ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារកម្ពុជាបញ្ជាក់ថា ភាគីថៃនឹងអាចលើកលែងការបង់ថ្លៃសេវាទិដ្ឋាការចេញចូលប្រទេសថៃ ក្រោយពលករខ្មែរវិលត្រឡប់ពីលេងបុណ្យចូលឆ្នាំថ្មីនៅស្រុកកំណើតវិញ។ ការបញ្ជាក់នេះ បន្ទាប់ពីសារព័ត៌មានប្រទេសថៃបានចុះផ្សាយថា រដ្ឋមន្ត្រីក្រសួងការងារថៃ ជូនដំណឹងដល់ពលករបរទេសសញ្ជាតិកម្ពុជា មីយ៉ានម៉ា និង ឡាវ ដែលធ្វើដំណើរវិលត្រឡប់ទៅផ្ទះក្នុងឱកាសបុណ្យសង្ក្រាន្តនាពេលខាងមុខនេះ គឺមិនចាំបាច់បង់ថ្លៃសុំការអនុញ្ញាតពេលត្រឡប់មកធ្វើការងារនៅក្នុងប្រទេសថៃវិញនោះទេ។
លោក កែវ សុខា ជូនសេចក្តីរាយការណ៍ពីព័ត៌មាននេះ
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារកម្ពុជាចាត់ទុកដំណឹងនៃការលើកលែងទិដ្ឋាការចេញចូលក្នុងប្រទេសថៃសម្រាប់ពលករខ្មែរអំឡុងពេលបុណ្យចូលឆ្នាំថ្មីខាងមុខនេះ គឺជាលទ្ធផលផ្លែផ្កានៃកិច្ចអន្តរាគមន៍របស់រដ្ឋមន្រ្តីក្រសួងការងារកម្ពុជា ដែលបានស្នើសុំទៅកាន់រដ្ឋមន្រ្តីក្រសួងការងារថៃ អំឡុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីក្រសួងការងារប្រទេសអាស៊ានកាលពីពេលកន្លងទៅនៅសឹង្ហបុរី។ អ្នកនាំពាក្យក្រសួងការងារទៀតបញ្ជាក់ថា ការអនុគ្រោះសម្រាប់ពលករកម្ពុជាធ្វើការស្របច្បាប់នៅប្រទេសថៃនេះ គឺអាចចាប់ផ្តើមអនុវត្តពីថ្ងៃទី០១ ខែមេសា ដល់ទី១៥ ខែឧសភា ឆ្នាំ២០២៥ខាងមុខ។តែយ៉ាងណាលោកថា ការអនុគ្រោះលើកលែងសេវាទិដ្ឋាការនេះភាគីថៃពុំទាន់សម្រេចជាផ្លូវការនៅឡើយទេ ដោយរង់ចាំការសម្រេចពីគណៈរដ្ឋមន្រ្តីថៃជាមុនសិន។
រូបភាពពីហ្វេសប៊ុកសង់ត្រាល់។
អ្វីកាន់តែពិសេសសម្រាប់ពលករស្របច្បាប់ខ្មែរដែលធ្វើការនៅប្រទេសថៃឆ្នាំនេះ បើតាមលោក កត្តា អ៊ន គឺមន្រ្តីពាក់ព័ន្ធនឹងជួយអន្តរាគមន៍ដឹកបងប្អូនពលករទៅកាន់ស្រុកកំណើតដោយឥតគិតថ្លៃផងដែរ។
លោក កត្តា អ៊ន៖«ឆ្នាំនេះក៏ដូចឆ្នាំមុនៗដែរ ក្រសួងការងារ និងភាគីស្ថាប័នពាក់ព័ន្ធទាំងអស់នឹងសហការគ្នាពិសេសខាងអន្តោប្រវេសន៍កម្ពុជាក្នុងការសម្របសម្រួល ធ្វើយ៉ាងណាឱ្យបងប្អូនពលករយើងធ្វើការចេញចូលប្រកបដោយសណ្តាប់ធ្នាប់ ជៀសវាងការកក់ស្ទះ។ ហើយទន្ទឹមនោះយើងក៏ត្រៀមរៀបចំរថយន្តសម្រាប់ដឹកបងប្អូនទៅស្រុកកំណើត និងការផ្តល់ជូនទឹកសម្រាប់បរិភោគអំឡុងពេលរង់ចាំទិដ្ឋាការ»។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារកម្ពុជា។រូបភាពពីAKP
