ភ្នំពេញ៖ អង្ករក្រអូបកម្ពុជាត្រូវបាន អង្គការកសិករ និង សហករណ៍កសិកម្មអឺរ៉ុប (Copa Cogeca) ជំរុញឲ្យមានការអនុវត្តជាបន្ទាន់នូវវិធានការការពារលើការនាំចូលអង្ករកម្ពុជា ស្របពេល អីតាលី និង អេស្ប៉ាញត្អូញត្អែរពីផលប៉ះពាល់ដល់ទីផ្សាររបស់ពួកគេ។ ប្រសិនបើសេចក្តីសម្រេចនេះត្រូវបានអនុវត្ត គឺអង្ករកម្ពុជាប្រឈមនឹងការបង់ពន្ធលើការនាំចូលទីផ្សារសហភាពអឺរ៉ុប។ តែអ្នកនាំពាក្យក្រសួងកសិកម្មថាទីផ្សារចិននឹងជំនួសទីផ្សារអឺរ៉ុប។
សហព័ន្ធស្រូវអង្ករកម្ពុជា បានដាក់សេចក្តីរំពឹងលើសហភាពអឺរ៉ុប ឲ្យពិនិត្យឡើងវិញនូវវិធានការការពារលើការនាំចូលអង្ករពីកម្ពុជា ដែលវាជាបញ្ហារសើប ទាមទារឲ្យមានការពិនិត្យជាក់លាក់ចំពោះឧស្សាហកម្មអង្ករកម្ពុជា។
ការដាក់សេចក្តីរំពឹងនេះ បន្ទាប់ពីអង្គការកសិករ និង សហករណ៍កសិកម្មអឺរ៉ុប បានជំរុញឲ្យមានការអនុវត្តជាបន្ទាន់នូវវិធានការការពារ លើការនាំចូលអង្ករពីកម្ពុជា និង មីយ៉ាន់ម៉ា ដើម្បីបង្កើនល្បឿនការអនុវត្តវិធានការការពារនេះ។
អង្គការមួយនេះ បានឲ្យដឹងថា កិច្ចប្រជុំថ្ងៃទី ៤ ខែធ្នូ អគ្គនាយកដ្ឋានពាណិជ្ជកម្មបានដាក់ឲ្យមានការបោះឆ្នោតនៅក្នុងគណៈកម្មាធិការអនុគ្រោះពន្ធ នូវសំណើមួយដើម្បីអនុវត្តវិធានការការពារ ស្តីពីការនាំចូលអង្ករពីប្រទេសកម្ពុជា និង មីយ៉ានម៉ា ដោយគណៈកម្មាធិការនេះ អាចនឹងចាត់វិធានការលើបញ្ហានេះ។
Copa Cogeca បាននិយាយថា៖ «គណៈកម្មាធិការនេះ មិនបានបញ្ចេញគំនិតនោះទេ ដែលអនុញ្ញាតឲ្យគណៈកម្មការបន្តការសម្រេចនេះ ឆ្ពោះទៅមុខ ដោយអនុម័តលើសំណើច្បាប់នេះ»។
អង្កការនេះបន្ថែមថា៖ «ការស៊ើបអង្កេតការពារ ដែលបានអនុវត្តឡើងដោយគណៈកម្មការនេះ បានឈានដល់ការសន្និដ្ឋានដូចគ្នា គឺថា ការបង្កើនការនាំចូលអង្ករពីប្រទេស កម្ពុជា និងមីយ៉ាន់ម៉ា បានបណ្ដាលឲ្យមានការពិបាកធ្ងន់ធ្ងរសម្រាប់វិស័យស្រូវអង្កររបស់ EU ទាំងមូល»។
លោក មូល សារិទ្ធ អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជាបានផ្តល់បទសម្ភាសជាមួយវិទ្យុស្រ្តីថា សហព័ន្ធស្រូវអង្ករកម្ពុជាបានធ្វើកិច្ចអន្តរាគមន៍លើរឿងនេះជាច្រើនលើកជាច្រើនសារលើឯកសារផ្លូវច្បាប់ ក្នុងការដោះស្រាយបញ្ហានេះ។
