en     km
en     km

សមត្ថកិច្ចបំភ្លឺថាករណីបុរសជនជាតិចិនម្នាក់លោតចេញពីឡានគឺជាការព្យាយាមគេចពីការចាប់ជំរិត

Share

ភ្នំពេញ៖ ករណីបុរសជនជាតិចិនម្នាក់លោតចេញពីលើឡានកំពុងបើកបរ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ គឺជាករណីព្យាយាមគេចចេញពីការចាប់ជំរិត។ នេះបើតាមការសេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការនគរបាលខេត្តកណ្តាលនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះ។

លោក កែវ សុខា ជូនសេចក្តីរាយការណ៍

តាមរយៈសេចក្តីបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលចេញផ្សាយនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះ បញ្ជាក់ថា ករណីបុរសជនជាតិចិនម្នាក់ បានព្យាយាមលោតចេញពីរថយន្តម៉ាក Prius ពណ៌ក្រហម គឺជាការរត់គេចចេញពីការចាប់ជំរិត។

បើតាមទំព័រហ្វេសប៊ុករបស់ស្នងការនគរបាលខេត្តកណ្តាល បន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីអ្នកប្រើប្រាស់ហ្វេសប៊ុកមានគណនីឈ្មោះ Video Funny បង្ហោះពីករណីនេះ សមត្ថកិច្ចបានស្រាវជ្រាវដោយទទួលបានលទ្ធផលថា ករណីនេះជា ករណីចាប់ជំរិតទារប្រាក់ កើតហេតុនៅចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិក្រាំងទ្រា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។

សម្រាប់ជនរងគ្រោះម្នាក់ដែលព្យាយាមលោតចេញពីលើឡាននោះមានឈ្មោះ LIU SEN ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មានលិខិតឆ្លងដែនស្របច្បាប់។

ជនរងគ្រោះដែលត្រូវបានគេចខ្លួនចេញពីការចាប់ជរិតប្រាក់។រូបភាពពីស្នងការខេត្តកណ្តាល។

ផ្អែកតាមចម្លើយសារភាព ពីជនរងគ្រោះបានឱ្យដឹងថា ខ្លួនបានចាកចេញពីប្រទេសចិនមករស់នៅប្រទេសអូស្រ្តាលីនៅអំឡុងឆ្នាំ២០១៦ ដើម្បីប្រកបរបររកស៊ីលក់កញ្ចក់រថយន្តនៅទីនោះ ដែលមានជនជាតិអូស្រ្តាលី ភេទប្រុស ជាដៃគូរកស៊ីត្រូវជាមិត្តភក្តិរបស់ខ្លួន។ លុះមកដល់ខែធ្នូឆ្នាំ២០២៤ ជនរងគ្រោះបានស្គាល់បុរសជនជាតិម្នាក់មានឈ្មោះ FENG ZHIYE តាមការណែនាំពីមិត្តភក្តិរបស់ខ្លួនម្នាក់ទៀត។

ក្រោយស្គាល់គ្នារយៈជិត៣ខែ ជនសង្ស័យឈ្មោះ FENG ZHIYE បានលួងលោមបបួលជនរងគ្រោះមកបើកក្រុមហ៊ុនរកស៊ីមួយកន្លែងនៅភ្នំពេញ ដោយមិនទាន់បញ្ជាក់ទីតាំងពិតប្រាកដនោះទេ គ្រាន់តែប្រាប់ថានឹងទទួលបានភាគលាភប្រចាំខែក្នុងតួនាទីឈរឈ្មោះជាតំណាងក្រុមហ៊ុន។ បន្ទាប់ពីជនរងគ្រោះត្រូវបានចាញ់ល្បួងលួងលោម ជនរងគ្រោះក៏សម្រេចចិត្តចាកចេញពីអូស្រ្តាលីកាលពីថ្ងៃទី០២ ខែមីនា និងបានមកដល់កម្ពុជានៅថ្ងៃទី០៣ ខែមីនា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

មកដល់កម្ពុជា ជនរងគ្រោះបានទាក់ទងទៅជនសង្ស័យហើយជនសង្ស័យក៏រៀបចំរថយន្តម៉ាក TOYOTA PRIUS ពណ៌ក្រហមមួយគ្រឿងមកទទួល ដោយមានអ្នកបើកបរជាជនជាតិខ្មែរភេទប្រុស។

ពេលបើកបរមកដល់ក្បែរកន្លែងកើតហេតុ អ្នកបើកបរក៏ឈប់រថយន្តបើកទ្វារឡានឱ្យមនុស្សបីនាក់ដែលសុទ្ធតែជនជាតិខ្មែរចូលឡានជិះជាមួយ។ លុះដល់ចំណុចកើតហេតុ បុរសជាជនសង្ស័យជនជាតិខ្មែរទាំងបីនាក់បានធ្វើសកម្មភាពចាប់ជនរងគ្រោះនិងដកហូតទូរស័ព្ទពីជនរងគ្រោះ។ ក៏ប៉ុន្តែ ភ្លាមៗជនរងគ្រោះបានរើបម្រះ ចុចបើកកញ្ចក់ទ្វាររថយន្តលោតចេញពីរថយន្តបានសម្រេច ហើយរត់ចូលហាងបាយមួយកន្លែងដើម្បីឱ្យប្រជាពលរដ្ឋជួយ។ បន្ទាប់មកក៏មានសមត្ថកិច្ចមកដល់និងបាននាំខ្លួនមកសាកសួរតែម្តង។

សមត្ថកិច្ចស្នងការខេត្តកណ្តាលបន្ថែមថា បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវរកអត្តសញ្ញាណជនសង្ស័យ និងម្ចាស់រថយន្តខាងលើយកមកចាត់ការតាមនីតិវិធីច្បាប់៕

Share

ព័ត៌មានទាក់ទង