en     km
en     km

សមត្ថកិច្ចចាប់ខ្លួនមេក្លោងជនជាតិចិនសម្លាប់យុវតីខ្មែរ១៨ម្នាក់

Share

ករណីឃាតកម្មសម្លាប់លើយុវតីខ្មែរវ័យ ១៨ឆ្នាំម្នាក់ រួចយកសពទៅកប់នៅផ្លូវ ៦០ម៉ែត្រយ៉ាងសង្វេគ ត្រូវបានសមត្ថកិច្ចវែកមុខជនសង្ស័យ និងចាប់បានមេក្លោងជនជាតិចិនម្នាក់នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥។ យ៉ាងណា ពលរដ្ឋមួយចំនួនស្នើឱ្យមានការដាក់ទោសទណ្ឌធ្ងន់ធ្ងរចំពោះជនបង្ក។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

មេក្លោងនៃអំពើឃាតកម្មសម្លាប់នារីខ្មែរម្នាក់ ត្រូវបានចាប់ខ្លួនបានសម្រេចនៅក្រុងបាវិត ខេត្តស្វាយរៀងនាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ក្រោមការអន្តរាគមន៍ពីកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិសហការជាមួយប៉ូលិសភ្នំពេញនិងស្វាយរៀង។ ជនសង្ស័យដែលជាជនជាតិចិននេះមានឈ្មោះថា YANG KAIXIN ត្រូវបានជនសង្ស័យពីរនាក់ផ្សេងទៀត អះអាងថាជននេះជាមេក្លោងរៀបគម្រោងការសម្លាប់ជនរងគ្រោះ រីឯពួកគេចូលរួមនៅក្នុងសកម្មភាពនេះកាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។

រូបភាពជនសង្ស័យទាំងបីនាក់ដែលជាជនជាតិចិន។ រូបភាព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ

 

ជនសង្ស័យដែលជាជនជាតិចិនពីរនាក់ផ្សេងទៀតនោះ មានឈ្មោះថា CHEN CONG មានអាយុ៣០ឆ្នាំ និងជាសង្សាររបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានត្រង់ចំណុចអាគារព្រីនស៍ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។ ចំណែកឈ្មោះ LI HAOHAO ភេទប្រុស និងអាយុ៣៤ឆ្នាំ ត្រូវបានចាប់ខ្លួនត្រង់ស្ពានអាកាសសង្កាត់ចង្រែលើ ខណ្ឌមានជ័យនៅក្នុងថ្ងៃដដែល។ តាមការបញ្ជាក់របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជនសង្ស័យទាំងពីរនាក់ខាងលើនេះបានសារភាពថា មូលហេតុដែលឈានដល់សម្លាប់នារីរងគ្រោះ គឺដោយសារយុវតីរូបនេះបានដឹងពីរឿងសម្ងាត់របស់ពួកគេ។

រូបភាពជនរងគ្រោះ។ រូបភាពពីប្រជាពលរដ្ឋ

 

ជនរងគ្រោះជាស្រ្តីជនជាតិខ្មែរម្នាក់មានវ័យ ១៨ឆ្នាំ និងជាកូនច្បងនៅក្នុងគ្រួសារ ត្រូវបានរាយការណ៍ថាបានបាត់ខ្លួនតាមរយៈម្តាយដែលមានឈ្មោះថា ទឹម សុភី។ តាមរយៈការលើកឡើងរបស់ម្តាយជនរងគ្រោះ យុវតីរូបនេះជាក្មេងតស៊ូដ្បិតបង្ខំចិត្តឈប់រៀនដើម្បីរកលុយសងបំណុលគ្រួសារនិងផ្គត់ផ្គង់ជីវភាពអ្នកផ្ទះ តែនៅថ្ងៃកើតហេតុម្តាយជនរងគ្រោះមិនអាចទាក់ទងនឹងកូនស្រីបានឡើយ ជាហេតុដែលធ្វើឱ្យម្តាយជនរងគ្រោះដាក់ពាក្យបណ្តឹងទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ភ្លាមៗនោះកម្លាំងជំនាញបានដាក់ការស្រាវជ្រាវ ដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់ខាងលើ និងរហូតប្រទះឃើញសាកសពនារីម្នាក់ដែលមានភិនភាគដូចនឹងនារីរងគ្រោះ ដែលសង្ស័យជាករណីឃាតកម្ម ត្រូវបានគេកប់ក្នុងដីខ្សាច់ក្បែរផ្សារទំនើប Aeon3 ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សកម្មភាពជនសង្ស័យទៅបង្ហាញនិងធ្វើត្រាប់នៅទីតាំងកើតហេតុ។ រូបភាព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ

 

ជុំវិញករណីនេះ​ មានប្រជាពលរដ្ឋមួយចំនួនបានបញ្ចេញមតិស្រដៀងគ្នាថា សមត្ថកិច្ចកម្ពុជាគួរចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងចំពោះជនល្មើស ឬអាចឈានដល់បង្កើតច្បាប់ដាក់ទោសទណ្ឌជនបរទេសណាដែលប្រព្រឹត្តបទល្មើសនៅកម្ពុជាយ៉ាងធ្ងន់ធ្ងរនិងមានប្រសិទ្ធភាព ចៀសវាងករណីបែបនេះលេចឡើងជាហូរហែ។ ក្នុងនោះ គណនីឈ្មោះ Jee Ly បានសរសេរថា «សង្ឃឹមថាកាត់ទោសវាអោយសមបំផុត រកយុទ្ធិធម៌អោយប្អូនស្រីនោះផងចុះ»

តាមការចុះផ្សាយរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ បូករួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចដកហូត និងត្រូវបាននាយកដ្ឋានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់៕

Share

ព័ត៌មានទាក់ទង