en     km
en     km

ភរិយាមន្រ្តីអតីតបក្សប្រឆាំង៖ផែនការជីវិតត្រូវរលត់ បញ្ហាហរិញ្ញវត្ថុកើតឡើងក្រោយស្វាមីជាប់ពន្ធធនាគារ

Share

ក្រោយការចាប់ខ្លួនមន្រ្តីនិងសកម្មជននៃអតីតគណបក្សប្រឆាំងជាបន្តបន្ទាប់ ក្រុមគ្រួសាររបស់អ្នកជាប់ឃុំបានធ្លាក់ចូល វិបត្តិហិរញ្ញវត្ថុក្នុងគ្រួសារបណ្តើរៗ។ សមាជិកក្រុមគ្រួសារ ពិសេសភរិយារបស់អ្នកជាប់ឃុំ បានបាត់បង់ជំហរគ្រួសារ ហើយផែនការរៀបចំអនាគតដែលធ្លាប់គិតត្រូវរលាយសាបសូន្យអស់។ ក្នុងនោះអ្នកស្រី ព្រំ ចន្ថា ជាភរិយាមន្រ្តីនៃអតីតគណបក្សសង្គ្រោះជាតិ ក៏មិនខុសពីក្រុមគ្រួសាររបស់សកម្មជនអតីតបក្សប្រឆាំងដដៃទៀតដែរ គឺកំពុងជួបបញ្ហាប្រឈមសព្វបែបយ៉ាង ពិសេសបញ្ហាហិរញ្ញវត្ថុក្នុងគ្រួសារតែម្តង។

តទៅនេះសូមនាងកញ្ញាស្តាប់នូវកម្រងជីវិតពិតរបស់ភរិយាមន្រ្តីនៃអតីតគណបក្សសង្គ្រោះ ដែលក្រងដោយលោក កែវ សុខា និងរាយការណ៍ដោយ៖ កញ្ញា លន់ សុបិន ដូចតទៅ។

ភ្នំពេញ៖ គម្រោងបើកហាងលក់បាយម្ហូបស្រាប់របស់ក្រុមគ្រួសារអតីតមន្រ្តីនៃអតីតគណបក្សសង្គ្រោះជាតិមួយគ្រួសារត្រូវបានរលាយអស់ ហើយបញ្ហាហិរញ្ញវ​ត្ថុក្នុងគ្រួសារក៏កើតឡើង បន្ទាប់ពីស្វាមីត្រូវជាប់ពន្ធធនាគារអំឡុងខែតុលា​ ឆ្នាំ ២០១៩ ក្រោមបទ ចោទ«ផ្ដើមគំនិតក្នុងការប្រព្រឹត្តបទប្រមាថ និងញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍»។ អ្នកស្រី ព្រំ ចន្ថា៖«កាលប្តីខ្ញុំនៅផ្ទះ[មុនជាប់ពន្ធធនាគារ]យើងបានពិភាក្សាគ្នាហើយគិតថា យើងចង់ជួលផ្ទះកន្លែងណាមុខផ្លូវដើម្បីលក់ម្ហូបកម្មង់ ឬម្ហូបស្រាប់ច្រើនមុខជាដើម ព្រោះអីខ្ញុំមានជំនាញពូកែធ្វើម្ហូប​ តែឥឡូវផែនការវារលាយសាបសូន្យអស់ហើយ គ្មានដើមទុនអីណាទៅមុខទៀតទេ»។

នេះជាការលើកឡើងរបស់អ្នកស្រី ព្រំ ចន្ថា ភរិយារបស់លោក កាក់ កុម្ភារ ជាអតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញនៃអតីតគណបក្សសង្គ្រោះជាតិ​។

អ្នកស្រី ព្រំ ចន្ថា ពាក់អាវខ្មៅ។រូបភាពបណ្តាញសង្គមហ្វេសប៊ុក

រស់នៅក្នុងបន្ទប់តូចមួយនៅរាជធានីភ្នំពេញអ្នកស្រី​ ព្រំ ចន្ថា សព្វថ្ងៃមានវ័យ​ ៤៤ ឆ្នាំ ខំប្រឹងតស៊ូចិញ្ចឹមមើលថែម្តាយចាស់ជរា និងកូនប្រុសពីរនាក់ក្នុងបន្ទុក។ អ្នកស្រីបន្តថា ស្ថានភាពគ្រួសារកាន់តែធ្លាក់ចុះដុនដានទៅៗ កូនៗបាត់បង់ភាពកក់ក្ដៅ ហើយការចំណាយសព្វបែបយ៉ាងត្រូវធ្លាក់មកលើអ្នកស្រីទទួលខុសត្រូវរ៉ាប់រងតែម្នាក់ឯង បន្ទាប់ពីប្តីជាប់ពន្ធធនាគារ។

