en     km
en     km

ឆ្នាំ២០២៤អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ជាង១,៥០០នាក់ភាគច្រើនល្មើសល្បឿននិងមិនគោរពសិទ្ធិគ្នា

Share

ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ខណៈរបាយការណ៍ពេញមួយឆ្នាំក្នុងឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចររាចរណ៍កើតឡើងចំនួនជិត៣ពាន់លើក(២,៨៤៤) គិតជាមធ្យមមានអ្នកបាត់បង់អាយុជីវិតប្រមាណ ៤នាក់ក្នុងមួយថ្ងៃ និងអ្នកបាត់បង់ជីវិតសរុបជាង១៥០០នាក់។ ទិន្នន័យនេះបើធៀបឆ្នាំ២០២៣ បានថយចុះប្រមាណ ១៤% ក៏ប៉ុន្តែពលរដ្ឋនៅតែទទូចឱ្យរដ្ឋាភិបាលពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែម ដើម្បីផ្តល់សុវត្ថិភាពទាំងផ្លូវកាយនិងចិត្តដល់ពលរដ្ឋដែលធ្វើដំណើរនៅតាមដងផ្លូវ។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ថា រាប់គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២,៨៤៤លើក ដែលក្នុងនោះបង្កឱ្យមានអ្នករងរបួសស្រាលចំនួន ១,៤៤៧នាក់, អ្នករងរបួសធ្ងន់មានចំនួន ២,២៧៣នាក់, និងមានអ្នកស្លាប់សរុបប្រមាណ ១,៥០៩នាក់។ បើគិតជាមធ្យមនៅឆ្នាំ២០២៤ មានជនរងគ្រោះស្លាប់បាត់បង់អាយុជីវិតដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួន ៤នាក់ក្នុងមួយថ្ងៃ។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន

 

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ បានគូសបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកថា មូលហេតុចម្បងដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីកត្តាល្បឿនលឿនហួសកំណត់ និងការមិនគោរពសិទ្ធិគ្នានៅពេលធ្វើដំណើរនៅតាមដងផ្លូវ។

បើយោងតាមរបាយការណ៍ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៤ អ្នកបើកបរក្នុងល្បឿនលឿនហួសកំណត់មានចំនួន ១១៥៦លើក, អ្នកបើកបរមិនគោរពសិទ្ធិគ្នានៅតាមដងផ្លូវមានចំនួន ៦៤៩លើក, អ្នកបើកបរមិនប្រកាន់ស្តាំមានប្រមាណ ២៦៨លើក, និងអ្នកបើកបរបត់យានយន្តមិនបានប្រុងប្រយ័ត្នបង្កជាគ្រោះថ្នាក់មានចំនួន ២២១លើក។ ក្នុងនោះ គ្រោះថ្នាក់ចរាចរណ៍មួយចំនួនបានបង្កឡើងដោយសារកត្តាអ្នកបើកបរយានជំនិះបើកប្រជែងគ្នាបណ្តាលឱ្យកើតគ្រោះថ្នាក់ជាយថាហេតុនៅតាមចិញ្ចើមផ្លូវ ដែលក្នុងនោះធ្វើឱ្យកក់ស្ទះចរាចរណ៍ និងករណីខ្លះទៀតបណ្តាលឱ្យអ្នកបើកបរដទៃរងរបួសឬឈានដល់ការបាត់បង់អាយុជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ជាងនេះ កត្តាយានយន្តបើកបរមានការកែច្នៃខុសស្តង់ដា ក៏បង្កជាគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

សកម្មភាពប្រជាពលរដ្ឋធ្វើដំណើរបើកបរយានជំនិះនៅតាមដងផ្លូវ

 

លោក ផន រឹម បានលើកឡើងដែរថា មូលហេតុដែលបង្កជាគ្រោះថា្នក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៤ផ្សេងទៀតមានដូចជាអាចបណ្តាលមកពីកត្តាស្រវឹង បញ្ហាធាតុអាកាស ការមិនគោរពភ្លើងសញ្ញា ងងុយគេងពេលបើកបរ និងកត្តាស្ថានភាពផ្លូវជាដើម។ មិនត្រឹមតែប៉ុណ្ណោះ អ្នកបើកបរយានជំនិះនៅតាមដងផ្លូវមួយចំនួនមិនបានពាក់មួកសុវត្ថិភាពនៅអំឡុងពេលបើកបរនោះទេ ដែលធ្វើឱ្យមានអ្នករងគ្រោះប្រមាណ ២,៤៧៧នាក់។

