ភ្នំពេញ៖ នៅវេលាថ្ងៃត្រង់ថ្ងៃទី០៣ ខែមករាឆ្នាំ២០២២នេះ សមត្ថកិច្ចបានបន្តឃាត់ខ្លួនបាតុករក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ១៤ បន្ថែមទៀត ខណៈពួកគេបន្តតវ៉ាទាមទារឱ្យមានការដោះលែងសហជីពនិងបុគ្គលិកណាហ្គាវើលដ៍ដែលត្រូវបានឃាត់ខ្លួនកាលយប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ មន្រ្តីឃ្លាំមើលសិទ្ធិមនុស្សយល់ថា ការបន្តការឃាត់ខ្លួនបាតុករនេះ ពុំមែនជាដំណោះស្រាយល្អនោះទេ ប៉ុន្តែរឹតតែធ្វើឱ្យរូបភាពនៃការរំលោភសិទ្ធិមនុស្ស និងកម្មករកាន់តែមានស្ថានភាពធ្ងន់ធ្ងរឡើងៗទៅវិញ។
លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ
យ៉ាងហោចណាស់មានបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ១៤ នាក់បន្ថែមទៀតត្រូវបានឃាត់ខ្លួន បន្ទាប់ពីពួកគេបានបន្តការតវ៉ាទាមទារឱ្យមានការដោះលែងតំណាងរបស់ពួកគេចំនួន ៩ នាក់ដែលត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២១។ ការចាប់ខ្លួនបាតុករចំនួន ១៤ នាក់ទៀតនេះ ធ្វើឡើងនៅម្តុំមុខស្ថានទូតអូស្ត្រាលីក្បែរវិមានរដ្ឋសភា ខណៈពួកគេទើបត្រឡប់ពីសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកមិញ។ នេះបើតាមការគូសបញ្ជាក់ពីបុគ្គលិកផ្នែកភោជនីយដ្ឋាននៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍គឺ អ្នកស្រី ណុប ទិត្យបូរ៉ាវី ប្រាប់វិទ្យុស្រ្តីនៅរសៀលនេះ។
អ្នកស្រីបន្តថា ពេលក្រុមបុគ្គលិកណាហ្គាវើលដ៍ត្រឡប់ពីសាលាដំបូងរាជធានីភ្នំពេញដើម្បីតាមដានសាវនាការតំណាងសហជីព ស្រាប់តែសមត្ថកិច្ចរាប់រយនាក់ប្រដាប់ដោយខែល ដំបង និងបានដាក់ប៉ារ៉ាស់នៅមុខស្ថានទូតអូស្ត្រាលីរារាំងក្រុមបាតុករមិនឱ្យបន្តដំណើរទៅមុខក្រុមហ៊ុនណាហ្គាវើលដ៍។ អ្នកស្រីបន្ថែមថា នៅពេលក្រុមបាតុករស្រែកទាមទារឱ្យមានការដោះលែងតំណាងរបស់ពួកគេ ស្រាប់តែសមត្ថកិច្ចធ្វើសកម្មភាពបំបែកនិងចាប់អ្នកតវ៉ាដែលភាគច្រើនជាស្រ្តីនិងជាតំណាងសហជីពឡើងឡានតែម្តង។ តែយ៉ាងណាអ្នកស្រីមិនទាន់អាចបញ្ជាក់ពីឈ្មោះអ្នកដែលត្រូវបានចាប់ខ្លួន និងមិនដឹងថាសមត្ថកិច្ចបញ្ជូនអ្នកទាំងនោះទៅណានៅឡើយនោះទេ។
