en     km
en     km

កម្ពុជាបន្តធ្លាក់ចុះក្នុងការនាំចេញអង្ករ ខណៈអន្តរជាតិពិចារណាលើអង្ករភូមា

Share

ក្រុងភ្នំពេញ៖ អង្ករកម្ពុជាប្រមាណជិត ៥០ ម៉ឺនតោន ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ តែតួលេខនៃការនាំចេញ កម្ពុជាបានកំពុងបន្តធ្លាក់ចុះអស់ប្រមាណ ១៣ ភាគរយ នៅរយៈពេល ១១ ខែ ឆ្នាំ ២០១៨ នេះ ស្របពេលដែលអ្នកជំនាញថា អន្តរជាតិកំពុងសំឡឹងមើលតម្លៃអង្ករមីយ៉ាន់ម៉ា។

របាយការណ៍កម្រាស់បួនទំព័រដែលចេញផ្សាយនៅលើបណ្តាញសង្គម កាលពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៨ នេះ បានបង្ហាញឲ្យឃើញថា ចាប់ពីខែ មករា ដល់ ខែ វិច្ឆិកា ឆ្នាំ ២០១៨ កម្ពុជាបាននាំចេញអង្ករបាន ៤៩៧,២៤០តោន ធ្លាក់ចុះប្រមាណ ១៣.១ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ ២០១៧ ដែលមានចំនួន ៥៦២.២៣៧តោន។

របាយការណ៍ដដែលបានបង្ហាញឲ្យឃើញថា ក្នុងចំណោមប្រទេសជាង ៦០ ដែលទិញអង្ករពីកម្ពុជា គឺប្រទេសចិន ជាប្រទេសដែលទិញអង្ករពីកម្ពុជាបានច្រើនជាងគេដែលមានចំនួនជាង ១៣ ម៉ឺន តោន តាមពីក្រោយប្រទេសបារាំង ចំនួន ជាង ៧ ម៉ឺនតោន និង ម៉ាឡេស៊ីចំនួនជាងជិត ៤ ម៉ឺនតោន។

យ៉ាងណា បើតាមការអះអាងរបស់អ្នកជំនាញ ថ្វីបើអង្ករកម្ពុជានាំចេញមានការធ្លាក់ចុះ តែបើសរុបមកវិញគឺធ្លាក់ចុះតែចំនួនតួលេខតែប៉ុណ្ណោះ ឬ អាចនិយាយបានថាអង្ករកម្ពុជាធ្លាក់ចុះចំនួនបរិមាណ តែតម្លៃនៃទំហំទឹកប្រាក់នៃការនាំចេញអង្ករបានកើនឡើងទៅវិញ។

លោក នង វាសនា អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និង ជាអគ្គនាយកក្រុមហ៊ុន KOL Veasna Investment Co,.LTD បានធ្លាប់ផ្តល់បទសម្ភាសជាមួយវិទ្យុស្រ្តីកន្លងមកថា ការដែលអង្ករកម្ពុជាធ្លាក់ចុះនេះគឺបណ្តាលម ការនាំចេញស្រូវអង្កររបស់ប្រទេសមីយ៉ាន់ម៉ា មានប្រៀបជាងអង្ករកម្ពុជា។

ត្រង់ចំណុចនេះ លោកពន្យល់ថា អង្កររបស់ប្រទេសមីយ៉ាន់ម៉ា ដែលនាំចេញទៅលក់នៅក្រៅស្រុកមានប្រៀបជាងអង្ករកម្ពុជាគឺ តម្លៃអង្កររបស់មីយ៉ាន់ម៉ា មានតម្លៃថោកជាង ដោយសារកត្តារួចការអនុគ្រោះពន្ធEBA  ដែលប្រទេសនេះទទួលបានកាលពីឆ្នាំ ២០១៣ ដែលជាហេតុធ្វើឲ្យពលរដ្ឋនៅបស្ចិមប្រទេសពិចារណាលើអង្កររបស់ភូមា។

