ដើម្បីរំលឹកទៅដល់ថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ អង្គការលីកាដូបានចងក្រងនូវរឿងរ៉ាវរបស់សកម្មជននយោបាយ សកម្មជនសហជីព សិស្សនិស្សិត សកម្មជនការពារបរិស្ថាន និងពលរដ្ឋមួយចំនួនទៀតដែលតស៊ូមតិទាមទារសិទ្ធិសេរីភាព និងស្វែងរកដំណោះស្រាយសម្រាប់បញ្ហាសង្គមសម្រាប់ឆ្នាំ២០២៤។ នៅក្នុងកំណត់ត្រានោះ អង្គការលីកាដូបានបង្ហាញថា អ្នកជាប់ឃុំខ្លួនចំនួន ១០២នាក់ សុទ្ធសឹងប្រើសិទ្ធិសេរីភាពជាមូលដ្ឋានក្នុងការបញ្ចេញមតិជាសាធារណៈ ខណៈជនមួយចំនួនត្រូវគេបង្ខំឱ្យសុំទោស ដើម្បីជាថ្នូរប្តូរនឹងសេរីភាពក្រៅពន្ធនាគារ។តែសម្រាប់អ្នកនាំគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាច្រានចោលនូវអ្វីដែលអង្គការមួយនេះបានរកឃើញ ថាជាករណីមិនពិតព្រោះគ្មានមូលដ្ឋានច្បាស់លាស់។
(កញ្ញា កែវ សុជាតា រាយការណ៍)
ជុំវិញកំណត់ត្រាបញ្ហាសិទ្ធិមនុស្សឆ្នាំ២០២៤ដែលអង្គការលីកាដូបានចងក្រងនេះ លោក ស្រ៊ាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តបដោយមិនយល់ស្របចំពោះការលើកឡើងរបស់អង្គការសិទ្ធិមនុស្សមួយនេះឡើយដែលអះអាងចាត់ទុកអ្នកជាប់ឃុំប្រមាណ ១០២នាក់ ត្រូវជាប់ឃុំក្រោមហេតុផលប្រើប្រាស់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ខ្លួន។ លោកបដិសេធទៅលើការលើកឡើងដូច្នោះ ដោយហេតុថា មានជនមួយចំនួនបានប្រើប្រាស់និងអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ខ្លួនហួសព្រំដែន ដែលជាហេតុធ្វើឱ្យពួកគេត្រូវរងនឹងការដាក់ទោសទណ្ឌពីនិតិវិធីផ្លូវច្បាប់។
រូបភាពស្នើឱ្យតុលាការដោះលែងសកម្មជនការពារបរិស្ថាននិងសកម្មជនសិទ្ធិមនុស្ស។ រូបភាព៖ អង្គការលីកាដូ
ជាងនេះ លោកក៏បានច្រានចោលជុំវិញការរាយការណ៍ដែលថា សកម្មជនមួយចំនួនជាប់ឃុំនៅក្នុងពន្ធនាគារ ត្រូវបានគេបង្ខំឱ្យចេញមុខសុំទោសជាសាធារណៈ ដោយមានជាលាយលក្ខណ៍អក្សរចុះកិច្ចសន្យាទទួលស្គាល់កំហុស និងថតវីដេអូសុំទោសជាសាធាណៈ ដើម្បីដោះដូរជាមួយសេរីភាពនៅក្រៅឃុំ។ តាមបទពិសោធរបស់លោកកន្លងមក លោកបញ្ជាក់ថា លោកពុំដែលជួបប្រទះនូវករណីដែលមានមន្រ្តី ឬជនណាម្នាក់ហ៊ានបង្ខិតបង្ខំ ញុះញង់ ឬបញ្ចុះបញ្ចូលឱ្យសកម្មជននយោបាយដែលមានទោសជាប់ពន្ធនាគារ សារភាពទោសកំហុសដោយក្បត់នឹងមនសិការបស់ពួកគេនោះទេ ពោលគឺពួកគេទទួលស្គាល់ទោសកំហុសដោយខ្លួនឯងមិនមានការគំរាមកំហែងអ្វីឡើយ។
