en     km
en     km

កម្ពុជានាំចេញអង្ករធ្លាក់ចុះ ១៣% ក្នុងរយៈពេល១០ខែឆ្នាំនេះ តែក្រសួងកសិកម្មថាជារឿងធម្មតា

Share

ភ្នំពេញ៖ ក្នុងរយៈពេល ១០ ខែដំបូងក្នុងឆ្នាំ២០១៨ កម្ពុជាបាននាំចេញអង្ករជាង ៤ សែនតោនទៅលក់លើទីផ្សារអន្តរជាតិ ដែលចំនួននេះបានធ្លាក់ចុះអស់ ១៣,២០ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យ៉ាងណាក៏ដោយ ក្រសួងកសិកម្មថា វាជារឿងធម្មតាក្នុងការរកស៊ី​ មានឡើងមានចុះ ។

លោក សេរីវឌ្ឍនៈជូនសេចក្តីរាយការណ៍៖

បើតាមរបាយការណ៍ផ្លូវការ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ​ បានបង្ហាញឲ្យឃើញថា កម្ពុជាបាននាំចេញអង្ករទៅលក់នៅលើទីផ្សាអន្តរជាតិ បានប្រមាណត្រឹមតែ ៤៣៤ ៨០៧ តោន ប៉ុណ្ណោះក្នុងរយៈពេល ១០ ខែ ឆ្នាំ​២០១៨។

របាយការណ៍ដដែលបានបង្ហាញថា អង្ករកម្ពុជាបាននាំចេញទៅកាន់ទីផ្សារធំជាងគេ គឺប្រទេសចិន ក្នុងចំនួន ១១ ម៉ឺនតោន ប្រទេសបារាំង ៦ ម៉ឺនតោន ខណៈប្រទេសម៉ាឡេស៊ី មានប្រមាណជាង ៣ ម៉ឺនតោន។

យ៉ាងណាអ្នករកស៊ីក្នុងវិស័យស្រូវអង្ករលើកឡើងថា ការធ្លាក់ចុះការនាំចេញអង្ករ ដោយសារតែកង្វះស្រូវស្តុកទុកដើម្បីផ្គត់ផ្គង់ឧស្សាហកម្មនេះ។

អ្នកនាំពាក្យក្រសួងកិសិកម្ម និង រុក្ខាប្រមាញ់ លោក ស្រី វុទ្ធី បានផ្តល់បទសម្ភាសដល់វិទ្យុស្រ្តីថា ការធ្លាក់ចុះនៃការនាំចេញស្រូវអង្ករទៅលក់នៅលើទីផ្សារសហភាពអឺរ៉ុបនេះ នឹងមិនមានអ្វីប៉ះពាល់ធ្ងន់ធ្ងរដល់កម្ពុជានោះទេ។

លោកបន្តថា ការធ្លាក់ចុះនៃការនាំចេញស្រូវអង្ករនេះ គឺជារឿងសាមញ្ញធម្មតា ដោយលោកពន្យល់ថា ការបញ្ជាទិញស្រូវអង្ករ និង តម្រូវការនាំចូល ពុំសូវមានទើបធ្វើឲ្យការនាំចេញពុំសូវសកម្មភាពហក់ឡើងខ្លាំងដូចឆ្នាំមុន។

លោក ស្រី វុទ្ធី៖ ការធ្លាក់ចុះហ្នឹង! វាអាស្រ័យលើតម្រូវការបញ្ជាទិញខាងក្រៅ អញ្ជឹងនៅពេលដែលមានគេតម្រូវឲ្យលក់ តាមកិច្ចសន្យារបស់គេ ហើយយើងមិនអាចថាបានទេពីការធ្លាក់ចុះហ្នឹង ព្រោះវាជារឿងធម្មតា! ចាំមើលការឡើងចុះពេលចុងឆ្នាំ​វិញ។

