ភ្នំពេញ៖ យ៉ាងហោចណាស់ឧក្រិដ្ឋជនជនជាតិចិន ២នាក់ ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបករណីចាប់នារីៗញាត់ចូលវ៉ាលី ដើម្បីជំរិតទារប្រាក់។ នេះបើតាមទំព័រហ្វេសប៊ុករបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ។
បើតាមប្រភពខាងលើបានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចសណ្ឋាគារ នួ ឌី ស៊ី សង្កាត់ទឹងថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីចាប់ជនរងគ្រោះឈ្មោះ HO THI LUONG ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម ដាក់ចូលទៅក្នុងវ៉ាលី ដើម្បីជំរិតទារប្រាក់។ ហេតុការណ៍នេះបង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណចំនួន ០១ក្រុម ជាជនជាតិចិន។
សកម្មភាពជនសង្ស័យធ្វើសកម្មភាពយកស្រ្តីដាក់ក្នុងវ៉ាលីអូសចូលផ្ទះសំណាក់។រូបភាពពីវីដេអូរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង គឺនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញបានកំណត់អត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ បន្ទាប់មកដឹកនាំកម្លាំងជំនាញជួយសង្គ្រោះជនរងគ្រោះជាស្រ្តីជនជាតិចិនម្នាក់ត្រឡប់មកវិញ ហើយចាប់ខ្លួនក្រុមជនសង្ស័យចំនួន ២នាក់ត្រង់ចំណុចបុរីពិភពថ្មីកួរស្រូវ៣ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើបានសារភាពថា ពួកគេមានគ្នាចំនួន ៣នាក់ បានធ្វើសកម្មភាពចាប់ស្រ្តីជនជាតិចិន និងវៀតណាម ដាក់ចូលទីក្នុងវ៉ាលី ដើម្បីជំរិតទារប្រាក់ចំនួន៦ករណីមកហើយ។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមធ្វើការក្រើនរំលឹក និងអំពាវនាវឲ្យបណ្ដាផ្ទះសំណាក់ សណ្ឋាគារទាំងអស់ នៅពេលឃើញអ្នកអូសវ៉ាលីធំៗខុសប្រក្រតី សូមរាយការណ៍មកកាន់សមត្ថកិច្ចជាបន្ទាន់៕