en     km
en     km

បន្ទាប់ពីលើកលែងទោស ផលិតករភាពយន្តអូស្រ្តាលី លោក Jame Ricketson ត្រូវបានបង្ខំឲ្យចាកចេញពីកម្ពុជា

Share

ក្រុងភ្នំពេញ៖ បន្ទាប់ពី ប្រមុខរដ្ឋស្តីទីតំណាងឲ្យព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី បានផ្តល់ព្រះរាជទានលើកលែងទោស លោក Jame Ricketson ផលិតករខ្សែរភាពយន្តឯកសារជនជាតិអូស្រ្តាលីកាលពីល្ងាចថ្ងៃសុក្រ ទី ២១ ខែ កញ្ញា ឆ្នាំ ២០១៨ កន្លងទៅ លោកមេធាវីការពារក្តីលោកJame Ricketson អះអាងថា លោក Jame ត្រូវប្រឈមនឹងការបណ្តេញចេញពីប្រទេសកម្ពុជា។

នៅក្នុងព្រះរាជក្រិត្យ នស/រកត/០៩១៨/៩៦៥ ចុះថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៨ នេះដែលមានចុះ ហត្ថលេខា​ ដោយសម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា​ចុះជំនួសព្រះមហាក្សត្រកម្ពុជា ដែលកំពុងគង់នៅប្រទេស ចិន មានសេចក្តីដូចនេះថា៖

«ត្រូវ​បាន​លើក​លែង​ទោស​ឲ្យ​ទណ្ឌិត​ឈ្មោះ​ ​JAMES STANIFORTH RICKETSON​ ​ភេទ​ប្រុស​ អាយុ​៦៨​ឆ្នាំ ​សញ្ជាតិ​អូស្រ្តាលី​ ​ដែល​ត្រូ​វបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ​ពី​បទ​ចារកម្ម ​និង​ប្រមូល​ផ្តុំ​ព័ត៌មានជាអាទិ៍​ ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ការ​ការពារ​ជាតិ​ ​តាម​អំណាច​សាល​ក្រម​ព្រហ្ម​ទណ្ឌ[…] ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ»។​

យ៉ាងណាក៏ដោយ លោក គង់ សំអុន មេធាវីការពារក្តីលោក Jame Ricketson បានប្រាប់អ្នកសារព័ត៌មានវិទ្យុស្រ្តីថា នៅពីក្រោយការដោះលែង ផលិតករខ្សែភាពយន្តនេះ គឺខាងលោកមេធាវីការពារក្តី ក៏ដូចជាលោក Jame Ricketson ផ្ទាល់ជាអ្នកស្នើសុំ ឲ្យមានការដោះលែងដោយផ្ទាល់។

លោកបន្តថា លោក Jame ត្រូវបានចេញពីពន្ធនាគារហើយកាលពីល្ងាចថ្ងៃម្សិលមិញ ប៉ុន្តែលោក Jame ត្រូវប្រឈមនឹងការបណ្តេញចេញពីប្រទេសកម្ពុជា។

លោក គង់ សំអុន៖ «បាទ! ខ្ញុំជាអ្នកដាក់ពាក្យស្នើសុំការលើកលែងទោស ហើយ លោក Jame ផ្ទាល់ក៏ដាក់ពាក្យស្នើសុំផងដែរ ហើយតាមពិតទៅលោក ត្រូវបានចេញពីពន្ធនាគារតាំងពីថ្ងៃម្សិលមិញ តែឥឡូវលោកកំពុងប្រឈមនឹងការបណ្តេញចេញទៅក្រៅប្រទេស ហើយឥឡូវលោកកំពុងរៀបចំឯកសារចាកចេញទៅប្រទេសអូស្រា្តលី ឆាប់ៗនេះ។»

សូមបញ្ជាក់ថា លោក Jame Ricketson ត្រូវបានតុលាការបង្គាប់ឲ្យចាប់ខ្លូនកាលពីដើមខែមិថុនា ឆ្នាំ ២០១៧ ក្រោយពីលោកបានបង្ហោះកាម៉េរ៉ាដ្រូន ថតពីលើអាកាស ផ្តិតយកទិដ្ឋភាពក្បួនដង្ហែរយុទ្ធនាការឃោសនាការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយ លោក កឹម សុខា។

លោក Ricketson មានអាយុ៦៨ ឆ្នាំ មានមុខរបរ ជាអ្នកសារព័ត៌មានតាំងពីទសវត្ស១៩៧០។ លោកចាប់ផ្ដើម បញ្ចេញរូបភាព រឿងទុរគតនៃប្រទេសកម្ពុជា ទៅក្រៅប្រទេស គឺនៅ ពេលលោកផ្ដោតអំពី សកម្មភាព របស់ប្រធានគណបក្សប្រឆាំង គឺលោក សម រង្ស៊ី។

នៅពេល លោកសមរង្ស៊ីវិលប្រទេសកម្ពុជា នៅថ្ងៃទី១៩កក្កដា ឆ្នាំ២០១៣  លោក Ricketson បានតាម ប្រមាញ ផ្ដិតរូបភាព មេបក្សប្រឆាំង នៅគ្រប់ វេទិកាទោះ នៅ ជនបទតាមបណ្ដាខេត្ត ក៏ដោយ។លោក ជាអ្នកថតរូប លិចធ្លោជាងគេ នៅពេល លោកសមរង្ស៊ី ធ្វើយុទ្ធនាការឃោសនា រកសំឡេងឆ្នោតនៅក្នុងការបោះឆ្នោតសភា។

ក្រៅពីការងារនេះលោកគឺជាអ្នកផ្ដិតរូបភាពអំពីជីវិតអ្នកក្រីក្រនៅកម្ពុជា ដោយហេតុនេះ ហើយ បណ្ដាញផ្សាយព័ត៌មានអន្តរជាតិ ជាច្រើន បាន ហៅ លោក Ricketson ថាជាអ្នកសារព៏ត៌មានម្នាក់គត់ ចងក្រងឯកសារ ទាក់ទងនឹងសកម្មភាព លោកសមរង្ស៊ី និង គណបក្សសង្រ្គោះជាតិ។

ក្រៅពី ការងារនេះ លោកគឺជាអ្នកផ្ដិតរូបភាពអំពីជីវិតអ្នកក្រីក្រ កម្ពុជាបើ ចូលទៅមើលហ្វេសប៊ុក និង គេហទំព័រ blog របស់ Ricketson  មានសុទ្ធតែរូបភាព នៃជនក្រីក្រកម្ពុជា ដែលរស់នៅ គ្មានអនាម័យ រស់នៅលើគំនរសម្រាប។ អ្នកទាំងនោះ ជា ជនក្រីក្រ រកស៊ី បានតែចំអែតក្រពះប៉ុណ្ណោះ។ លោក ក៏បានចងក្រងជាអត្ថបទ រឿងអំពីជីវិតអ្នកក្រីក្រទាំងនោះដោយ បាញ់បង្ហោះ រូបភាពទៅក្រៅប្រទេស៕

 

 

Share

Image
Image
Image