ភ្នំពេញ៖ កម្ពុជានិងវៀតណាមបានឈានដល់កិច្ចព្រមព្រៀងមួយ ដោយរៀតណាមបានអនុគ្រោះលើកលែងពន្ធរហូតដល់សូន្យភាគតែម្តងលើទំនិញនាំពីកម្ពុជាចំនួន ២៨ បន្ទាត់ពន្ធគយ។ នេះបើតាមក្រសួងពាណិជ្ជកម្មចេញផ្សាយនៅថ្ងៃទី០៥ ខែមិថុនានេះ។
កញ្ញា ឡុង សំនៀង ជូនសេចក្តីរាយការណ៍
ទំនិញចំនួន ២៨ បន្ទាត់ពន្ធគយដែលមានដើមកំណើតពីប្រទេសកម្ពុជា នឹងត្រូវលើកលែងពន្ធនាំចូលដោយប្រទេសវៀតណាតណាមរហូតដល់សូន្យភាគរយឯណ្ណោះ។ សម្រាប់ក្រសួងពាណិជ្ជកម្ម សមិទ្ធផលនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែង សម្របសម្រួលពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាមកាលពីពេលកន្លងទៅ។
តាមរយៈសេចក្តីជូនព័ត៌មាន ក្រសួងពាណិជ្ជកម្មស្នើឱ្យផលិតករ និងអ្នកនាំចេញទាំងអស់ អាចធ្វើការស្នើសុំវិញ្ញាបន បត្របញ្ជាក់ដើមកំណើតទំនិញ ទម្រង់ អេស (CO Form S) តាមរយៈគេហទំព័ររបស់ក្រសួង(Hapsikomoc. gov kh) ដើម្បីនាំចេញទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអត្រាអនុគ្រោះពន្ធសូន្យភាគរយ(០%)។
ក្រសួងពាណិជ្ជកម្មបញ្ជាក់បន្ថែមថា ចំពោះបរិមាណមុខទំនិញអង្ករ និងសន្លឹកថ្នាំជក់ សម្រាប់អនុវត្តឆ្នាំ២០២៥ ក្រសួងសូមឱ្យផលិតករ និងអ្នកនាំចេញ មកដាក់ពាក្យស្នើសុំនៅក្រសួងពាណិជ្ជកម្ម (នាយកដ្ឋាននាំចេញ នាំចូល នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម) រៀងរាល់ម៉ោងធ្វើការចាប់ពី ថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៥។
សូមរំលឹកជូនថា កាលពីឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញប្រមាណជាង ២៦,១៩ពាន់លានដុល្លារ ទៅកាន់ទីផ្សារបរទេសកើនឡើង១៥,៧ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលសហរដ្ឋអាមេរិកជាទីផ្សារនាំមុនគេរបស់កម្ពុជា។
យោងតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងបន្ថែមថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញប្រមាណជាង ២៦,១៩ពាន់លានដុល្លារ ទៅកាន់ទីផ្សារបរទេស ដោយក្នុងនោះការនាំចេញទៅកាន់សហរដ្ឋអាមេរិក វៀតណាម និងចិន មានទំហំធំជាងគេ។ ការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកសម្រេចបាន ៩,៩ពាន់លានដុល្លារ កើនឡើង ១១,៤ភាគរយ វៀតណាមសម្រេចបាន ៣,៦ពាន់លានដុល្លារ កើនឡើង ២៦,៦ភាគរយ និងចិនសម្រេចបាន ១,៧ពាន់លានដុល្លារ កើនឡើង ១៨,៤ភាគរយ។
សូមជម្រាបជូនដែរថា ប្រទេសវៀតណាម បានបង្កើនការទិញទំនិញកសិផលយ៉ាងច្រើនពីកម្ពុជា ដោយមានដូចជា ស្រូវ គ្រាប់ស្វាយចន្ទី ដំឡូងមី ជ័រកៅស៊ូ និងកសិផលផ្សេងៗទៀត រួមទាំងគ្រឿងបន្លាស់ បន្ទាប់ពីប្រទេសនេះ បានបើកទីផ្សារពាណិជ្ជកម្មសេរី ជាមួយសហភាពអឺរ៉ុប ដែលធ្វើឲ្យវៀតណាម មានតម្រូវការវត្ថុធាតុដើម ដើម្បីបំពេញតម្រូវការរោងចក្រកែច្នៃនាំចេញបន្តទៅអឺរ៉ុប និងទីផ្សារអន្តរជាតិ។
ម៉្យាងវិញទៀត ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យធ្លាក់ចុះនៃទិន្ននផលកសិកម្មជាកសល ក៏ជាផ្នែកមួយធ្វើឲ្យក្រុមហ៊ុនកែច្នៃវៀតណាម ស្វែងរកការទិញកសិផល ឬវត្ថុធាតុដើមពីបរទេសកាន់តែច្រើន ក្នុងនោះរួមទាំងពីប្រទេសកម្ពុជាផងដែរ សម្រាប់បម្រើឲ្យសង្វាក់ផលិតកម្មរបស់ខ្លួន។
ការនាំចេញមុខទំនិញសំខាន់ៗរបស់កម្ពុជា ទៅវៀតណាម រួមមាន៖ ស្រូវ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ និងថ្នាំជក់ ជាដើម។ ចំណែក ការនាំចូលមុខទំនិញសំខាន់ៗពីវៀតណាម ចូលមកកម្ពុជាវិញ រួមមាន៖ សម្ភារៈសំណង់ គ្រឿងចក្រ ប្រេងឥន្ធនៈ ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិច សម្ភារៈប្រើប្រាស់ ជី ចំណីសត្វ គ្រឿងទេស បន្លែ ត្រី សាច់ និងផ្លែឈើ ជាដើម៕
អត្ថបទដោយ ឡុង សំនៀង