សម្រាប់អ្នកនាំពាក្យក្រសួងការងារកម្ពុជា ការអនុគ្រោះពីភាគីថៃនេះអាចសរបញ្ជាក់បានពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសកម្ពុជា និងប្រទេសថៃ និងជាផលល្អសម្រាប់ពលករកម្ពុជាដែលមិនចាំបាច់ចំណាយថវិកាពេលឆ្លងចេញចូលតាមកាលបរិច្ឆេទដែលបានកំណត់។ ចំពោះមុខនេះលោកស្នើសុំដល់ពលករខ្មែរទាំងអស់រក្សាសណ្តាប់ធ្នាប់និងបំពេញបែបបទឱ្យបានត្រឹមត្រូវ។
លោក កត្តា អ៊ន៖«ខ្ញុំយល់ថា នេះជាចំណុចល្អណាស់ក្នុងទំនាក់ទំនងការទូតរវាងកម្ពុជានិងថៃ ជាពិសេសការយកចិត្តទុកដាក់លើពលករដែលធ្វើការនៅប្រទេសថៃ ក៏ដូចជាចេញចូលឆ្លងដែនកម្ពុជាថៃ នាអំឡុងបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ខ្ញុំក៏សូមអំពាវនាវដល់ពលករខ្មែរសុំចេញចូលប្រទេសកម្ពុជានិងថៃប្រកបដោយសុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសុំធានាការបំពេញបែបបទឱ្យបានត្រឹមត្រូវនៃការចេញចូលខាងមុខនេះ»។
កិច្ចប្រជុំរបស់មន្រ្តីថៃទាក់ទងករណីនេះ។រូបភាពពីសារព័ត៌មានថៃ
សូមបញ្ជាក់ថា នៅថ្ងៃទី១២ ខែមីនានេះ សារព័ត៌មានថៃបានចុះផ្សាយពីការអនុគ្រោះដល់ពលករបរទេសសញ្ជាតិកម្ពុជា មីយ៉ានម៉ា និង ឡាវ ក្នុងការធ្វើដំណើរវិលត្រឡប់ទៅផ្ទះក្នុងឱកាសបុណ្យសង្ក្រាន្តនាពេលខាងមុខនេះ ដោយមិនចាំបាច់បង់ថ្លៃសេវាទិដ្ឋាកាចេញចូលចាប់ពីថ្ងៃទី១ មេសា ដល់ ១៥ ឧសភា ២០២៥។
ក្រសួងការងារថៃ បញ្ជាក់ថាដំណោះស្រាយនេះ ជាការគាំទ្រទំនាក់ទំនងការងាររវាងប្រទេសថៃ និងប្រទេសជិតខាង រួមទាំងកាត់បន្ថយបន្ទុកចំណាយសម្រាប់ពលករចំណាកស្រុកនាឱកាសទៅលេងស្រុកកំណើត។
សម្រាប់ប្រទេសថៃ ពលករចំណាកស្រុកគឺជាកម្លាំងដ៏សំខាន់សម្រាប់សេដ្ឋកិច្ចថៃ។ ដូច្នេះការលើកលែងនេះ ត្រូវបានចាត់ទុកថា ជាការផ្តល់សិទ្ធិ និងអត្ថប្រយោជន៍សមស្រប ម្លោះហើយពលករអាចត្រឡប់ទៅធ្វើការក្នុងប្រទេសថៃវិញ ប្រកប ដោយសីលធម៌កាន់តែប្រសើរ៕