en     km
en     km

កម្ពុជាច្រានចោលការចោទថាការនាំអង្ករទៅអូស្ត្រាលីគឺជាការរំលោភសិទិ្ធមនុស្ស

Share

ក្រសួងពាណិជ្ជកម្ម បានច្រានជាថ្មីម្ដងទៀត ចំពោះ ក្រុមមេធាវី និងអ្នកនយោបាយខ្មែរសញ្ជាតិអូស្ត្រាលី ដែល ធ្វើរបាយការណ៍ទៅរដ្ឋាភិបាលអូស្ត្រាលី ថា ការទទួលយក ការនាំអង្ករចូលប្រទេស អូស្ត្រាលី គឺជាការរំលោភសិទួ្ធមនុស្ស។

តាមសារព័ត៌មាន នៃគេហទំព័រ 7News បានចុះផ្សាយថា ក្រុមសកម្មជន អ្នកនយោបាយខ្មែរ និងលោក ឯកសុណ្ណធី​ជាមេធាវី ខ្មែរសញ្ជាតិអូស្ត្រាលី បានផ្ញើរបាយការណ៍ សិទ្ធិមនុស្ស ទៅកាន់រដ្ឋាភិបាល អូស្រ្តាលី​ដោយស្នើអោយ ប្រទេសនេះ ដាក់ទណ្ឌកម្ម លើបុគ្គលនិងមន្ត្រីកម្ពុជា ដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស នៅកម្ពុជា។

តាមប្រភពដដែលនេះ មេធាវី ឯកសុណ្ណធី​បានបញ្ជូនរបាយការណ៍ របស់លោក ទៅជូនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អូស្ត្រាលី កាលពីថ្មីៗនេះ ដោយស្នើអោយ ពិនិត្យឡើងវិញ ការនាំអង្ករពីកម្ពុជា ចូលប្រទេសអូស្ត្រាលី ដែលមេធាវីនេះ ថាជាការធ្វើជំនួញជាមួយក្រុមរំលោភសិទ្ធិមនុស្ស។

នៅក្នុងលិខិតនោះ មេធាវីសិទ្ធិមនុស្សខ្មែរសញ្ជាតិអូស្ត្រាលី រូបបានអំពាវនាវ សុំអោយសមាជិកសភា អូស្ត្រាលី ផ្ដើមស៊ើបអង្កេត ករណីក្រុមហ៊ុន មួយចំនួនពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ហើយមានឈ្មោះក្នុងការនាំអង្ករ ចូលប្រទេសអូស្ត្រាលី ។ ករណីនេះ បាននាំអោយ ក្រសួងការបរទេសកម្ពុជា រួមនឹងក្រសួងពាណិជ្ជកម្ម បានច្រានចោល ការលើកឡើងរបស់ ក្រុមអ្នកនយោបាយ ក្រុមសកម្មជនសិទ្ធិមនុស្ស ជាពិសេស លិខិតរបស់ មេធាវីសិទ្ធិមនុស្សខ្មែរសញ្ជាតិអូស្ត្រាលី​ដោយចាត់ទុកថា ជាការចោទប្រកាន់មួយពុំមានមូលដ្ឋានច្បាស់លាស់។

ដោយមើលឃើញដូចនេះ កម្ពុជា សូមថ្កោលទោស ក្រុមអ្នកប្រឆាំងទាំងនេះ ហើយថា ជាការប្រឆាំងនឹងផលប្រយោជន៍របស់ប្រជាជនកម្ពុជា។

តាមប្រភព របស់សារព័ត៌មាន 7News  ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី គឺក្រុមអ្នកនយោបាយ ខ្មែរសញ្ជាតិអូស្ត្រាលី ចង់ជំរុញអោយ ដាក់ក្រុមហ៊ុនមួយចំនួននៅកម្ពុជា នៅក្នុងច្បាប់ Magnitsky Act ដែលសមាជិកសភាអូស្ត្រាលី នឹងអនុម័តឆាប់ៗនេះ។

មួយវិញទៀត ក្រុមនេះចង់អោយ រដ្ឋាភិបាលអូស្ត្រាលី សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្មលើកម្ពុជា ក្នុងមុខជំនួញ តាមរយៈការដកហូតពន្ធ លើទំនិញនាំទៅចូលទីផ្សារអឺរ៉ុប ដែលមានក្នុងគម្រោង ប្រព័ន្ធអនុគ្រោះពន្ធ ​EBA។ សហភាពអឺរ៉ុប បានសម្រេចដកហូតពន្ធលើទំនិញពីកម្ពុជា គឺ២០ភាគរយ ក្រោមលក្ខខណ្ឌកម្ពុជា ក្នុងបញ្ជីនៃការរំលោភសិទិ្ធមនុស្ស។ តាមប្រភពពីសហភាពអឺរ៉ុប កម្ពុជា អាចនឹងប្រឈមនឹងការដាក់អោយ បង់ពន្ធទំនិញ ចូលអឺរ៉ុប បន្ថែមទៀត នៅឆ្នាំ២០២១។ ដោយឡែក សហរដ្ឋអាមេរិក វិញ ក៏ត្រូវបានរាយការណ័មកថា កំពុង ពិនិត្យ ដកហូតប្រព័ន្ធអនុពន្ធជាមួយកម្ពុជា GSP ។ សហរដ្ឋអាមេរិក ក៏បានដាក់មន្ត្រី និង អ្នកជំនួញនៅកម្ពុជា ក្នុងច្បាប់ ច្បាប់ Magnitsky Act ផងដែរ។

បែបណា រាជរដ្ឋាភិបាល កម្ពុជា នៅតែអះអាងថា កម្ពុជា ជារដ្ឋអធិបតេយ្យ ពុំស្ថិតនៅក្រោម សម្ពាធរបស់ប្រទេសណាមួយឡើយ។ កម្ពុជា ក៏មាននីតិរដ្ឋ គឺកម្ពុជា ចាត់ការតាមផ្លូវច្បាប់ត្រឹមត្រូវ​ទៅលើបុគ្គលណាដែល បំពានច្បាប់តែប៉ុណ្ណោះ៕​

Share

Image
Image
Image