en     km
en     km

មន្ទីរពេទ្យកាល់ម៉ែត៖ ការប្រើថ្នាំសន្លាក់មិនត្រឹមត្រូវបង្កឱ្យមានបញ្ហា ៥ យ៉ាងដល់រាង្គកាយ

Share

ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំ កូរទីកូអ៊ីត (Corticoïdes) រឺក៏ ស្តេរយ (Steroids) ឬថ្នាំសន្លាក់ មិនបានត្រឹមត្រូវតាមវេជ្ជបញ្ជា ឫដោយគ្មានវេជ្ជបញ្ជា អាចបង្កបញ្ហាមួយចំនួនដល់សុខភាពរាង្គកាយ។នេះបើតាមការបញ្ជាក់លើទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែតកាលពីពេលថ្មីៗនេះ។

ថ្នាំពេទ្យប្រភេទ កូរទីកូអ៊ីត រឺក៏ ស្តេរយ ជាថ្នាំដែលគេប្រើប្រាស់សម្រាប់ព្យាបាល បញ្ហារលាកសន្លាក់ ការឈឺសន្លាក់ និងជំងឺរ៉ាំរ៉ៃមួយចំនួនទៀត។ ថ្នាំទាំងនេះមានប្រភេទជាថ្នាំគ្រាប់ៈ (Cortancyl, Prednisone, Prednisolone, Dexamethaxone…) ដែលសាធារណជនចំណាំហៅថា ថ្នាំគ្រាប់ត្រសក់ ថ្នាំក្រពើហោះ នោះឯង ។ក្រៅពីថ្នាំលេប ក៏មានផងដែលថ្នាំប្រភេទចាក់(Triamcinolone methylprednisolone…) ថ្នាំបឺតតាមមាត់ (Becotide, Serritide…)  ថ្នាំលាបលើស្បែក (Hydrocortisone cream, betamethasone…) និងមួយផ្នែកទៀតជាថ្នាំឬសឈើដាំទឹកផឹក និងថ្នាំសូនជាគ្រាប់ក៏មានផងដែរ។

មន្ទីរពេទ្យកាល់ម៉ែតសង្កេតឃើញថា ថ្នាំដែលបានរៀបរាប់ខាងលើនេះ មានប្រសិទ្ធភាពខ្ពស់សម្រាប់ប្រើប្រាស់ព្យាបាលជំងឺ ប៉ុន្តែបើមិនគោរពតាមលក្ខណ្ឌវេជ្ជសាស្រ្តនៃការប្រើប្រាស់ថ្នាំនោះទេ នឹងអាចបណ្តាលឱ្យមានគ្រោះថ្នាក់ អាចឈានដល់គ្រោះថ្នាក់អាយុជីវិតថែមទៀតផង។

ឱសថបុរាណដាក់លក់លើទីផ្សារ។រូបភាពពីកាល់ម៉ែត។

អ្វីដែលខាងមន្ទីរពេទ្យសង្កេតឃើញកន្លងមក គឺមានអ្នកប្រកបរបរមិនសុច្ចរិត មិនត្រឹមត្រូវ យកថ្នាំទាំងនេះទៅប្រើប្រាស់ខុសក្បួនវេជ្ជសាស្រ្តដូចជា ធ្វើជាថ្នាំសូន ថ្នាំឬសឈើសម្រាប់ផឹក និងបំបាត់ការឈឺចាប់ឆ្អឹងឆ្អែង ឈឺចុកចាប់សាច់ដុំជាដើម។ ជាងនេះទៀត មានជនខ្លះយកថ្នាំទាំងនេះទៅចាក់ ពោលគឺឈឺត្រង់ណាចាក់ត្រង់នោះ ដើម្បីបំបាត់ការឈឺចាប់ដោយមិនស្វែងរករោគវិនិឆ្ឆ័យនៃជំងឺ ដែលជួនកាលមានរហូតដល់ចាក់ចូលទៅក្នុងសន្លាក់ទៀតក៏មាន។

តើអ្វីទៅជាផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំ កូរទីកូអ៊ីត រឺក៏ ស្តេរយ មិនបានត្រឹមត្រូវ?

ផ្អែកតាមមន្ទីរពេទ្យកាល់ម៉ែត បានអះអាងថា មានបញ្ហាចំនួន៥ចំណុចធំៗដែលបង្កចេញពីការប្រើប្រាស់ថ្នាំព្យាបាលសន្លាក់គ្មានវេជ្ជបញ្ជាត្រឹមត្រូវ។ក្នុងនោះទី១ គឺធ្វើអោយមានការប្រែប្រួលអរម៉ូន កូរទីកូអ៊ីត រឺក៏ ស្តេរយ ធម្មជាតិនៅក្នុងខ្លួន។ មានន័យថា នៅពេលដែលអ្នកជំងឺប្រើប្រាស់ថ្នាំដែលរៀបរាប់ខាងលើរយៈពេលយូរ និងកម្រិតដូសខ្ពស់មិនបានត្រឹមត្រូវ នោះអ្នកជំងឺអាចលេចចេញនូវរោគសញ្ញាដូចជា ហើមមុខ ធាត់ក្បាលពោះ ប៉ុន្តែអវយវៈដៃជើងតូចៗ ស្បែកឡើងផុយងាយជាំ និងរលាត់ ជាដើម។

មិនត្រឹមតែប៉ុណ្ណោះ នៅពេលអ្នកជំងឺឈប់ប្រើប្រាស់ថ្នាំទាំងនោះ ពេលនោះអរម៉ូនធម្មជាតិនៅក្នុងខ្លួនអ្នកជំងឺមានការថយចុះ រឺក៏មិនផលិតតែម្តង ដែលលេចចេញរោគសញ្ញាដូចជា អស់កម្លាំង ហេវហត់ ល្ហិតល្ហៃ ជាពិសេសនៅពេលថ្ងៃរសៀលចាប់ពីម៉ោង ៤ គឺសម្ពាធឈាមចុះ ជួនកាលសម្ពាធឈាមចុះរហូតដល់មានគ្រោះថ្នាក់ទៀតផង។

រូបភាពពីកាល់ម៉ែត។

ទី២ គឺអាចកើតជាជំងឺទឹកនោមផ្អែម។ បើតាមការពន្យល់របស់មន្ទីរកាល់ម៉ែត កាលណាប្រើប្រាស់ថ្នាំសន្លាក់ នោះអ្នកជំងឺមានអាការៈឃ្លាន ហើយទទួលទានអាហារឆ្ងាញ់ ទទួលទានបាន ជាហេតុធ្វើអោយអ្នកជំងឺលេចចេញជំងឺទឹកនោមផ្អែមក៏មាន។

រីឯបញ្ហាទី ៣ វិញគឺអ្នកជំងឺអាចកើតមានជំងឺពុកឆ្អឹងដោយសារការប្រើថ្នាំប្រភេទ កូរទីកូអ៊ីត រឺក៏ ស្តេរយ នេះ រយៈពេលយូរ ដ្បិតឥទ្ធិពលថ្នាំនឹងធ្វើឱ្យកំហាប់ឆ្អឹងថយចុះ ហើយអ្នកជំងឺប្រឈមមុខនឹងការបាក់ឆ្អឹងខ្នង បាក់ឆ្អឹងត្រគាក ។ល។ ចំណែកបញ្ហាទី ៤ គឺប្រឈមកើតជំងឺលើសឈាម។ តាមការបកស្រាយពីមន្ទីរដដែរ នៅពេលអ្នកជំងឺទទួលទានថ្នាំ កូរទីកូអ៊ីត រឺក៏ ស្តេរយ ក្នុងកម្រិតមួយខ្ពស់ អាចបង្កឱ្យចាលជាតិទឹក និងជាតិសូដ្យូមនៅក្នុងខ្លួន ពេលនោះសម្ពាធឈាមអ្នកជំងឺកើនឡើង។ ហើយចំណុចចុងក្រោយធ្វើឱ្យប្រព័ន្ធភាពស៊ាំក្នុងខ្លួនថយចុះ។ត្រង់ចំណុចនេះ អ្នកពិសារថ្នាំ កូរទីកូអ៊ីត រឺក៏ ស្តេរយ ក្នុងរយៈពេលយូរ ពេលនោះប្រព័ន្ធភាពស៊ាំក្នុងខ្លួនថយចុះ។ អ្នកជំងឺអាចប្រឈមមុខនឹងការកើតជំងឺផ្សិត (ស្រែងលើស្បែក) ផ្សិតអណ្តាត រលាកផ្លោកនោម រលាកតម្រងនោម។ល។

រូបភាពពីកាល់ម៉ែត។

ករណីមួយទៀតផងដែល បើសិនជាគេយកថ្នាំទាំងនេះទៅចាក់ចូលក្នុងសន្លាក់នេះមិនបានត្រឹមត្រូវ វាអាចធ្វើអោយមានខ្ទុះនៅក្នុងសន្លាក់។

ជាឱវាទពីមន្ទីរពេទ្យកាល់ម៉ែតបានរៀបរាប់ថា ថ្នាំគឺជាអាវុធមុខពីរ ហេតុដូចនេះសាធារណជន គួរគប្បីប្រឹក្សាជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ មុនទទួលទានថ្នាំប្រភេទ កូរទីកូអ៊ីត រឺក៏ ស្តេរយ ដោយពិសារក្នុងកម្រិតដូសត្រឹមត្រូវ រយៈពេលត្រឹមត្រូវ ហើយជៀសវាងទទួលទានថ្នាំជាឱសថបុរាណក្តី ជាថ្នាំសូនដើម្បីឲ្យបាយបាន បំបាត់ការឈឺចុកចាប់ឆ្អឹងឆ្អែងក្តី ដែលមិនមានប្រភពច្បាស់លាស់។

ប្រសិនណាបងប្អូនបានកំពុងនិងប្រើប្រភេទថ្នាំទាំងនេះ ហើយលេចចេញនូវរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមប្រញាប់មកជួបជាមួយវេជ្ជបណ្ឌិតជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជៀសវាងនូវផលវិបាកទាំងនេះ៕

Share

ព័ត៌មានទាក់ទង