អ្នកស្រី ព្រំ ចន្ថា៖«សព្វថ្ងៃខ្ញុំប្រឈមបញ្ហាជីវភាពលំបាកខ្លាំងណាស់​ ព្រោះមានម្តាយចាស់អាយុជិត៩០ឆ្នាំ និងកូនប្រុសពីរនាក់ទៀតក្នុងបន្ទុក ហើយត្រូវបង់ថ្លៃផ្ទះជួលទៀត។ ខ្ញុំបច្ចុប្បន្នក៏បាត់បង់ការងារធ្វើ ការចំណាយផ្សេងៗគឺជាលុយសល់ពីសន្សំកាលពីប្តីមិនទាន់ជាប់ឃុំ។ឥឡូវចាប់ផ្តើមលក់របស់របរសម្ភារៈក្នុងផ្ទះបណ្តើរហើយ មិនដឹងថាអាចទប់ទល់បានដល់ពេលណាទេ បើប្តីនៅតែជាប់ឃុំទៀត ខ្ញុំមិនដឹងថាត្រូវគិតយ៉ាងណាទៀតទេ!…ហ៊ើម»។

ក្រុមគ្រួសារមន្រ្តី និងសកម្មជនអតីតបក្សប្រឆាំង តែងមកជួបជុំគ្នាតវ៉ានៅមុខតុលាការ ដើម្បីតុលាការទម្លាក់ចោលបទចោទលើស្វាមី និងសាច់ញាតិរបស់ពួកគេដែលកំពុងជាប់ក្នុងពន្ធធនាគារ។រូបភាព ពីហ្វេសប៊ុកCCHR

រឹតតែធ្ងន់ធ្ងរជាងនេះ អ្នកស្រីត្រូវចំណាយថវិកាជារៀងរាល់ខែលើថ្លៃថ្នាំសម្រាប់ព្យាបាលម្តាយកំពុងមានជំងឺជាទំងន់ និងស្វាមីមានជំងឺលើសឈាម គាប់សរសៃ និងលើសជាតិអាស៊ីតដែលកំពុងជាប់ក្នុងពន្ធធនាគារ។​ អ្នកស្រី ព្រំ ចន្ថា៖«​ម្តាយខ្ញុំគាត់មានជំងឺទឹកនោមផ្អែមនិងជំងឺព្រឺសបេះដូងជាង​ ២០ ឆ្នាំហើយ ឥឡូវសម្រានលើគ្រែង។ ម្តាយខ្ញុំត្រូវការចាក់ថ្នាំរាល់ព្រឹក ពីមុនខ្ញុំទៅមន្ទីរពេទ្យមួយខែម្តង តែតាំងពីប្តីជាប់ពន្ធធនាគារខ្ញុំខ្វះថវិកាអត់បានទៅទៀតទេ។ ចំណែកប្តីខ្ញុំមានជំងឺលើសឈាម គាប់សរសៃ និងលើសជាតិអាស៊ីត សុទ្ធតែជំងឺធ្ងន់ៗ ខ្ញុំត្រូវទិញថ្នាំឱ្យគាត់រហូត។

លោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញនៃអតីតគណបក្សសង្គ្រោះជាតិ​ រួមជាមួយលោក សម រង្ស៊ី លោក ហូ វ៉ាន់ ត្រូវបានជំនុំជម្រះពីបទ «ផ្ដើមគំនិតក្នុងការប្រព្រឹត្តបទប្រមាថ និងញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍» កាលពីខែតុលា ឆ្នាំ ២០១៩។ អ្នកទាំងបី ត្រូវបានតុលាការសម្រេចទោសដាក់ពន្ធនាគារ ១ ឆ្នាំ ៨ ខែ កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៩។

លោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញនៃអតីតគណបក្សសង្គ្រោះជាតិ

លោក កាក់ កុម្ភារ ក៏ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវបានឃាត់ខ្លួន​តាមដីការបស់តុលាការពាក់ព័ន្ធនឹងបទញុះញង់​។

បើទោះបីជាជួបបញ្ហាហិរញ្ញវត្ថុក្នុងគ្រួសារបែបនេះក្តី តែអ្នកស្រី ព្រំ ចន្ថា មិនដែលបោះបង់ចោលការចេញតវ៉ាទាមទាររកយុត្តិធម៌ជូនស្វាមី និងសកម្មជនអតីតបក្សប្រឆាំងផ្សេងទៀតដែលកំពុងជាប់ពន្ធនគារក្នុងបទចោទប្រហាក់ប្រហែលគ្នានោះទេ។ អ្នកស្រី ចន្ថា តែតែងចូលរួមជាមួយសាច់ញាតិរបស់សកម្មជនបក្សប្រឆាំង ដូចជាការតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ស្នើឱ្យតុលាការទម្លាក់ចោលបទចោទ និងដាក់ញ្ញាត្តិតាមស្ថានទូតប្រទេសមហាអំណាចដើម្បីរកកិច្ចអន្តរាគមន៍ឱ្យមានការដោះលែងអ្នកជាប់ឃុំ។