លោក នង វាសនា៖ នៅពេលនេះ អង្ករកម្ពុជាមានតម្លៃថ្លៃបើប្រៀបធៀបហ្នឹងអង្ករដែលនាំចេញពីប្រទេសធំៗ ជាពិសេសគឺប្រទេសថៃ ឥណ្ឌា និង វៀតណាម។ ហើយអង្ករកម្ពុជាដែលនាំចេញទៅទីផ្សាអឺរ៉ុប ក៏មានការប្រកួតប្រជែងខ្ពស់ជាមួយនឹងប្រទេសភូមា ដែលមានតម្លៃថោកជាង អង្ករសគេមួយតោន ១០០ ដុល្លារ ហើយការប្រកួតប្រជែងត្រង់ថា អង្ករកម្ពុជាមានតម្លៃថ្លៃជាងក៏ពិតមែន តែគុណភាពល្អជាង ហើយណាមួយ កម្ពុជាជាប្រទេដែលមានកម្រិត GDP ហ្នឹងខ្ពស់ជាង ប្រទេសភូមា សេដ្ឋកិច្ចគ្រាន់បើជាង អញ្ជឹងហើយ ការនាំចេញទៅលក់ក្រៅស្រុកមានតម្លៃខ្ពស់ជាង ហើយកាលណាខ្ពស់ជាង អ្នកទិញគេអាចពិចារណាមើលរបស់ជំនួស ណាដែលមានតម្លៃថោក សមរម្យ បាទ! ។

យ៉ាងណាក៏ដោយ លោកថា ការធ្លាក់ចុះនេះនឹងមិនមានអ្វីដែលធ្វើឲ្យកម្ពុជាខាតបង់ ឬ មានការព្រួយបារម្ភច្រើនឡើយ ដោយលោកសង្កត់ធ្ងន់ថា បើទោះបីជាការនាំចេញមានសភាពធ្លាក់ចុះ តែកម្ពុជាអាចកែខៃ ឬ ច្នៃអង្ករ លក់នៅក្នុងស្រុកបាន។

យ៉ាងណាក៏ដោយ ការធ្វើពាណិជ្ជកម្មអង្កររបស់កម្ពុជា ហាក់បង្ហាញទម្រង់ពុំសូវបានល្អនាពេលថ្មីៗកន្លងនេះ ចាប់តាំងពីសហភាពអឺរ៉ុបព្រមានដកពន្ធអនុគ្រោះ EBA ពីកម្ពុជា បន្ទាប់ពីកម្ពុជាបានធ្វើការបោះឆ្នោតថ្នាក់ជាតិ ដោយគ្មានសំឡេងរបស់អតីតគណបក្សប្រឆាំង។

គេនៅមិនទាន់ដឹងថា តើចំណាត់ការរបស់សហភាពអឺរ៉ុបយ៉ាងណានោះទេ តែថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាបានផ្ញើសារដល់ប្រជាពលរដ្ឋខ្មែរ ឲ្យឈប់បារម្ភពីការដកពន្ធអនុគ្រោះ ត្បិតកម្ពុជាជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ហើយវាគ្រាន់តែជាលេសដើម្បីដកពន្ធនេះត្រឡប់ទៅវិញ

កាលពីថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៨ ក្នុងកម្មវិធីរបស់អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា រំលឹកសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សខួបទី ៧០ ឆ្នាំ លោក ច្សច អេដហ្ការ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានផ្តល់ជាអនុសាសន៍ថា កម្ពុជាគួរការពារឲ្យបាននូវប្រព័ន្ធអនុគ្រោះពន្ធ EBA ព្រោះនៅរយៈពេល ១០ ឆ្នាំទៀត ទើបសហភាពអឺរ៉ុបសើរើប្រព័ន្ធអនុគ្រោះពន្ធនេះឡើងវិញ។ តែលោកថា ដំណើរការនៃដកពន្ធអនុគ្រោះរបស់សហភាពអឺរ៉ុបកំពុងដំណើរការនៅឡើយ៕

 

 

 

Share

Image
Image
Image