តែយ៉ាងណា ទិន្នន័យនេះបើតាមអ្នកនាំពាក្យដដែរគឺថយចុះ ៤៧៣លើក ដែលស្មើនឹង ១៤% ពោលគឺថយចុះអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ៨១នាក់ បើធៀបនឹងឆ្នាំ២០២៣។

ឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វារនៅយប់អាធ្រាត្រឈានចូលថ្ងៃទី៩ ខែមករា​​ ឆ្នាំ២០២៥

 

ទាក់ទងរឿងនេះ ពលរដ្ឋម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Chanthy Svr ចូលមកបញ្ចេញមតិក្នុងសារបង្ហោះរបស់អ្នកនាំពាក្យយ៉ាងដូច្នេះថា បើតាមអ្វីដែលលោកសង្កេតឃើញគឺសព្វថ្ងៃនេះមានប៉ូលីសចរាចរណ៍មួយចំនួនប្រើប្រាស់ច្បាប់ដើម្បីធ្វើអាជីវកម្មផាកពិន័យអ្នកបើកបរមិនត្រឹមត្រូវទៅតាមច្បាប់ចរាចរណ៍ផ្លូវគោកដែលបានចែងជាធរមាន។ ពិសេសនោះ សកម្មភាពប៉ូលីសចរាចរណ៍ចាំស្ទាក់ប្រជាពលរដ្ឋដែលធ្វើដំណើរកាន់ភ្លើងស្តុប ដែលធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនមិនពេញចិត្តរិះគន់ទៅលើការអនុវត្តច្បាប់ និងការដឹកនាំរបស់រដ្ឋាភិបាល។ ដើម្បីឆ្លើយតបនឹងបញ្ហាដែលលោកសង្កេតឃើញនេះ ក្នុងនាមជាពលរដ្ឋលោកស្នើថា «ច្បាប់ចរាចរណ៏ដើម្បីអោយមានប្រសិទ្ធភាពលើការអនុវត្ត មានតែបង្កើតក្រុមចំរុះអន្តរក្រសួង មានប៉ូលីស មានប៉េអឹម មានក្រសួងសារធារណៈការ មានមន្រ្តីខេត្ត ក្រុង និងអង្គភាពប្រឆាំងអំពើពុករលួយ ចុះអនុវត្តអោយត្រឹមត្រូវតឹងរឹង ទើបប្រជាពលរដ្ឋមានការខ្លាចរអា។»

សកម្មភាពមន្រ្តីប៉ូលីសធ្វើចរាចរណ៍ និងស្ទាក់ឃាត់រថយន្តនៅតាមដងផ្លូវ

 

ជុំវិញករណីចរាចរណ៍ផ្លូវគោកនេះដែរ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកធ្លាប់បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាផងដែរ ដ្បិតចំនួនជនរងគ្រោះបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតែមានតួលេខខ្ពស់នៅឡើយ។ លោកស្រីសង្កេតឃើញថា អ្នកស្លាប់ភាគច្រើនជាអ្នកប្រើប្រាស់ទោចក្រយានយន្ត និងអ្នកដែលមិនពាក់មួកសុវត្ថិភាពក្នុងពេលធ្វើដំណើរ ដែលករណីនេះទាមទារឱ្យអ្នកប្រើប្រាស់ផ្លូវគ្រប់រូបត្រូវពង្រឹងស្មារតីប្រុងប្រយ័ត្នក្នុងពេលបើកបរ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន

 

ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកស្រី ស្នើដល់មន្រ្តីមានសមត្ថកិច្ចគ្រប់លំដាប់ថា្នក់ត្រូវតែរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅលើដងផ្លូវសាធារណៈ ដោយពុំមានការយោគយល់នោះឡើយ និងដើម្បីធានាឱ្យការអនុវត្តច្បាប់កាន់តែប្រសើរឡើង មន្រ្តីនគរបាលទាំងអស់ត្រូវពន្យល់អប់រំណែនាំឱ្យប្រជាពលរដ្ឋយល់ច្បាស់អំពីច្បាប់ចរាចរណ៍ផ្លូវគោក និងត្រូវចូលរួមអនុវត្តទាំងអស់គ្នា៕

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង