en     km
en     km

អាស៊ានឆ្នាំ២០៤៥ គឺជាអនាគតរួមរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍

Share

 

បណ្តាប្រទេសជាសមាជិកអាស៊ានប្រមាណ ១០ប្រទេស បានចូលរួមកិច្ចប្រជុំអាស៊ាននៅប្រទេសម៉ាឡេស៊ី ដែលធ្វើឡើងក្នុងគោលបំណងរួបរួមសាមគ្គីគ្នាដើម្បីដោះស្រាយបញ្ហាពិភពលោក ពិសេសវិបត្តិនៅមីយ៉ាន់ម៉ា។ ក្នុងនោះដែរ សហគមន៍អាស៊ានរៀបចំគោលនយោបាយសម្រាប់ឆ្នាំ២០៤៥ ដែលពេលនោះតំបន់អាស៊ីអាគ្នេយ៍នឹងក្លាយជាសហគមន៍តែមួយ មានអនាគតតែមួយ។

(កញ្ញា កែវ សុជាតា ជូនសេចក្តីរាយការណ៍)

 

ក្រោមប្រធានបទស្តីពី «អនាគតរបស់យើង» នៃ​អាស៊ានឆ្នាំ២០៤៥  បានបង្ហាញពីការប្តេជ្ញាចិត្តចំពោះគោលការណ៍អាស៊ានរួម គោលបំណង គុណតម្លៃ បទដ្ឋានរួម ការរំលេចអត្តសញ្ញាណ និងអារម្មណ៍នៃភាពជាប្រជាជនអាស៊ានជាដើម។ ផែនការទាំងនេះគឺជាការរំលេចនូវទិដ្ឋភាពមួយចំនួន ដែលមានចែងនៅក្នុងសេចក្តីប្រកាសរួមគ្នារបស់បណ្តាមេដឹកនាំតំបន់អាស៊ីអាគ្នេយ៍ដែលធ្វើឡើងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៥ ប្រកបដោយមហិច្ឆិតា និងឆន្ទៈយ៉ាងមោះមុត។

ផែនការចក្ខុវិស័យរយៈពេល ២០ឆ្នាំនេះ គឺជាអ្នកបន្តវេនអាស៊ានឆ្នាំ២០២៥​ ក្រោមប្រធានបទ​ «ការរួមបញ្ចូល និងនិរន្តរភាព» ដែលបានរៀបចំកាលពីឆ្នាំ២០១៥ និងជាសមិទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ។ កិច្ចប្រជុំកំពូលឆ្នាំនេះ ត្រូវបានរៀបចំឡើងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៥។ នៅខាងក្រៅកិច្ចប្រជុំផ្សេងទៀតដូចជា កិច្ចប្រជុំកំពូលក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រអាស៊ានលើកទី២ និងកិច្ចប្រជុំកំពូលអាស៊ាន-GCC-ចិន ក៏កំពុងប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួរផងដែរ។

នៅក្នុងសន្និសីទសារព័ត៌មានមួយដែលបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែឧសភា មុនកិច្ចប្រជុំកំពូលអាស៊ាន រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បានលើកឡើងថា សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនកំពុងរំខានយ៉ាងខ្លាំងដល់ផលិតកម្ម និងគំរូពាណិជ្ជកម្មនៅទូទាំងពិភពលោក។ លោកសង្កត់ធ្ងន់ថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកទំនងជានឹងកើតឡើង។

ជុំវិញកិច្ចប្រជុំកាលពីប៉ុន្មានថ្ងៃនេះ សមាជិកអាស៊ានទាំងអស់យល់ស្របនឹងកិច្ចព្រមព្រៀងទ្វេភាគីណាមួយដែលអាចធ្វើឡើងជាមួយសហរដ្ឋអាមេរិក ទាក់ទងនឹងពន្ធគយមិនគួរប៉ះពាល់និងផ្តល់ផលអវិជ្ជមានដល់ប្រទេសផ្សេងទៀតនោះទេ ហើយថាពួកគេគួរតែតំណាងឱ្យផលប្រយោជន៍របស់ប្លុកអាស៊ានទាំងមូល។ ដោយសារតែតំបន់អាស៊ីអាគ្នេយ៍ស្ថិតក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដ្បិតមានការគម្រាមកំហែងពន្ធគយដែលមិនទាន់សម្រេច បូរណភាពសេដ្ឋកិច្ច និងការឯកភាពក្នុងចំណោមរដ្ឋសមាជិកអាស៊ាន ត្រូវបានគូសបញ្ជាក់ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល។ ជាលទ្ធផល ផែនការរយៈពេលប្រាំឆ្នាំសម្រាប់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចកាន់តែប្រសើរឡើងនៅក្នុងតំបន់ ត្រូវបានចាប់ផ្តើមចាប់តាំងពីកិច្ចព្រមព្រៀងមួយ បានសម្រេចថា ការបន្តអាជីវកម្មដូចធម្មតានឹងមិនគ្រប់គ្រាន់នោះទេ។