ស្របពេលនេះដែរ លោក នង វាសនា អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និង ជាអគ្គនាយកក្រុមហ៊ុន KOL Veasna Investment Co,.LTD  បានមានប្រសាសន៍ថា ការធ្លាក់ចុះនៃការនាំចេញស្រូវអង្ករនេះ គឺបណ្តាលមកពីការនាំចេញស្រូវអង្កររបស់ប្រទេសមីយ៉ាន់ម៉ា មានប្រៀបជាងអង្ករកម្ពុជា។

ត្រង់ចំណុចនេះ លោកពន្យល់ថា អង្កររបស់ប្រទេសមីយ៉ាន់ម៉ា ដែលនាំចេញទៅលក់នៅក្រៅស្រុកមានប្រៀបជាងអង្ករកម្ពុជាគឺ តម្លៃអង្កររបស់មីយ៉ាន់ម៉ា មានតម្លៃថោកជាង ដោយសារកត្តារួចការអនុគ្រោះពន្ធEBA  ដែលប្រទេសនេះទទួលបានកាលពីឆ្នាំ ២០១៣។

លោក នង វាសនា៖ នៅពេលនេះ អង្ករកម្ពុជាមានតម្លៃថ្លៃបើប្រៀបធៀបហ្នឹងអង្ករដែលនាំចេញ​ពីប្រទេសធំៗ ជាពិសេសគឺប្រទេសថៃ ឥណ្ឌា និង វៀតណាម។ ហើយអង្ករកម្ពុជាដែលនាំចេញទៅទីផ្សាអឺរ៉ុប ក៏មានការប្រកួតប្រជែងខ្ពស់ជាមួយនឹងប្រទេសភូមា ដែលមានតម្លៃថោកជាង អង្ករសគេមួយតោន ១០០ ដុល្លារ ហើយការប្រកួតប្រជែងត្រង់ថា អង្ករកម្ពុជាមានតម្លៃថ្លៃជាងក៏ពិតមែន តែគុណភាពល្អជាង ហើយណាមួយ កម្ពុជាជាប្រទេដែលមានកម្រិត GDP ហ្នឹងខ្ពស់ជាង ប្រទេសភូមា សេដ្ឋកិច្ចគ្រាន់បើជាង អញ្ជឹងហើយ ការនាំចេញទៅលក់ក្រៅស្រុកមានតម្លៃខ្ពស់ជាង ហើយកាលណាខ្ពស់ជាង អ្នកទិញគេអាចពិចារណាមើលរបស់ជំនួស ណាដែលមានតម្លៃថោក សមរម្យ បាទ! ។

យ៉ាងណាក៏ដោយ លោកថា ការធ្លាក់ចុះនេះនឹងមិនមានអ្វីដែលធ្វើឲ្យកម្ពុជាខាតបង់ ឬ មានការព្រួយបារម្ភច្រើនឡើយ ដោយលោកសង្កត់ធ្ងន់ថា បើទោះបីជាការនាំចេញមានសភាពធ្លាក់ចុះ តែកម្ពុជាអាចកែខៃ ឬ ច្នៃអង្ករ លក់នៅក្នុងស្រុកបាន។

លោក នង វាសនា៖ ការព្រួយបារម្ភយើងចេះតែមានហើយ តែក៏មិនត្រូវព្រួយបារម្ភពេកដែរ ព្រោះការនាំចេញធ្លាក់ចុះ ក៏យើងពុំសល់ស្រូវក្នុងឃ្លាំង មានន័យថា តម្រូវការក្នុងស្រុកខ្ពស់ គឺយើងអាចនាំចេញ និង ធ្វើការកែច្នៃស្រូវអង្ករនៅក្នុងស្រុកបាទ!។

យោងតាមរបាយការណ៍ដដែរ សមាជិកសភាអឺរ៉ុបនាំអង្ករចូលពីកម្ពុជាមានចំនួន ២១២ ៥១៣តោន ប្រទេសចិនមានចំនួន ១១៣ ៥៣៧តោន និងសមាជិកអាស៊ានរួមមាន ប្រ៊ុយណេ វៀតណាម និងសឹង្ហបុរី មានចំនួន ៤៥ ៥២៦តោន។

