en     km
en     km

ក្រសួងកិច្ចការនារី និងអតីតរដ្ឋមន្ត្រីរបស់ក្រសួងនេះថ្លែងអំពីជីវិតនគរបាលស្រីម្នាក់បំបៅដោះកូនក្នុងពេលធ្វើការ

Share

ក្រសួងកិច្ចការនារី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីថ្លែងការណ៍ សម្តែងនូវការកោតសរសើរ ចំពោះអនុសេនីយទោ ស៊ីថុង សុខា អធិការរងទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ដែលបានបង្ហាញអំពីការទទួលខុសត្រូវខ្ពស់ ទាំងក្នុងការបំពេញ ភារកិច្ចជូនស្ថាប័ន និងតួនាទីជាម្តាយដ៏ល្អ ក្នុងការចិញ្ចឹមបីបាច់ និងផ្តល់ភាពកក់ក្តៅដល់កូន។

សេចក្តីថ្លែងការណ៍ នៅរសៀលថ្ងៃទី១០ ខែមីនានេះ បានសរសេរថា ការបំបៅដោះកូន ដោយទឹកដោះម្តាយ សម្រាប់កុមារទាំងអស់ រហូតដល់អាយុ២ឆ្នាំ និងលើសពីនេះ គឺជាចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខភាព និងការអភិវឌ្ឍកុមារតួច ដើម្បីឈានទៅអភិវឌ្ឍន៍ធនធានមនុស្សស្របតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងនៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់-កាលទី៤។

ក្រសួងកិច្ចការនារី សូមសម្តែងនូវការកោតសរសើរ ចំពោះលោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា ដែលបានបង្ហាញអំពីការទទួលខុសត្រូវខ្ពស់ ទាំងក្នុងការបំពេញ ភារកិច្ចជូនស្ថាប័ន និងតួនាទីជាម្តាយដ៏ល្អ ក្នុងការចិញ្ចឹមបីបាច់និងផ្តល់ភាពកក់ក្តៅដល់កូន។ ករណីនេះ គឺជាទង្វើល្អ និងបង្ហាញនូវឆន្ទៈខ្ពស់ ក្នុងការចូលរួមការងារ សង្គមផង និងផ្តល់អាហារូបត្ថម្ភជាចាំបាច់សម្រាប់កូនតូចផង។

ជាមួយគ្នានេះ ក្រសួងកិច្ចការនារី និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងយកចិត្តទុកក្នុងការលើកកម្ពស់តម្លៃ និងការចូលរួមរបស់ស្ត្រី នៅក្នុងកិច្ចការសង្គមគ្រប់វិស័យ ទាំងក្នុងកម្រិតគ្រួសារ ស្ថាប័ន និងសង្គម ដើម្បីឈានទៅសម្រេចបាននូវសមភាពយេនឌ័រ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។

ក្នុងន័យនេះ ស្ថាប័ន-អង្គភាព ដែលមានស្រ្តីជាមន្ត្រីក្រោមឱវាទ ឬជាបុគ្គលិកបំពេញការងារ គួរបង្កើតបរិស្ថានការងារអំណោយផល ដូចជាទីកន្លែងបំបៅដោះកូន ដើម្បីអនុញ្ញាតឲ្យស្ត្រីដែលមានកូនតូច អាចបំពេញការងារផង និងបំពេញតួនាទីជាម្តាយផង។

ក្នុងករណី ស្ថាប័នមិនទាន់មានទីកន្លែងសមរម្យ ស្ដ្រីសាម៉ីខ្លួនគួរមានឧបករណ៍ ដូចជាក្រម៉ា ឬកន្សែង ដើម្បីអនុញ្ញាតឲ្យការបំបៅដោះកូននេះ អាចប្រព្រឹត្តិទៅដោយ ភាពសមរម្យ និងរលូន ជៀសផុតពីការរិះគន់ពីមហាជនមួយចំនួន ដែលថាជារូបភាពមិនសមរម្យប៉ះពាល់ ដល់តម្លៃនិងកិត្តិយសរបស់ស្ត្រីខ្មែរ។

