en     km
en     km

កម្ពុជារំពឹងទទួលក្រុមហ៊ុនអាកាសចរណ៍ថ្មីៗចំនួន៣បន្ថែមនៅឆ្នាំនេះ ខណៈមានក្រុមហ៊ុន ៣១ដំណើរការហោះហើរស្រាប់

Share

ភ្នំពេញ៖ នៅឆ្នាំ២០២៥នេះ ប្រទេសកម្ពុជាដាក់ការរំពឹងទុកថា នឹងទទួលបានក្រុមហ៊ុនអាកាសចរណ៍ថ្មីៗចំនួន ៣ បន្ថែមទៀត ហោះហើរត្រង់ចូលមកកម្ពុជា ខណៈកម្ពុជាបច្ចុប្បន្នមានក្រុមហ៊ុនចំនួន៣១ កំពុងដំណើរហោះហើរចេញ-ចូលព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមទំព័រហ្វេសប៊ុករបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះ។

តាមការឱ្យដឹងពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលខាងលើ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយប្រៀបធៀបចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥នេះ ការហោះហើរទ្វេទិស (Flight Movements) មានការកើនឡើងប្រមាណជាង ៦០ជើងក្នុងមួយសប្តាហ៍។

រូបភាពពីហ្វេសប៊ុកអង្គភាពអ្នកនាំពាក្យរបស់រដ្ឋាភិបាល។

គិតត្រឹមដើមឆ្នាំ២០២៥នេះ មានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន ៣១ ដែលកំពុងហោះហើរចេញ-ចូលកម្ពុជា ដោយគិតជាមធ្យមមានជើងហោះហើរទ្វេទិស (Flight Movements) ចំនួន ១ ៣២៤ជើងក្នុងមួយសប្តាហ៍។ ក្នុងនោះ ជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ៩៤២ជើង នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ៣៤៦ជើង និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ៣៦ជើង។

ដោយឡែក លទ្ធផលក្នុងឆ្នាំ២០២៤កន្លងមក ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានដឹកជញ្ជូនអ្នកដំណើរសរុបចំនួន ៦,២៤លាននាក់ កើនប្រមាណ ២២%។ ក្នុងនោះទទួលបានជើងហោះហើរសរុបចំនួន ជិត៦ម៉ឺនជើង(៥៨ ៣៥៤ ) កំណើន ១៤% និងដឹកទំនិញមានចំនួនជិត ៨ម៉ឺនតោន (៧៧ ៨៥២)  ដែលមានកំណើន ៤០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣៕

Share

ព័ត៌មានទាក់ទង