en     km
en     km

កម្ពុជាប្តេជ្ញាពង្រឹងសន្តិសុខស្បៀងអាហារ ដើម្បីសម្រេចបានទស្សនវិស័យសាកល នៅឆ្នាំ ២០៣០​

Share

ក្រុងភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានប្តេជ្ញាចិត្តក្នុងការចូលរួមពង្រឹងសន្តិសុខ សុវត្ថិភាព និង គុណភាពចំណីអាហារ ដើម្បីសម្រេចបាននូវទស្សនវិស័យជាសាកល ក្នុងការកាត់បន្ថយភាពអត់ឃ្លាន និង កង្វៈអាហាររូបត្ថម្ភ នៅឆ្នាំ ២០៣០។

លោក វ៉េង សាខុន បានថ្លែងប្តេជ្ញាយ៉ាងដូច្នេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ ពាក់ព័ន្ធនឹងប្រធានបទ នៃចលនាបង្កើនកិច្ចអន្តរាគមន៍អាហាររូបត្ថម្ភ ជាមួយនឹងលោកស្រី Gerda Verburg អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និង ជាអ្នកសម្របសម្រួលចលនាបង្កើនកិច្ចអន្តរាគមន៍ កាលថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៨ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។

លោកបានប្តេជ្ញាយ៉ាងដូច្នេះថា៖ «កម្ពុជាក៏ដូចជាបណ្តារប្រទេស ក្នុងតំបន់ដែលផ្តោលលើការយកចិត្តទុកដាក់ ក្នុងការពង្រឹងសន្តិសុខស្បៀង សុវត្ថិភាពនិងគុណភាពចំណីអាហារ ដើម្បីចូលរួមចំណែកសម្រេចឲ្យបាននូវទស្សនវិស័យ ក្នុងការកាត់បន្ថយភាពអត់ឃ្លាន និង កង្វះ អាហាររូបត្ថម្ភ ក៏ដូចជាការកាត់បន្ថយនូវភាពកក្រីក្រ និងភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋផងដែរ»។

ឆ្លើយតបនឹងការលើកឡើងនេះ លោកស្រី Gerda Verburg បានបង្ហាញនូវទស្សនវិជ្ជមាន និង សុទិដ្ឋិនិយមជាច្រើនចំពោះកម្ពុជា ក្នុងការអភិវឌ្ឍនូវវិស័យកសិកម្ម លើការអភិវឌ្ឍ វិនិយោគផ្នែកសន្តិសុខស្បៀង និង អាហាររូបត្ថម្ភ ព្រោះកម្ពុជាជាទឹកដី ដែលអំណោយផលសម្រាប់វិស័យកសិកម្ម។

លោកស្រីបានសង្កត់ធ្ងន់ថា ការរៀបចំប្រព័ន្ធស្បៀងអាហារ រវាងកសិកម្ម ជលផល និង ព្រៃឈើ នៅកម្ពុជា ដោយត្រូវធ្វើការកំណត់ភូមិសាស្រ្តនៃការអភិវឌ្ឍ ការកំណត់ប្រភេទដំណាំ ការពិនិត្យមើលស្ថានភាពនៃការគ្រប់គ្រងទឹក ស្ថានភាព នៃការប្រែប្រួលអាកាសធាតុ និង ប្រព័ន្ធជីវចម្រុះ និង ធ្វើការវាយតម្លៃនូវសក្តានុពលនៃការអភិវឌ្ឍ និង ការវិនិយោគ។

លោកស្រីបន្តថា ភាគីពាក់ព័ន្ធទាំងអស់ត្រូវប្តេជ្ញាចូលរួមគាំទ្រ នៃចលនាបង្កើនកិច្ចអន្តរាគមន៍អាហាររូបត្ថម្ភ ដោយផ្តើមតម្រង់ទិសតាមប្រទេសនីមួយៗ ដើម្បីចូលរួមកាត់បន្ថយភាពអត់ឃ្លាន និង កង្វះអាហាររូបត្ថម្ភនៅឆ្នាំ ២០៣០ ទាំងអស់គ្នា។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះអង្គការសហ​ប្រជាជាតិ  ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា។ លោករដ្ឋមន្រ្តី សំដែងនូវការស្វាគមន៍ចំពោះគម្រោងអភិវឌ្ឍនានា និង ការវិនយោគក្នុងវិស័យកសិកម្មនៅកម្ពុជាផងដែរ។
សូមបញ្ជាក់ថា ចលនាបង្កើនកិច្ចអន្តរាគមន៍អាហាររូបត្ថម្ភនេះ ជាចលនាទស្សនវិស័យ ក្នុងការធានានូវការកាត់បន្ថយទាំងស្រុង នូវកង្វះ អាហាររូបត្ថម្ភឆ្នាំ ២០៣០ ដែលទាមទារឲ្យមានការចូលរួមពីភាគីពាក់ព័ន្ធដូចជា រដ្ឋាភិបាល សង្គមស៊ីវិល វិស័យ​​ឯកជន គ្រឹះស្ថានស្រាវជ្រាវ និង អ្នកពាក់ព័ន្ធ ដែលចូលរួមដោះស្រាយបញ្ហាសន្តិសុខស្បៀង និង អាហាររូបត្ថម្ភ៕

Share

Image
Image
Image