ដោយឡែក លោកស្រី មូ សុខហ៊ួ អតីតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានប្រតិកម្មនឹងការបង្ខំអោយ  ដោយ អនុសេនីយទោ ស៊ីថុង សុខា ចុះកិច្ចសន្យា​បានចោទជាសំណួរថា តើមានច្បាប់ធរមានឯណាដែលចែង អោយចុះកិច្ចសន្យា មិនអោយស្ត្រីបំបៅដោះកូនក្រោមរូបភាពរបស់ខ្លួន ក្នុងអំឡុងពេលបំពេញការងារ។

លោកស្រីក៏បានបន្តថា ស្ត្រីជាមាតាពិភពលោក និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ហើយលោកស្រីក៏បានថ្លែងអំណរគុណដល់ក្រសួងកិច្ចការនារី ដែលបានធ្វើសេចក្ដីថ្លែងការពីតម្លៃនៃការផ្ដល់ទឹកដោះម្ដាយទៅដល់ទារនេះ។

———————————–សម្លេង មូរ សុខហ៊ួរ—————————————-

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកស្រី ជួ ប៊ុនអេង បានលើកឡើងថា លោកស្រីមានការ ស្ដាយយ៉ាងខ្លាំង ដែលអធិការស្រុកសៀមប៉ាងបានប្រើឥរិយាបថ និងមិនបានវែកញែកឱ្យច្បាស់ពីកំហុស និងពីគុណសម្បត្តិ។

លោកស្រីបានលើកឡើងថា ក្នុងស្ថានភាពជាស្រ្ដីដែលមានភារកិច្ចទទួលខុសត្រូវទ្វេរដង លើសពីបុរស គឺបំពេញការងារ ស្នូលក្នុងអង្គភាពស្ថាប័នផង  និងត្រូវចិញ្ចឹមបីបាច់ថែទាំកូន តាំងពីនៅក្នុងផ្ទៃរហូតកើតមក ទោះបីជាបុរស ជាស្វាមី ឬអ្នកដែលជាអ្នកដឹកនាំមិន បានយកចិត្តទុកដាក់ បង្កលក្ខណៈឱ្យនាងទទួលបាននូវឱកាសថែទាំកូន បានងាយស្រួល យ៉ាងណាក៏ដោយ ក៏នាងមិនបានបោះបង់ចោលកូន និងការងារស្នូលរបស់នាងដែរ។ លោកស្រីក៏បានកោតសរសើរនូវឆន្ទះ ដ៏មោះមុតក្នុងការបំពេញភារកិច្ចរបស់មន្ដ្រីជាស្ដ្រី ទោះជាប្រឈមយ៉ាងណាក៏ដោយ។

នេះជាលិខិតរបស់ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកស្រី ជួ ប៊ុនអេង ដែលបានផ្ញើជូនទៅ គណៈអភិបាលនៃខេត្តស្ទឹងត្រែង ចុះកាលបរិច្ឆេទនៅថ្ងៃទី១០មីនា ឆ្នាំ២០២១។

អនុសេនីយ៍ទោ គឺលោកស្រី ស៊ីថុងសុខា មានតួនាទីមួយជា អធិការរងទទួលផែនសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង  ។ លោកស្រីបាន ចុះកិច្ចសន្យា ដែលមានសេចក្ដីដើមដូចនេះថា ៖នាងខ្ញុំគ្មានបំណង ផុសហ្វេសបុក ដែលមិនសមរម្យ ធ្វើអោយប៉ះពាល់ដល់កិត្តិយសអង្គភាព នគរបាលព្រមទាំងប៉ះពាល់កិត្តិយសស្ត្រីខ្មែរនោះទេ ។ ប្រសិននាងខ្ញុំ មិនគោរពពាក្យសន្យានេះ នាងខ្ញុំសូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ កិច្ចសន្យារបស់ របស់ ស្ត្រីអនុសេនីយ៍ទោ ស៊ីថុងសុខាត្រូវបានបង្ហោះលើបណ្ដាញសង្គម។

កិច្ចសន្យានេះ ធ្វើនៅការិយាល័យអធិការស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង នៅថ្ងៃទី៩មីនា។

តែបែបណា អគ្គស្នងការនគរបាលជាតិកម្ពុជា នាយឧត្តមសេនីយ នេត សាវឿនក៏បានថ្លែងសរសើរ ចំពោះអនុសេនីយ៍ទោ លោកស្រី ស៊ីថុងសុខា ដែលបានខិតខំបំពេញភារកិច្ច ជាមួយនឹងការថែទាំកូនក្នុងនាមជាម្ដាយ៕

 

Share

Image
Image
Image