លោកសង្កត់ធ្ងន់ថា ការទាមទារឲ្យមានការពិចារណាលើអង្ករកម្ពុជាគឺជារឿងដែលមិនត្រឹមត្រូវ ព្រោះអង្ករកម្ពុជាជាអង្ករក្រអូបនិងអង្ករប្រណីត ចំណែកឯពូជស្រូវអង្ករអឺរ៉ុបគឺពូជអង្ករយីប៉ុននីការទេ ។
លោក មូល សារិទ្ធលើកឡើងថា៖ អង្ករយើងភាគច្រើនគឺជាអង្ករក្រអូបទេ ដែលចូលទៅកាន់សហភាពអឺរ៉ុប វាខុសពីអង្ករអីតាលី និង អេស្ប៉ាញ ដែលគាត់ជាអង្ករពូជយីប៉ុននីការទេ ហើយវាមិនសមហេតុផលទេបើសហភាពអឺរ៉ុបយកបញ្ហានេះ ត្រឹមតែ ២ ប្រទេសឡើងទៅប្តឹងដល់ ២៨ ប្រទេសនោះ។
លោកថាកន្លងមកសហភាពអឺរ៉ុបគឺជាអ្នកជ្រោមជ្រែងលើវិស័យកសិកម្មកម្ពុជា ប្រសិនបើការអនុវត្តច្បាប់នេះមានភាពអយុត្តិធម៌នោះ មានន័យថាសហភាពអឺរ៉ុបខ្លូនឯងគឺបំផ្លាញខ្លួនឯងតែប៉ុណ្ណោះ។
បើសេចក្តីសម្រេចនេះត្រូវអនុវត្ត អង្កររបស់កម្ពុជានឹងប្រឈមនឹងការយកពន្ធ ១៧៥ អឺរ៉ូ (១៩៨ ដុល្លារអាមេរិក) ក្នុង ១ តោននៅឆ្នាំដំបូង និង ១៥០ អឺរ៉ូនៅ ឆ្នាំទី ២ ហើយ ១២៥ អឺរ៉ូ នៅឆ្នាំបន្ទាប់។
កសិករប្រទេស អីុតាលី បានត្អូញត្អែរពីបញ្ហានៃការនាំចូលអង្ករពីកម្ពុជា និងមីយ៉ាន់ម៉ាតាំងពីឆ្នាំ ២០១៤ មកម្ល៉េះដោយពួកគេបានបញ្ជាក់ថា ការនាំចូលបែបនោះ កំពុងធ្វើឲ្យប៉ះពាល់ដល់កសិករអឺរ៉ុប។
អ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុទ្ធី បានបង្ហាញសុទិដ្ឋិនិយម និង យល់ថាកម្ពុជានឹងមិនជួបនឹងហានិភ័យនៃការនាំចេញនោះទេ។ លោកមាន ជំនឿជឿជាក់លើសហភាពអឺរ៉ុបថា អង្ករកម្ពុជានឹងមិនត្រូវបានដក និង គិតពន្ធលើការនាំចូលក្នុងសហភាពអឺរ៉ុបនោះទេ ដោយសំអាងលើហេតុផលថាអង្ករកម្ពុជាជាអង្ករដែលឆ្ងាញ់ និង ប្រណីតនៅលើពិភពលោក ហើយការគិតពន្ធលើអង្ករកម្ពុជាគឺធ្វើឲ្យអង្ករកម្ពុជារិតតែមានតម្លៃថ្លៃ នៅលើទីផ្សារសហភាពអឺរ៉ុប។
អ្នកនាំពាក្យរូបនេះបន្តថា ពេលនេះកម្ពុជាកំពុងសំឡឹងមើលទីផ្សារធំថ្មី ដែលជាគោលដៅក្នុងការលក់ចេញទីផ្សារអង្ករកម្ពុជា ប្រសិនបើសហភាពអឺរ៉ុបធ្វេសប្រហែសកាត់ក្តីដោយអយុត្តិធម៌នោះ ចិនគឺជាគោលដៅធំជាងគេដែលកម្ពុជាសំឡឹងទុកជំនួសតំណែងសហភាពអឺរ៉ុប។
លោកស្រី វុទ្ធី៖ «ខ្ញុំគិតថាពេលនេះ យើងកំពុងសំឡឹងមើលច្រកទីផ្សារថ្មី! ក្នុងនោះយើងបានសិក្សាហើយថា មានទីផ្សារមួយដែលកំពុងប្រកួតប្រជែង ក្នុងនោះប្រទេសចិនគឺជាប្រទេសដែលមានសក្តានុពល ហើយឥឡូវនេះយើងអត់ទាន់ធ្វើគ្រប់កូតាប្រទេសចិននោះទេ ហើយពេលនេះយើងកំពុងតែពិចារណាបាទ!»។