ជាមួយគ្នានេះដែរ ធាតុ​សំខាន់​ទី​ពីរ​ក្នុង​របៀបវារៈ​ក្រៅពី​ការ​គំរាម​កំហែង​ពន្ធ​ដែល​កំពុង​រង់ចាំ​អាមេរិកដោះស្រាយ នោះ​គឺ​សង្រ្គាម​ស៊ីវិល​ដែល​កំពុង​បន្ត​ក្នុង​រដ្ឋ​សមាជិក​អាស៊ាន​មីយ៉ាន់ម៉ា។ ខណៈពេលដែលប្រមុខរបបយោធាភូមា លោក Min Aung Hlaing ត្រូវបានដកចេញពីកិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំចាប់តាំងពីឆ្នាំ២០២១ មីយ៉ាន់ម៉ាបានវិលត្រឡប់មកតុអាស៊ានវិញនៅឆ្នាំនេះ ដែលតំណាងដោយមន្ត្រីជាន់ខ្ពស់មួយរូប។

ក្នុងនាមជាប្រទេសជិតខាង និងជាប្រធានអាស៊ានឆ្នាំ២០២៥ ម៉ាឡេស៊ីគ្រោងនឹងបន្តចរចាជាមួយមន្ត្រីរបបយោធា និងក្រុមប្រឆាំងប្រដាប់អាវុធទាំងពីរ ដើម្បីអាចចាប់ផ្តើមការសន្ទនារវាងភាគីជម្លោះ។ លោក Hasan បានអត្ថាធិប្បាយថា ការចរចាទាំងនេះចាំបាច់ត្រូវធ្វើច្រើនដង ដើម្បីឱ្យការយល់ដឹងអាចកសាងឡើងរវាងភាគីនីមួយៗ។

ចំពោះបញ្ហានេះ អ្នកវិភាគមើលឃើញពីការលំបាក និងឧបសគ្គជាច្រើនដែលត្រូវជម្នះ ប្រសិនបើមេដឹកនាំអាស៊ានចង់សម្រេចចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥។ សង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា គឺជាផលវិបាកមួយដែលធ្វើឱ្យអ្នកឯកទេសមានការសង្ស័យអំពីលទ្ធភាពនៃការធ្វើឱ្យស្ថានភាពកាន់តែល្អប្រសើរ ឬឈានដល់ការបញ្ចប់សង្គ្រាម។ អ្នកវិភាគភូមិសាស្ត្រនយោបាយអាស៊ីប៉ាស៊ីហ្វិក លោក សេង វ៉ាន់លី បានអត្ថាធិប្បាយថា បច្ចុប្បន្ននេះអាស៊ានមិនត្រឹមតែប្រឈមមុខនឹងបញ្ហាសន្តិសុខប៉ុណ្ណោះទេ ថែមទាំងទាក់ទងនឹងបញ្ហាប្រពៃណីទៀតផង។ វិបត្តិមីយ៉ាន់ម៉ានៅតែជាបញ្ហាឈឺក្បាលដ៏ធំមួយដែលអាចបំផ្លាញចក្ខុវិស័យរបស់ប្លុកអាស៊ានសម្រាប់អនាគតរួមគ្នា។

ដើម្បីដោះស្រាយជម្លោះនេះ បេសកជនពិសេសរបស់អាស៊ាននឹងចុះទៅទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជំរុញឱ្យមានកិច្ចព្រមព្រៀងប្រាំចំណុចរបស់អាស៊ាន (5PC) ដែលជាផែនការស្វែងរកការបញ្ចប់ការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធ ដែលត្រូវបានបង្កើតឡើងជាលើកដំបូងត្រឹមតែបីខែបន្ទាប់ពីរដ្ឋប្រហារយោធា។ ក៏ប៉ុន្តែយន្តការនេះមិនទាន់ត្រូវបានអនុវត្តនៅឡើយទេ។ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានកោតសរសើរដល់ការដឹកនាំរបស់ប្រទេសម៉ាឡេស៊ីក្នុងការខ្វល់ខ្វាយពីវិបត្តិមីយ៉ាន់ម៉ា។

យ៉ាងណា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានលើកឡើងពីភាពជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥ និងទស្សនវិស័យសុទិដ្ឋិនិយមចំពោះកិច្ចប្រជុំកំពូលបន្ទាប់ ដែលនឹងប្រព្រឹត្តទៅនៅខែតុលា ឆ្នាំ២០២៥។ ក្នុងនោះ លោកបន្ថែមទៀតថា មន្ត្រីជាច្រើនបានខិតខំធ្វើការងារទាំងនេះ រួចទាំងរៀបចំគោលនយោបាយផ្សេងៗសម្រាប់ឱ្យសហគមន៍អាស៊ីអាគ្នេយ៍កាន់តែរីកចម្រើន ហើយព្រឹត្តិការណ៍នេះគឺមិនធ្លាប់មានពីមុនមកនោះទេ៕

អត្ថបទសរសេរដោយ កញ្ញា នីណា ហេតដ៍ (Ms. Nina Heide)

បកប្រែជាខេមរភាសាដោយ កញ្ញា កែវ សុជាតា

Share

ព័ត៌មានទាក់ទង