំនួននាំគ្នាវិភាគដោយបារម្ភអំពីគោលនយោបាយថ្មីមួយរបស់រាជរដ្ឋាភិបាល ទោះរាជរដ្ឋាភិបាលបានដាក់ជំនឿទុកចិត្តថាវានឹង ក្លាយជាឱកាសមាសសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។គោលនយោបាយនោះគឺ China Ready។
លោករដ្ឋមន្រ្ដីក្រសួងទេសចរណ៍ ថោង ខុន បានលើកឡើងកន្លងមកថា ការអនុវត្តគោលនយោបាយ «China Ready» សម្រាប់ទេសចរណ៍កម្ពុជា គឺជាកាលានុវត្តភាពមាសសម្រាប់ការអភិវឌ្ឍ វិស័យទេសចរណ៍កម្ពុជា ក្នុងបរិបទនៃការអនុវត្តគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងវិថី»។
ក្រសួងទេសចរណ៍កម្ពុជាជឿជាក់ថា ទីផ្សារចិនត្រូវបានមើលឃើញថាជាប្រភពលំហូរចេញ (Outbound) ដែលមានកំណើនខ្លាំងជាងគេនៅក្នុងតំបន់ និងសកលលោក។ក្រសួងក៏ធ្លាប់បានគូសបញ្ជាក់ឱ្យដឹងថា អង្គការទេសចរណ៍ពិភពលោក (UNTWO) បានផ្តល់អនុសាសន៍ឲ្យបណ្តាប្រទេសជាសមាជិករបស់ខ្លួន រៀបចំលក្ខណៈសម្បត្តិក្នុងការត្រៀម ទទួលស្វាគមន៍ភ្ញៀវទេសចរចិន (China-Ready)។
តែមិនដូច្នេះទាំងស្រុងនោះទេ មគ្គុទេសក៍ទេសចរម្នាក់នៅតំបន់អង្គរ គឺលោក កុសលនិងមគ្គុទេសក៍ទេសចរជាច្រើនទៀតស្រាប់តែសម្ដែងការព្រួយបារម្ភជាខ្លាំងលើរឿងនេះ។
ជាដំបូងលោកបានប្រាប់វិទ្យុស្រ្ដីអំពីអត្តចរិតរបស់ភ្ញៀវទេសចរចិនដែលបង្កឱ្យមានការអាក់អន់ចិត្តពីភ្ញៀវទេសចរមកពីប៉ែកអឺរ៉ុប។
សំឡេង លោកកុសល—–
ស្ទើរតែមិនខុសគ្នាប៉ុន្មានទេ លោក ខៀវធីដែលជាប្រធានសមាគមមគ្គុទេសក៍ទេសចរតំបន់អង្គរ និង ជាអ្នកនាំភ្ញៀវទេសចរមួយរូបដែរ លោកបានផ្ដល់អំណះអំណាងជាក់ស្ដែងពីចិននៅខេត្តជាប់ឆ្នេរកម្ពុជា ខេត្តព្រះសីហនុ។
សំឡេង លោកខៀវធី—–
ទាំងមិនមានការសាទរលើគោលនយោបាយរបស់រាជរដ្ឋាភិបាលមគ្គុទេសចរណ៍រំលេចអំពីការបង់ប្រយោជន៍ថែមទៀតចំពោះកំណើនទេសចរជនជាតិចិន និង តំហយចុះនៃទេសចរជនបរទេសនៃប្រទេសផ្សេងទៀត។ដោយផ្អែកលើតួលេខដើមខែមករាឆ្នាំ២០១៩របស់ក្រសួងទេសចរណ៍បង្ហាញថាចំនួនភ្ញៀវទេសចរមកកាន់កម្ពុជាក្នុងឆ្នាំ២០១៨ មានការកើនឡើង១១ភាគរយគឺស្មើនឹង៦លាន២សែននាក់ ក្នុងនោះភ្ញៀវចិនមាន៣០ភាគរយ ខណៈភ្ញៀវទេសចរចិនមានកំណើន៧០ភាគរយ ហើយក្នុងរង្វង់ខែជាមួយគ្នានោះចំនួនភ្ញៀវទេសចរណ៍ពីអឺរ៉ុបនិងអាមេរិកមានការធ្លាក់ចុះចំនួន ៤និង៥ភាគរយ ក្នុងឆ្នាំ២០១៨ នេះ។
មគ្គុទេសក៍ទេសចរ កុសល បន្ដនិយាយរៀបរាប់អំពីភាពជាក់ស្ដែងអំពីអ្វីដែលលោកអះអាងថា ប្រជាពលរដ្ឋកម្ពុជាហាក់មិនចំណេញនៃចំណូលថវិកាពីហៅប៉ាវភ្ញៀវទេសចរចិននោះទេ។
សំឡេងលោកកុសលទី២—
យ៉ាងដូច្នេះហើយ លោក ខៀវធី តាមរយៈវិទ្យុស្រ្ដីបានអំពាវនាវឱ្យរដ្ឋាភិបាល ធ្វើការពិចារណាឱ្យបានម៉ត់ចត់អំពីការអនុវត្តគោលនយោបាយមួយនេះព្រោះថាមិនត្រូវវាអាចធ្វើអោយវិស័យទេសចរណ៍ជាតិជួបផលវិបាក។ លោកខៀវធី រំពឹងថានឹងមានការអនុវត្តគោលនយោបាយ International Ready ហើយនោះនឹងជារឿងប្រសើរ និងសង្ឃឹមថាចិនអាចវិនិយោគទៅរកទិស ដៅផ្សេងៗដូចជាអគ្គិសនី កសិកម្មជាអាទិ៍សម្រាប់ខេត្តនេះវិញ។
សំឡេងលោកខៀវធី០២–
សូមបញ្ជាក់ថា គោលនយោបាយChina Ready គឺស្ថិតក្នុងបរិបទនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និង វិថី” របស់ប្រទេសចិន។ រដ្ឋាភិបាលថាគោលនយោបាយនេះនឹងរួមចំណែក ធ្វើឲ្យវិស័យទេសចរណ៍កម្ពុជា កាន់តែរីក ចម្រើន អាចសម្រេចនូវផែនការទាក់ទាញភ្ញៀវទេសចរចិនបាន២លាន នាក់នៅក្នុងឆ្នាំ២០២០ ខាងមុខ ។តែក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុន Ronghui Fujian Group Co.,Ltd មកពីសាធារណរដ្ឋប្រជាមានិតចិន ចង់វិនិយោគទ្វេភាគីជាមួយខេត្តសៀមរាប ដើម្បីធ្វើជាដៃគូរក្នុងវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយបានផ្តោតសំខាន់ទៅលើវិស័យទេសចរណ៍ និងការផលិតថាមពលអគ្គិសនី ដោយយកសំរាមធ្វើជាថាមពល ក្នុងនោះ ១តោនសំរាមអាចផលិតថាមពលបាន ១៥០គីឡូវ៉ាត ។ក្រុមហ៊ុនដដែលនេះក៏បាន សម្លឹងឃើញ វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប មានការរីកចម្រើនច្រើន តែនៅមិនទាន់មានការអភិវឌ្ឍន៍ឥតខ្ចោះនៅឡើយ។ទន្ទឹមគ្នានេះដែរ ក៏មានអ្នករកស៊ីចិនប្រមាណជាង ២០០០នាក់ ហាក់ចង់វិនិយោគលើវិស័យទេសចរ នៅកម្ពុជា៕