លោក ស្រ៊ាង ចិន្តា៖«ចង់ជម្រាបជូនថាអ៊ីចេះ ការណ៍ដែលកំណត់ហេតុហ្នឹងគាត់លើកឡើងថា មានមនុស្សមួយចំនួនជាប់ពន្ធនាគារដោយសារការប្រើប្រាស់សិទ្ធិសេរីភាពជាមូលដ្ឋានហ្នឹង ការលើកឡើងនេះគឺវាមិនត្រឹមត្រូវនោះទេ ព្រោះយើងដឹងហើយថារាល់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់មនុស្សទាំងអស់ សុទ្ធតែមានព្រំដែន។ អ៊ីចឹងព្រំដែនគឺកំណត់ដោយច្បាប់ អ៊ីចឹងកាលណាដែលយើងប្រើប្រាស់សិទ្ធិសេរីភាពជាមូលដ្ឋានហួសព្រំដែនដែលច្បាប់បានប្រគល់ឱ្យ ជាធម្មតាគឺយើងត្រូវតែប្រឈមមុខនឹងការអនុវត្តច្បាប់វិញហើយ។ ហើយខ្ញុំសុំជម្រាបជូនផងដែរថា នៅក្នុងកំណត់ហេតុហ្នឹងក៏មានការលើកឡើងថា មានអ្នកជាប់ឃុំមួយចំនួនត្រូវបានបង្ខិតបង្ខំឱ្យមានការសារភាពទទួលកំហុស ធ្វើកិច្ចសន្យាអីជាដើម។ ការលើកឡើងនេះ ក៏ជារឿងមិនត្រឹមត្រូវមួយដែរ ហើយជម្រាបជូនថា ការលើកឡើងបែបនេះក៏ជារឿងមួយដែលនិយាយបានថា អយុត្តិធម៌ហើយក៏ជាការចោទប្រកាន់ទៅលើអាជ្ញាធរពាក់ព័ន្ធនោះដែរ។ ហើយទន្ទឹមនឹងការលើកឡើងបែបនេះ ក៏ជាចំណុចមួយដែលយើងនិយាយថាជាការមិនឱ្យតម្លៃទៅដល់បុគ្គលទាំងឡាយដែលគាត់មានមនសិការ ចេះភ្ញាក់រឭក ចេះដឹងខ្លួន។»។
លោក ស្រ៊ាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
សូមបញ្ជាក់ថា ការឆ្លើយរបស់មន្រ្តីសិទ្ធិមនុស្សកម្ពុជានេះ នៅបន្ទាប់ពីអង្គការលីកាដូបានបង្ហាញកំណត់ត្រាបញ្ហាសិទ្ធិមនុស្សមួយមានចំណងជើងថា «ឆ្នាំ២០២៤៖ រឿងរ៉ាវនៃការចាប់ខ្លួនរបស់សកម្មជនមួយចំនួននៅកម្ពុជា»។ កំណត់ត្រាថ្មីសម្រាប់រយៈពេញមួយឆ្នាំនេះ ជាការចងក្រងទិន្នន័យមួយរបស់អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ដែលឆ្លុះបញ្ចាំងពីសាច់រឿងរបស់សកម្មជននានា ថាតើពួកគេបានឆ្លងកាត់បញ្ហាប្រឈមអ្វីខ្លះនៅអំឡុងពេលតស៊ូមតិទាមទារសិទ្ធិសេរីភាព។
កំណត់ត្រានេះ ផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ គឺនៅក្រោយមួយថ្ងៃនៃទិវាមនុស្សអន្តរជាតិ១០ធ្នូ។ ថ្វីបើកំណត់ត្រានេះមិនអាចចងក្រងព័ត៌មានពិស្តាររបស់បុគ្គលទាំងអស់ដែលត្រូវបានឃុំខ្លួននៅទូទាំងប្រទេសក៏ពិតមែន តែកំណត់ត្រានេះបានបង្ហាញតួលេខ និងវីរភាពនៃការតស៊ូមតិទាមទារសិទ្ធិសេរីភាពពីសំណាក់សកម្មជននយោបាយ សកម្មជនសហជីព សិស្សនិស្សិត សកម្មជនការពារបរិស្ថាន និងពលរដ្ឋសាមញ្ញដទៃទៀត។
លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីថា ការដកស្រង់ចងក្រងនេះធ្វើឡើងក្នុងគោលបំណងកត់ត្រាទុកនូវចំនួនមនុស្សដែលអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ខ្លួន ដោយរួមបញ្ចូលទាំងសាច់រឿងរបស់បុគ្គលសកម្មជនម្នាក់ៗ ការចោទប្រកាន់របស់តុលាការ កាលបរិច្ឆេទនៃការចាប់ឃុំខ្លួន និងការសម្រេចក្តីរបស់តុលាការជាដើម។ ក្នុងនាមលោកជាអ្នកធ្វើការទៅលើបញ្ហាសង្គមពិសេសលើករណីសិទ្ធិមនុស្សនៅកម្ពុជា លោកមិនមានអ្វីឆ្លើយតបនឹងការបដិសេធរបស់អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាទៅលើកំណត់ត្រារបស់អង្គការលីកាដូនោះឡើយ ដ្បិតលោកយល់ថាស្ថាប័នផ្សេងៗឬមនុស្សរមែងមានទស្សនៈនិងមតិយោបល់ខុសៗគ្នា។ អ្វីដែលលោកចង់ឱ្យអ្នកពាក់ព័ន្ធ ក៏ដូចជាអ្នកដែលធ្វើការទៅលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា គឺពិនិត្យមើលឡើងវិញ និងបែងចែកឱ្យដាច់រវាងអ្វីជាការប្រើប្រាស់សិទ្ធិសេរីភាពជាមូលដ្ឋាន និងការអនុវត្តខុសច្បាប់ ដើម្បីកុំឱ្យប៉ះពាល់ទៅដល់ការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។
លោក អំ សំអាត៖«ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនមានអ្វីឆ្លើយឆ្លងទេ អ្វីដែលអង្គការលីកាដូធ្វើនេះគឺយើងដកស្រង់និងធ្វើកំណត់ត្រាតែទៅលើចំនួនមនុស្សដែលយើងគិតថា ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់គាត់ដែលជាការប្រើប្រាស់ ហើយកន្លងមកក៏មានការរិះគន់ច្រើនដែរទៅលើបញ្ហាទាំងអស់នេះ។ អ្វីដែលអង្គការលីកាដូធ្វើកំណត់ត្រានេះ គឺចង់បញ្ជាក់ហើយយើងបានលម្អិតនូវរឿងរបស់បុគ្គលមួយៗដែលត្រូវបានចាប់ខ្លួន ការចោទប្រកាន់ និងការកាត់ទោស និងការដោះលែង ដែលបានប្រាប់ក្នុងហ្នឹងជាស្រេចរួចទៅហើយ។ អ៊ីចឹងអ្វីដែលយើងចង់ឃើញហ្នឹង គឺចង់ឃើញថាធ្វើយ៉ាងណាគឺកម្ពុជាមានការពិចារណាទៅលើថាអ្វីជាការប្រើប្រាស់សិទ្ធិជាមូលដ្ឋាន អ្វីជាការអនុវត្តខុសច្បាប់ ដើម្បីជៀសវាងកុំឱ្យប៉ះពាល់ទៅដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ ហើយនាំឱ្យមានការរិះគន់កែលម្អសេរីភាពជាមូលដ្ឋាន ឬកែលម្អសេរីភាពស៊ីវិលត្រូវបានរួមតូច។»។
លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ។
យ៉ាងណា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សំណូមពរឱ្យអង្គការសង្គមស៊ីវិលទាំងអស់ផ្ទៀងផ្ទាត់របាយការណ៍និងទិន្នន័យសរុបលទ្ធផលនានាជាមួយនឹងភាគីពាក់ព័ន្ធជាមុនសិន មុនផ្សព្វផ្សាយជាសាធារណៈ ដ្បិតការផ្សព្វផ្សាយពីមួយជ្រុងពុំសូវមានតម្លាភាព និងអាចធ្វើឱ្យមានការភ័ន្តច្រឡំដោយប្រការណាមួយ។
លោក ស្រ៊ាង ចិន្តា៖«ខ្ញុំលើកឡើងវិញនូវសំណូមពរចំពោះអង្គការសង្គមស៊ីវិលដែលគាត់តែងតែចេញរបាយការណ៍ធ្វើសេចក្តីសន្និដ្ឋានអំពីស្ថានភាពជារួមហ្នឹង សូមមេត្តាយើងជជែកគ្នាទៅ ជជែកគ្នាជាមួយភាគីពាក់ព័ន្ធទៅ ដើម្បីឱ្យរបាយការណ៍មានលក្ខណៈល្អប្រសើរហើយវាចូលរួមចំណែកក្នុងការជួយដល់សង្គមជាតិរបស់យើង។ បើយើងចេះតែស្តាប់ព័ត៌មានមួយជ្រុងមួយចំណុចហើយយើងធ្វើសេចក្តីសន្និដ្ឋានជារួមណាមួយនោះ គឺវាមិនត្រឹមត្រូវ។ ហើយករណីនេះជាមូលហេតុដែលគេតែងតែនិយាយថាភាគីរដ្ឋាភិបាលតែងតែច្រានចោលនូវរបាយការណ៍របស់អង្គការសង្គមស៊ីវិល ដោយសាររឿងវាអ៊ីចឹង ដោយគាត់លើកតែមួយជ្រុងមួយចំណែក។»។
ជាការកត់សម្គាល់ក្នុងកំណត់ត្រាខាងលើបង្ហាញថា អ្នកជាប់ឃុំខ្លួនក្នុងឆ្នាំ២០២៤នេះ មានចំនួន ១០២នាក់។ ក្នុងនោះមានមនុស្សចំនួន ៤៥នាក់ត្រូវបានដោះលែង និង៥៧នាក់ផ្សេងទៀតបន្តនៅក្នុងពន្ធនាគារ ដើម្បីអនុវត្តទោស និងកំពុងឃុំខ្លួនបណ្តោះអាសន្ន។ ក្រៅពីការកើនឡើងដ៏គួរឱ្យព្រួយបារម្ភនៃចំនួនករណីចាប់ខ្លូនពីកំណត់ត្រារបស់អង្គការលីកាដូ សាលាដំបូងនិងស្ថាប័នអយ្យការខេត្តបានចាប់ផ្តើមប្រើប្រាស់មាត្រា ៨៨ នៃក្រមព្រហ្មទណ្ឌ។ មាត្រានេះ នឹងធ្វើឱ្យអ្នកដែលធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសពីបទល្មើសមជ្ឈិម ត្រូវទទួលទោសទ្វេដង ប្រសិនបើពួកគេត្រូវតុលាការផ្តន្ទាទោសពីបទមជ្ឈិមម្តងទៀតក្នុងរយៈពេល ៥ឆ្នាំ។ ក្នុងកំណត់ត្រានេះទៀតសោត បានលើកឡើងថា នាឆ្នាំ២០២៤នេះ អាជ្ញាធរបន្តបំបិទសំឡេងអ្នកដែលតែងរិះគន់ដល់គោលនយោយបាយរបស់រាជរដ្ឋាភិបាល សកម្មជនដែលតែងតែធ្វើការតស៊ូមតិដើម្បីសិទ្ធិមនុស្ស និងពលរដ្ឋសាមញ្ញដែលតែងបញ្ចេញមតិ ឬបង្ហាញពីការយល់ឃើញរបស់ពួកគេជាដើម ៕