អ្នកស្រី ព្រំ ចន្ថា៖«យើងបានដាក់ញ្ញាត្តិទៅស្ថានទូត គេហៅយើងចូលជួប កេអះអាងថាគេជួយ តែគេធ្វើការសន្សឹមៗ ធម្មតាកិច្ចអ្វីក៏ដោយមិនមែនបានលឿនៗដូចចិត្តយើងចង់នោះទេ។ តែយ៉ាងយើងត្រូវតែមានការតស៊ូមតិតទៅមុខទៀត ធ្វើយ៉ាងណាឱ្យមានដំណោះស្រាយសម្រាប់ក្រុមគ្រួសារពួកយើង»។

ក្រុមគ្រួសារមន្រ្តី និងសកម្មជនអតីតបក្សប្រឆាំង តែងមកជួបជុំគ្នាតវ៉ានៅមុខតុលាការ ដើម្បីតុលាការទម្លាក់ចោលបទចោទលើស្វាមី និងសាច់ញាតិរបស់ពួកគេដែលកំពុងជាប់ក្នុងពន្ធធនាគារ។រូបភាព ពីហ្វេសប៊ុកCCHR

កាលពីពេលថ្មីៗនេះ អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (អ.ស.ប)ចំនួន ៦រូប បានផ្ញើលិខិតរួមមួយជូនរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាដោយសម្តែងក្តីបារម្ភ ចំពោះករណីចាប់ខ្លួន ការឃុំខ្លួន ការបំភិតបំភ័យ ការឈ្លបមើល ការគំរាមកំហែង និងការប្រើប្រាស់កម្លាំងហួសហេតុប្រឆាំងនឹងអ្នកការពារសិទ្ធិមនុស្សកម្ពុជា ទាក់ទងនឹងបាតុកម្មអហិង្សាដែលនៅតែបន្តកើតមាន។

ក្នុង​លិខិត​ដដែលនោះ បានលើកឡើង​អំពី​ករណី​ចាប់​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្តលើ​សកម្មជន​សិទ្ធិ​ការងារ និង​ព្រំដែន លោក រ៉ុង ឈុន ។ ការ​បង្ក្រាប​ដោយ​ហិង្សា និង​ការ​ចាប់​ឃុំ​ខ្លួន​ក្រុម​​​សកម្ម​ជនអ្នក​នយោបាយ និង​យុវជន​យ៉ាង​ហោច​ណាស់ ២០នាក់​ផ្សេង​ទៀត។

តែយ៉ាងណា មន្រ្តីរដ្ឋាភិបាលបានច្រានចោលចំពោះការព្រួយបារម្ភនេះ ហើយការពារវិធានការរបស់រដ្ឋាភិបាលថាជាការអនុវត្តតាមផ្លូវច្បាប់។

សម្រាប់អ្នកស្រី ព្រំ ចន្ថា ប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យការបញ្ចេញមតិរិះគន់ ដើម្បីស្ថាបនាសង្គមគឺជារឿងសំខាន់មិនអាចខ្វះបាន។ ស្រ្តីរូបនេះអះអាងពីជំហរខ្លួនឯងថា បើទោះបីជារងការលំបាកព្រោះស្វាមីជាប់ឃុំក៏ដោយ តែអ្នកស្រីនៅតែគាំទ្រជំហរ ឱ្យស្វាមីបន្តការបញ្ចេញមតិដដែលនៅក្រោយពេលដោះលែងពីពន្ធធនាគារ។អ្នកស្រី ព្រំ ចន្ថា៖«និយាយរួមទៅជំហរពួកខ្ញុំ ប្តីប្រពន្ធខ្ញុំនេះមានតែដើរទៅមុខ ទោះប្តីខ្ញុំមានសេរីភាពក៏ខ្ញុំនៅតែបញ្ចេញមតិដដែលដែរ។ ទោះបីគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ឬមានមេដឹកនាំថ្មីអីក៏ដោយបើធ្វើមិនល្អខ្ញុំរិះគន់ ។ ប្តីរបស់ខ្ញុំតស៊ូយូរហើយ ជាង២០-៣០ឆ្នាំទៅហើយ ឱ្យគាត់បោះបង់ចោលម៉េចកើត។ គាត់សុខចិត្តជាប់ពន្ធធនាគារបាត់បង់សេរីភាពក៏ដោយសាររឿងហ្នឹង[សិទ្ធិបញ្ចេញមតិ]»៕

 

 

Share

Image
Image
Image