ផ្អែកតាមតួលេខនេះសហភាពអឺរ៉ុបបានឈរលំដាប់លេខមួយក្នុងការនាំអង្ករពីកម្ពុជា បន្ទាប់មកគឺប្រទេសចិន។

កាលពីដើមខែកញ្ញាឆ្នាំ២០១៨ គណៈ​ក​ម្មា​ការ​អឺរ៉ុប​បាន​ទទួលយក​សំណើ​របស់​កសិករ​អ៊ី​តា​លី​ថា​ នឹង​ពិនិត្យ​ឡើង​វិញ​លើ​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​អង្ករ​ពី​ប្រទេស​កម្ពុជា​ និង​ប្រទេស​មី​យ៉ា​ន់​ម៉ា ព្រោះ​ការ​លើកលែង​ពន្ធ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​បាន​ប៉ះពាល់​ដល់ទី​ផ្សារ​អង្ករ​របស់​កសិករ​អ៊ី​តា​លី​។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​គណៈ​ក​ម្មា​ការ​អឺរ៉ុប​។​

កាលពី​ថ្ងៃ​ទី​ ១៦​ មិ​នា​ គណៈកម្មាការ​អឺរ៉ុប​បាន​ធ្វើការ​ស៊ើបអង្កេត​ចំពោះ​ការ​នាំ​ចូល​អង្ករ​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​ថា​ តើ​មាន​ភាព​ស្មើគ្នា​ចំពោះ​កសិករ​នៅ​អឺរ៉ុប​ដែរ​ឬ​យ៉ាងណា​។​ ការ​ស៊ើបអង្កេត​នេះ​ធ្វើ​ឡើង​តាម​សំណើ​របស់​ប្រទេស​អ៊ី​តា​លី​ស្នើ​សុំ​ឱ្យ​មាន​វិធានការ​រឹត​បន្តឹង​លើ​ការ​នាំ​ចូល​ និង​គិត​អត្រាពន្ធ​អង្ករ​ពី​កម្ពុជា​ និង​មី​យ៉ា​ន់​ម៉ា​។​

ជុំវិញ​បញ្ហា​នេះ​មន្ត្រី​ក្រសួងកសិកម្ម​សុំ​មិន​ធ្វើការ​អត្ថាធិប្បាយ​ចំពោះ​វិធានការ​គណៈកម្មការ​អឺរ៉ុប​គ្រោង​ពិនិត្យ​ឡើង​វិញ​លើ​កិច្ចព្រមព្រៀង​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​នាំ​ចេញ​អង្ករ​ពី​កម្ពុជា​ទេ​។​

សូមជម្រាបថា កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារបរទេស បានជាង៦៣ម៉ឺនតោនកាលពីឆ្នាំ២០១៧ ។

កម្ពុជា​ទើបនឹង​គ្រង​ពានរង្វាន់​អង្ករ​ល្អ​ជាងគេ​បំផុត​ក្នុង​ពិភពលោក​សម្រាប់​ឆ្នាំ​ ២០១៨​នេះ​ ក្នុង​សន្និសីទ​ស្រូវ​អង្ករ​ពិភពលោក​លើក​ទី​១០​ នៅ​ប្រទេស​វៀតណាម​។​

អង្ករ​កម្ពុជា​នាំ​ទៅ​ទីផ្សារ​អឺរ៉ុប​បាន​កើន​ឡើងជា​បន្តបន្ទាប់​ចាប់ពី​ ១៣​ ភាគរយ​ កាលពី​ឆ្នាំ​ ២០១៣​ និង​កើនឡើង​រហូត​ដល់​ ២១​ ភាគរយ​ កាលពី​ឆ្នាំ​ ២០១៧​។​ ប៉ុន្តែ​ទីផ្សារ​អង្ករ​របស់​កសិករ​អឺរ៉ុប​បាន​ធ្លាក់​ចុះ​ពី​ ៥២​ ភាគរយ​ មក​នៅ​ត្រឹម​ ៣០​ ភាគរយ​ក្នុង​រយៈពេល​ដូច​គ្នា​៕

 

Share

Image
Image
Image