en     km
en     km

ករណីស្លាប់កម្មករចំការចេកនៅខេត្តរតនគិរីកើនដល់១១នាក់ ខណៈមន្រ្តីជំនាញសន្និដ្ឋានថាពុលស្រាសជាជាងពុលថ្នាំគីមី

Share

ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២៣នេះ ករណីស្លាប់កម្មករចំការចេកក្រុមហ៊ុន ថាកូ(Thagrico) បានកើនដល់ចំនួន១១នាក់ហើយ ខណៈមានកម្មករម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់នៅព្រឹកនេះ។ នេះបើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី។

លោក កែវ សុខា ជូនសេចក្តីរាយការណ៍ពីព័ត៌មាននេះ

លោកវេជ្ជបណ្ឌិត អ៊ុង រតនា ឱ្យប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរីឱ្យដឹងទៀតថា បច្ចុប្បន្ននេះក្រុមការងារអន្តរក្រសួងកំពុងតែពិនិត្យបែងចែកសំណាកអ្នកស្លាប់ដោយរកមើលថាតើ ការស្លាប់នេះមកពីបញ្ហាសុខភាពផ្ទាល់ខ្លួន ឬការពុលស្រាស ឬក៏បណ្តាលមកពីពុលថ្នាំគីមីដែលប្រើប្រាស់ក្នុងចំការចេកនោះ។ លោកថាលទ្ធផលនឹងអាចប្រាប់ឱ្យដឹងនៅរសៀលនេះក្នុងសន្និសទីសារព័ត៌មាន។

ប៉ុន្តែយ៉ាងណា តាមការចុះពិនិត្យរបស់ក្រុមការងារ លោកប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរីដាក់ការសន្និដ្ឋានបឋមថា ការបាត់បង់ជីវិតរបស់កម្មករក្នុងចំការចេកនេះ អាចបណ្តាលមកពីការទទួលទានស្រាសដែលមានសារធាតុមេតាណុលខ្ពស់ ស្របពេលដែលកម្មករខ្លះមានជំងឺជាប់កាយផងនោះ។

កិច្ចប្រជុំនៅសាលាខេត្តរតនគិរី លើករណីស្លាប់កម្មករចម្ការចេក។រូបភាពពីហ្វេសប៊ុកសាលាខេត្តរតនគិរី។

តែយ៉ាងណាលោកវេជ្ជបណ្ឌិតធ្លាប់ប្រាប់សារព័ត៌មានក្នុងស្រុកពេលផ្ទុះករណីនេះដំបូងៗថា ការស្លាប់នេះអាចបណ្តាលមកពីការពុលសារធាតុគីមី ដោយប្រើថ្នាំបាញ់ស្មៅ និងថ្នាំបាញ់សម្លាប់សត្វល្អិត រួមផ្សំនឹងការរស់នៅមិនមានអនាម័យស្អាតផងដែរ។

ដោយឡែកក្នុងកិច្ចប្រជុំនៅសាលាខេត្តរតនគិរីកាលពីម្សិលមិញ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានជម្រុញឱ្យមន្ទីរជំនាញពាក់ព័ន្ធ ត្រូវបន្តស្រាវជ្រាវករណីនេះបន្តទៀត ពិសេសមន្ទីរត្រូវយកសំណាកវិភាគទៅធ្វើការវិភាគនៅរាជធានីភ្នំពេញដើម្បីបានលទ្ធផលមួយជាក់លាក់ពីករណីនេះ។

សូមរំលឹកជូនថា ករណីកម្មករស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់នៅចម្ការចេក Thagrico ដែល​គ្រប់គ្រង​ដោយជនជាតិ​វៀតណាម ក្នុងស្រុកកូនមុំ ខេត្តរតនគិរីនេះ កើតឡើងចាប់តាំងពីថ្ងៃទី១៦ ខែមិថុនាមកម្ល៉េះ។

សារព័ត៌មានក្នុងស្រុកមួយចំនួនធ្លាប់ធ្វើសេចក្តីរាយការណ៍ពីបញ្ហាការប្រើប្រាស់ថ្នាំគីមីពុលក្នុងចម្ការចេកនេះមុនពេលកើតមានករណីស្លាប់ទៅទៀត ដោយកម្មករធ្លាប់ត្អូញត្អែរពីបញ្ហាសុខភាពដូចជាមានអាការៈវិលមុខ បញ្ហា​ក្រពះ ក្អួតចង្អោរ និង​ឈឺក្បាល បន្ទាប់​ពី​បាញ់​ថ្នាំ​រួច៕

 

 

Share

Image
Image
Image