en     km
en     km

កម្ពុជា-វៀតណាមចុះ MOU លើបច្ចេកទេសព្យាបាលជំងឺមហារីកខណៈអ្នកជំងឺនៅកម្ពុជាកើនឡើងកាលពីឆ្នាំមុន

Share

ភ្នំពេញ៖ មន្ទីរពេទ្យកាល់ម៉ែតរបស់កម្ពុជា និងមន្ទីរ BTH Hospital នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម បានចុះអនុស្សារណៈនៃការយោគយល់គ្នា(MOU) ដើម្បីឈានទៅអភិវឌ្ឍធនធានមនុស្សដោយសម្រេចឱ្យបានការព្យាបាលជំងឺមហារីកនិងជំងឺគ្រាប់ឈាមប្រកបដោយប្រសិទ្ធភាព។ ការស្វែងរកភាពជាដៃគូនៃការអភិវឌ្ឍសមត្ថភាពព្យាបាលជំងឺមហារីកនេះ ស្របពេលដែលរបាយការណ៍របស់មន្ទីរពេទ្យកាល់ម៉ែតក្នុងឆ្នាំ២០២៤ បង្ហាញថា អ្នកជំងឺមហារីកដែលព្យាបាលនៅកម្ពុជាបានកើនឡើងជាបន្តបន្ទាប់។

លោក កែវ សុខា ជូនសេចក្តីរាយការណ៍

ពិធីចុះអនុស្សារណ: នៃការយោគយល់គ្នា(MOU) នេះ បានប្រព្រឹត្តិទៅនៅប្រទេសវៀតណាមកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ក្រោមការដឹកនាំដោយអគ្គនាយក និង អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែតជាមួយក្រុមការងារផ្នែកជំងឺមហារីករបស់កម្ពុជា។

ផ្អែកតាមមន្ទីរកាល់ម៉ែតបន្តថា ការចុះ MOU រវាងមន្ទីរពេទ្យកម្ពុជាជាមួយមន្ទីរពេទ្យរបស់វៀតណាមនេះ ជាផ្នែកមួយនៃការអភិវឌ្ឍ និងបន្តនវានុវត្តន៍លើផ្នែកជំងឺមហារីក និងជំងឺគ្រាប់ឈាម ជាពិសេសការអនុវត្តគម្រោងផ្សាំកោសិកាខួរឆ្អឹង និងការព្យាបាលជំងឺគ្រាប់ឈាម។

មួយទៀតនោះ អនុស្សារណ:នេះ ក៏សំដៅលើកកម្ពស់ និងបន្តអភិវឌ្ឍលើការបណ្ដុះបណ្ដាលធនធានមនុស្ស បច្ចេកទេសព្យាបាល ការធានាបាននូវការធ្វើរោគវិនិច្ឆ័យ និងព្យាបាលអ្នកជំងឺគ្រាប់ឈាមប្រកបដោយប្រសិទ្ធភាពខ្ពស់។ បន្ថែមពីនេះ អនុស្សារណៈក៏សំដៅឱ្យមានការចូលរួមក្នុងកិច្ចសហប្រតិបត្តិការ លើការស្រាវជ្រាវវិទ្យាសាស្ត្រសុខាភិបាលនានា  ដើម្បីទទួលបាននូវនវានុវត្តន៍ទំនើបថ្មីៗបន្ថែមទៀត ។

ពិធីចុះMOUរវាងមន្ទីរពេទ្យកាល់ម៉ែតនិងមន្ទីរពេទ្យវៀតណាម។រូបភាពពីហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត។

ចំពោះមុខបញ្ហានេះ មន្ទីរពេទ្យកាល់ម៉ែតបញ្ជាក់ថា មន្ទីរពេទ្យតែងស្វែងរកដៃគូ សហការទាំងជាតិ និងអន្តរជាតិនានា ធានាបាននូវការផ្ដល់ជូនសេវាព្យាបាល ថែទាំអ្នកជំងឺប្រកបដោយសុខសុវត្ថិភាព ប្រសិទ្ធភាពខ្ពស់ ឆ្លើយតបបាននូវការគ្របដណ្ដប់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ។​

ផ្អែកតាមរបាយការណ៍របស់ក្រសួងសុខាភិបាលដែលដាក់បង្ហាញនៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ ២០២៤ កាលពីថ្ងៃទី៣ មីនាបានឲ្យដឹងថា កាលពីឆ្នាំ២០២៤កន្លងទៅ អ្នកជំងឺមហារីកសរុបចំនួនជាង ៣ ម៉ឺននាក់(៣១ ៥១៨)បានទទួលការព្យាបាលនៅមន្ទីរពេទ្យកម្ពុជា។ ក្នុងនោះ អ្នកជំងឺមហារីកចំនួន ១២៧នាក់បានទទួលមរណៈភាព។