ទាក់ទងការចាប់ខ្លួនបុគ្គលិកណាហ្គាវើលដ៍ចំនួន១៤បន្ថែមនេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា មិនទាន់អាចបំភ្លឺបាននៅឡើយទេ ព្រោះលោកពុំទាន់ទទួលបានព័ត៌មាននេះ។ ប៉ុន្តែលោកថា ការចាប់ខ្លួនបុគ្គលិកណាហ្គាវើលដ៍ចំនួន ៩ នាក់កាលពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០២១ គឺដោយសារក្រុមបាតុករបានបង្កភាពចលាចល វឹកវរក្នុងសង្គម។
លោក សាន សុខសីហា៖«ខ្ញុំមិនទាន់បានទទួលព័ត៌មានទេ តែទាក់ទងករណីនៃការឃាត់ខ្លួនក្រុមធ្វើបាតុកម្មអុកឡុក បង្កឱ្យមានភាពវឹកវរក្នុងសង្គមជាតិនេះ យើងឃាត់បាន៩នាក់ ហើយបានបញ្ជូនតុលាការចំនួន ៦ នាក់ និងធ្វើការអប់រំចំនួន៣នាក់»។
ជុំវិញរឿងនេះដែលលោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូនិយាយថា ការបន្តការឃាត់ខ្លួនបាតុករនៃក្រុមហ៊ុនណាហ្គាវើលដ៍ទៀតនេះ មិនមែនជាដំណោះស្រាយល្អនោះទេ តែផ្ទុយវិញរឹតតែបង្ហាញរូបភាពនៃការរំលោភសិទ្ធិមនុស្ស សិទ្ធិការងារកាន់តែធ្ងន់ធ្ងរទៅវិញ។ លោកយល់ថា ស្ថាប័នពាក់ព័ន្ធ ពិសេសភាគីក្រុមហ៊ុនណាហ្គាវើលដ៍គប្បីប្រើប្រាស់យុទ្ធសាស្រ្តដោះស្រាយបញ្ចប់វិវាទដោយការចរចាសន្តិវិធី តាមរយៈការទទួលបុគ្គលិកឱ្យចូលធ្វើការវិញ និងទូទាត់សំណងជូនបុគ្គលិកមុននឹងបញ្ឈប់ពួកគេពីការងារទើបជាជម្រើសប្រសើរ។
លោក អំ សំអាត៖«នេះជារឿងការរំលោភបំពានលើសិទ្ធិការងារ ទៅលើសិទ្ធិសហជីព និងទៅលើសិទ្ធិមនុស្សដែលយើងមិនចេះដោះស្រាយតាមសន្តិវិធី តែបែបជាប្រើប្រាស់ការចាប់ខ្លួនជំនួសវិញ»។
សូមបញ្ជក់ថា នៅព្រឹកមិញនេះសហជីពនិងបុគ្គលិកណាហ្គាវើលដ៍ចំនួន ៦នាក់ត្រូវបានបញ្ជូនទៅសាកសួរនៅតុលាការសាលាដំបូងរាជធានីភ្នំពេញ និង ៣ នាក់ផ្សេងទៀតត្រូវបានដោះលែងក្រោយធ្វើការណែនាំ។ ពួកគេទាំង ៩ នាក់នោះត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២១ បន្ទាប់ពីសាលារាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងឱ្យក្រុមបាតុករបញ្ឈប់ជាបន្ទាន់នូវសកម្មភាពធ្វើកូដកម្មដោយខុសច្បាប់របស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករនៃក្រុមហ៊ុនណាហ្គាវើលដ៍។
សូមរំលឹកថា បុគ្គលិកកម្មករណាហ្គាវើលដ៍ជាង ១ពាន់នាក់ បានចាប់ផ្តើមធ្វើកូដកម្មចាប់តាំងពីខែធ្នូ ឆ្នាំ២០២១មក ដើម្បីទាមទារដំណោះស្រាយលក្ខខណ្ឌការងារចំនួន ៩ ចំណុចពីថៅកែក្រុមហ៊ុន។ ការចេញធ្វើកូដកម្មនេះ បន្ទាប់ពីស្ថាប័នពាក់ព័ន្ធរួមមានសាលារាជធានីភ្នំពេញ ក្រសួងការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្តាលបានបរាជ័យក្នុងការដោះស្រាយវិវាទមួយនេះ៕