en     km
en     km

កំពង់ធំ៖មន្រ្តីឃុំទាំង៨១ទទួលការបណ្តុះបណ្តាលកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ

Share

កំពង់ធំ៖ មន្រ្តីមូលដ្ឋានទាំង ៨១ ឃុំ សង្កាត់ នៃខេត្តកំពង់ធំ កាលពីពាក់កណ្តាលខែមិថុនា បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីវគ្គតម្រង់ទិសនៃយន្តការ និងនីតិវិធីអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនិងជម្ងឺកូវីដ១៩។

សកម្មភាពប្រជុំរបស់មន្រ្តីឃុំនៃស្រុកបារាយណ៍ខេត្តកំពង់ធំ។​

វគ្គបណ្តុះបណ្តាលដែលរៀបចំនៅមន្ទីរសង្គមកិច្ចខេត្តកំពង់ធំ ធ្វើឡើងក្នុងគោលបំណងផ្ដល់កិច្ចការពារដើម្បីរក្សាលំនឹងជីវភាពរស់នៅសម្រាប់គ្រួសារក្រីក្រនិងងាយរងគ្រោះពេលប្រយុទ្ធនឹងជម្ងឺកូវីដ១៩។

មួយវិញទៀត ដើម្បីសម្របសម្រួល និងគាំទ្ររដ្ឋបាលឃុំ សង្កាត់ ក្នុងការអនុវត្តកម្មវិធីផ្អែកយន្តការដែលមានស្រាប់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និង កុមារក្រោមអាយុ ២ ឆ្នាំ។

សកម្មភាពកិច្ចប្រជុំ។

ជាគោលដៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទទួលខុសត្រូវការចូលរួមផ្សព្វផ្សាយការយល់ដឹងអំពីកម្មវិធី បង្កើនសមត្ថភាពឃុំ សង្កាត់ តាមដានត្រួតពិនិត្យ និងដោះស្រាយបញ្ហាពាក់ព័ន្ឌនឹងកម្មវិធី។

សូមបញ្ជាក់ថា ជាជំហានដំបូងនេះ“កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩”បានផ្តល់ជូនចំនួន៦០ម៉ឺនគ្រួសារ ក្នុងនោះ៖

សកម្មភាពមន្រ្តីឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ចុះកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ។ រូបភាព ហ្វេសប៊ុក ពោ គីមសេង

ទី១៖ តំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ

+ «សម្រាប់បណ្ណ [ក្រ-១]» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៥២០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម៤ ម៉ឺនរៀលម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ ឆ្នាំ, ជាជនមានពិការភាព, ជាជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និង ជាអ្នកផ្ទុកមេរោគអេដស៍។

+ «សម្រាប់បណ្ណ [ក្រ-២]»៖ ក្នុង១គ្រួសារ ទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៣៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨០០០៛ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជាជនមានពិការភាព, ជាជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង និងជាអ្នកផ្ទុកមេរោគអេដស៍។

គ្រួសារក្រីក្រក្នុងឃុំឈូកខ្សាច់ទទួលបានថវិកាក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋ។

ទី២៖ តំបន់ទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ

+ «សម្រាប់បណ្ណ [ក្រ-១]» ៖ ក្នុង១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៤ម៉ឺនរៀល) សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ៤ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ ។

+ «សម្រាប់បណ្ណ [ក្រ-២]» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម២៨ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។

ពលរដ្ឋដែលបានកំណត់អត្តសញ្ញាណស្ថិតក្នុងគ្រួសារក្រីក្រមកទទួលសាច់ប្រាក់ឧបត្ថម្ភពីឃុំ។

ទី៣៖ តំបន់ជនបទ

+ «សម្រាប់បណ្ណ [ក្រ-១]» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ២៤ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៤ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។

+ «សម្រាប់បណ្ណ [ក្រ-២]» ៖ ក្នុង ១រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ១៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម១៦ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និងអ្នកផ្ទុកមេរោគអេដស៍។

បើតាមនាយករដ្ឋមន្រ្តី រហូតដល់ពេលនេះកម្ពុជាបានបញ្ចេញប្រាក់១២៥លានដុល្លាររួចទៅហើយ ហើយរាជរដ្ឋាភិបាលនឹងត្រៀមបញ្ចេញថវិកាបន្តទៀត បើសិនជាហេតុការណ៍ផលប៉ះពាល់នៃជំងឺកូវីដ១៩ នេះអូសអន្លាយបន្តទៀត ប៉ុន្តែរាជរដ្ឋាភិបាលនឹងបញ្ឈប់សកម្មភាពវិញផងដែរ បើសិនជាស្ថានភាពបានប្រសើរឡើង៕

អត្ថបទខ្លីសរសេរដោយ ពោ គីមសេង យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image