តាមរបាយការណ៍ដដែរបញ្ជាក់ថា ចំនួនអ្នកជំងឺមហារីកដែលព្យាបាលនៅក្នុងមន្ទីរពេទ្យកម្ពុជាក្នុងឆ្នាំ ២០២៤ បានកើនឡើងចំនួន ៨៧.៤២ភាគរយ បើធៀបនឹងឆ្នាំ ២០២៣។ តាមកំណត់ត្រារបស់ក្រសួងសុខាភិបាល អ្នកកើតជំងឺមហារីកសុដន់ និងមហារីកមាត់ស្បូនគឺមានអត្រាខ្ពស់ជាងគេ ដែលមានសរុបជិត ៣២ភាគរយនៃអត្រាអ្នកជំងឺមហារីកសរុបសម្រាប់ឆ្នាំ២០២៤។

ពិធីចុះMOUរវាងមន្ទីរពេទ្យកាល់ម៉ែតនិងមន្ទីរពេទ្យវៀតណាម។រូបភាពពីហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត។ច

រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងក្នុងពិធីបើកសន្និបាតបង្ហាញការកត់សម្គាល់ថា រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ពលរដ្ឋខ្មែរបានងាកមកប្រើប្រាស់សេវាព្យាបាលក្នុងស្រុកបានកើនឡើង ដែលចំនួននេះបង្ហាញពីការរីកចម្រើនវិស័យសុខាភិបាលក្នុងស្រុក។ បច្ច័យមួយទៀតនោះ លោករដ្ឋមន្រ្តីថា មកពីពលរដ្ឋបានប្រើប្រាស់បណ្ណសមធម៌ និងបណ្ណ ប.ស.ស ស្របជាមួយការផ្តល់សេវាដែលអាចទុកចិត្តបាន។

ងាកមកបរិបទពិភពលោកវិញ ជំងឺមហារីកត្រូវបានគេរាយការណ៍មកថា​ មានអត្រាកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងមានការព្យាករណ៍ថា បញ្ហាជំងឺមហារីកមាននិន្នាការកើនឡើងនៅក្នុងប្រទេសក្រីក្រ និងប្រទេស​មាន​ការអភិវឌ្ឍធនធាន​មនុស្ស​តិចតួច ដែលជាការវាស់វែងកម្រិតនៃការអភិវឌ្ឍខាងសង្គម និងខាងសេដ្ឋកិច្ចរបស់ប្រទេសមួយដោយអង្គការសហប្រជាជាតិ។

តាមការប៉ាន់​ប្រមាណ​​បង្ហាញ​ថា ជំងឺ​មហារីក​សួតជាជំងឺមហារីកឈរនៅលំដាប់ថ្នាក់លេខមួយ តាមពីក្រោយដោយជំងឺមហារីកសុដន បន្តបន្ទាប់គឺមហារីក​ពោះវៀនធំ ក្រពេញ​ប្រូស្តាត និងមហារីក​ក្រពះ។ សេចក្តី​រាយការណ៍​​ឱ្យ​ទៀតដឹង​ថា ការប្រើប្រាស់ថ្នាំជក់ ស្រា និង​ភាពធាត់ ជា​កត្តា​ចម្បង​ដែល​បង្ក​ឱ្យ​មាន​កំណើនជា​សាកល​នៃ​ជំងឺ​មហារីក។

ផ្អែកតាម​ទិន្នន័យ​ថ្មីចេញ​ផ្សាយកាលពី​ដើមខែកុម្ភៈឆ្នាំមុន ដោយទីភ្នាក់ងារ​អន្តរជាតិ​ខាង​ការស្រាវជ្រាវ​ជំងឺ​មហារីក (IARC)របស់​អង្គការ​សុខភាព​ពិភពលោក ឱ្យដឹងថា ករណី​ជំងឺ​មហា​រីក​ថ្មីៗ​នឹង​កើនឡើង​ ៧៧ ​ភាគរយ ​ដែល​គិតជា​ចំនួន​មនុស្ស​មាន​ដល់​ជាង ​៣៥​លាន​នាក់​ក្នុង​ឆ្នាំ២០៥០។

មូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងទៀតដែលត្រូវបានរកឃើញថា ជំងឺមហារីកចេះតែបន្តកើនចំនួននោះ គឺកត្តាថ្លៃព្យាបាលមានតម្លៃខ្ពស់ ជាហេតុរារាំងការសម្រេចចិត្តទៅទទួលយកការព្យាបាលឱ្យទាន់ពេលវេលា។

សម្រាប់កម្ពុជា គឺកាលពីខែតុលា ឆ្នាំ២០២៣ ក្រសួងសុខភិបាលបានប្រកាសចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារីអាយុ ៩ឆ្នាំ ដោយឥតគិតថ្លៃសរុបចំនួន ៩៥.៧៧ ភាគរយ ក្នុងចំណោមកុមារីអាយុ ៩ឆ្នាំនៅកម្ពុជា។ សម្រាប់ជំងឺមហារីកសុដន់វិញ ក្រសួងសុខាភិបាលក៏បានដាក់ចេញនូវយន្តការអប់រំតាមសហគមន៍ស្តីពីជំងឺមហារីកសុដន់ តាមរយៈការលើកទឹកចិត្តឱ្យស្រ្តីចេះពីរបៀបពិនិត្យរករោគសញ្ញាដោយខ្លួនឯងឱ្យបានទៀតទាត់ និងទៅទទួលការពិនិត្យ និងស្វែងរករោគវិនិច្ឆ័យពីគ្រូពេទ្យជំនាញជាដើម៕

Share

ព័ត៌មានទាក់ទង