អ្នកជំនាញផ្នែកកសិកម្ម និង ជាស្ថានិកនៃអង្គការសេដាក លោក បណ្ឌិត យ៉ង សាំងកុមារ មិនយល់ស្របនឹងអ្វីដែលអ្នកនាំពាក្យក្រសួងកសិកម្មលើកឡើងនោះទេ។
លោកថា បញ្ហានៃការពិចារណាជាថ្មីលើការនាំចូលអង្ករកម្ពុជាទៅសហភាពអឺរ់ុប នឹងធ្វើឲ្យអង្ករកម្ពុជាកាន់តែមានភាពប្រកួតប្រជែងនៅលើទីផ្សារ។ លោកថាអង្ករកម្ពុជាអាចនឹងឈរជើងនៅលើទីផ្សារសហភាពអឺរ៉ុប លុះត្រាតែ កម្ពុជាត្រូវប្រកដថាអង្ករនោះជាអង្កររបស់កម្ពុជាមិនមែនជាអង្កររបស់ប្រទេសដទៃហើយវាយពុម្ភថាជាអង្ករកម្ពុជា។
លោកលើកឡើងថា ចំពោះថាទីផ្សារចិនគឺជាទីផ្សារដែលអាចជំនួសទីផ្សារសហភាពអឺរ៉ុបនោះ គឺកម្ពុជាមិនអាចពិឹងផ្អែកលើតែប្រទេសចិនមួយមុខទេ ព្រោះប្រទេសចិនគឺជាប្រទេសនៅក្នុងតំបន់អាស៊ី ហើយក៏ជាប្រទេសដែលផលិតអង្ករដែរ។
លោកបណ្ឌិត យ៉ង សាំងកុមារ៖ «តាមពិតទៅវាគឺជាជំរើសមួយទៀតហើយ ប៉ុន្តែត្រូវចាំថាការនាំចូលអង្កររបស់សហភាពអឺរ៉ុប និង ចិនគឺខុសគ្នា! ចិនគឺមានគោលនយោបាយក្នុងការនាំចូលក្នុងចំណួននិងការកំណត់បរិមាណមួយ ហើយប្រទេសចិនគឺជាប្រទេសដែលផលិតស្រូវអង្ករផងដែរ អញ្ជឹងគេត្រូវការពារផលប្រយោជន៍ទីផ្សារក្នុុងស្រុករបស់គេដែរ លើកលែងតែប្រទេសចិនចង់ជួយខ្មែរ តែខ្ញុំមិនជឿទេ ព្រោះគេប្រាកដជាមានជាតិនិយមផ្សេងៗ បាទ!»។
បន្ទាប់ពីការប្រទាញប្រទង់លើជំលោះផលប្រយោជន៍រវាង អង្ករកម្ពុជា មីយ៉ាន់ម៉ា និង ប្រទេសអីុតាលី និង អេស្ប៉ាញមក។ ការនាំចេញស្រូវអង្ករកម្ពុជានារយៈពេលប៉ុន្មានខែចុងក្រោយនេះ ហាក់មិនរីកចម្រើន មានន័យថា ការនាំចេញស្រូវអង្ករកម្ពុជាបានធ្លាក់ចុះប្រមាណ ១៤ ភាគរយ បើធៀបទៅនឹងការនាំចេញអង្ករកម្ពុជាទៅកាន់សហភាពអឺរ៉ុបកាលពីឆ្នាំ ២០១៧។ នេះបើតាមរបាយការណ៍នៃការនាំចេញស្រូវអង្ករដែលចុះផ្សាយនៅលើគេហទំព័រផ្លូវការរបស់ក្រសួងកសិកម្ម។
កម្ពុជា កំពុងស្ថិតនៅក្នុងដំណើរការដកប្រព័ន្ធការអនុគ្រោះពន្ធEBA នៅដើមឆ្នាំក្រោយនេះ។ បើករណីនេះ កើតមានមែន គឺកម្ពុជានឹងខាតបង់ប្រាក់ពន្ធទំនិញចូលអឺរ៉ុបប្រមាណជាជិត ៧០០លានដុល្លារ ក្នុងមួយឆ្នាំៗ។ ទំនិញដែលកម្ពុជានាំចូលទីផ្សាយអឺរ៉ុបធំជាងគេ គឺសំលៀកបំពាក់និងផលិតផលស្បែកជើង៕
អត្ថបទដោយ៖ សេរី វឌ្ឍនៈ