en     km
en     km

ក្រសួង​កិច្ចការ​នារី​៖​ ស្ត្រី​គប្បី​ឈប់​ពឹងផ្អែក​ទាំងស្រុង​លើ​សេដ្ឋកិច្ច​បុរស​

Share

cover-workshop-aout-women-on-16.12.15
​ថ្លែង​ក្នុង​សិក្ខាសាលា​ចែករំលែក​លទ្ធភាព​ស្តី​ពី​ “​ការ​អនុវត្ត​ល្អ​ និង​បទ​ពិសោធ​គម្រោង​លើកកម្ពស់​សិទ្ធិ​ស្ត្រី​ និង​ពង្រឹង​សេដ្ឋកិច្ច​សង្គម​”​ នៅ​ថ្ងៃ​ទី​១៦​ ខែធ្នូ​នេះ​ លោកស្រី​ ញ៉ែ​ម​ មរកត​ អនុរដ្ឋលេខាធិការ​ ក្រសួង​កិច្ចការ​នារី​ លើក​ឡើង​ថា​ ស្ត្រី​ខ្មែរ​បច្ចុប្បន្ន​បាន​កាត់​បន្ថយ​ការ​ពឹងពាក់​ ទាំងស្រុង​លើ​ចំណូល​គ្រួសារ​ដែល​រកបាន​ពី​បុរស​ជា​ស្វាមី​។​

​លោកស្រី​បន្ត​ថា​ ស្ត្រី​គប្បី​ឈប់​ពឹងផ្អែក​លើ​សេដ្ឋកិច្ច​បុរស​ ដើម្បី​បញ្ចៀស​ការ​ប្រមាថ​ ការ​មាក់ងាយ​ និង​ការ​ប្រើ​ហិង្សា​លើ​ស្ត្រី​ពី​សំណាក់​ស្វាមី​។​ លោក​ កែវ​ សុខា​ រាយការណ៍​ពី​ព័ត៌មាន​នេះ​៖

​មន្ត្រី​ក្រសួង​កិច្ចការ​នារី​ថ្លែង​ថា​ ផ្នែក​មួយ​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី​ ការ​មាក់ងាយ​ និង​ការ​ប្រមាទ​មក​លើ​ស្ត្រី​ គឺ​បណ្តាល​មក​ពី​បុរស​ជា​មេ​គ្រួ​សារបាន​ក្តាប់​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​ទាំងស្រុង​។​

លោកស្រី​ ញ៉ែ​ម​ មរកត
លោកស្រី​ ញ៉ែ​ម​ មរកត

​អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី​ លោកស្រី​  ញ៉ែ​ម​ មរកត​ បាន​មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​សិក្ខាសាលា​ចែករំលែក​លទ្ធភាព​ស្តី​ពី​ “​ការ​អនុវត្ត​ល្អ​ និង​បទ​ពិសោធ​គម្រោង​លើកកម្ពស់​សិទ្ធិ​ស្ត្រី​ និង​ពង្រឹង​សេដ្ឋកិច្ច​សង្គម​ ដែល​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​។​

​លោកស្រី​ ញ៉ែ​ម​ មរកត​ បន្ត​ថា​ ស្ត្រី​បច្ចុប្បន្ន​មាន​សមត្ថភាព​ និង​មាន​សក្តានុពល​ច្រើន​ ក្នុង​ការ​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​។​ លោកស្រី​  ញ៉ែ​ម​ មរកត​៖​ «​សេដ្ឋកិច្ច​ហ្នឹង​វា​គ្រប​យើង​ វា​ឱ្យ​ស្ត្រី​យើង​ងើបមុខ​មិន​រួច​តែ​ម្តង​ តែបើ​ស្ត្រី​មានមុខ​របប​ ទោះបី​មុខ​របប​តូច​ក៏​ដោយ​នោះ​នឹង​ធ្វើ​ឱ្យ​ស្ត្រី​ហ្នឹង​មាន​កម្លាំង​ក្នុង​ខ្លួន​ ហើយ​អំពើ​ហិង្សា​ ការ​រើសអើង​ ការ​មើលងាយ​ប្រមាទ​ គឺថា​កាត់​បន្ថយ​អស់​។​

​អនុប្រធាន​ជន​បង្គោល​ស្ត្រី​ប្រចាំ​អង្គការ​ GADC​ ខេត្តព្រៃវែង​ អ្នកស្រី​ អឿ​ន​ សា​មន់​ លើក​ឡើង​ថា​ តាម​រយៈ​ការ​ចុះ​បង្រៀន​ស្ត្រី​កន្លង​មក​ អ្នកស្រី​មើលឃើញ​ថា​ ភាគច្រើន​នៃ​ស្ត្រី​រង​គ្រោះ​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ដែល​បាន​រាយការណ៍​មក​ គឺ​បង្ក​ឡើង​ពី​ប្តី​ ដែល​បាន​ទទួលទាន​គ្រឿង​ស្រវឹង​។​ មួយវិញទៀត​ អ្នកស្រី​រក​ឃើញ​ថា​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​ចំនួន​ គឺ​បណ្តាល​មក​ពី​ស្វាមី​បាន​អាង​អំណាច​ក្នុង​ដៃ​ តាម​រយៈ​ចំណូល​ដែល​ខ្លួន​ជា​អ្នករក​។​

​អ្នកស្រី​ អឿ​ន​ សា​មន់​៖​ «​មើលទៅ​ក្នុង​សហគមន៍​ភាគច្រើន​ស្ត្រី​នៅផ្ទះ​រង​គ្រោះ​ រង​គ្រោះ​ដោយ​ សារ​អី​!​ គឺ​បុរស​មើលងាយ​ មិន​ឱ្យ​តម្លៃ​យល់​ថា​ស្ត្រី​ហ្នឹង​គ្មាន​បាន​ប្រយោជន៍​អី​ទេ​ គិតតែ​ស៊ី​   ដេកៗ​ អ​ញ្ចឹ​ង​បុរស​ដែល​រកបាន​កំរៃ​ពី​ក្រៅ​គាត់​ខ្លាំង​ គាត់​មាន​អំណាច​តែ​ម្តង​ ពេល​ស្ត្រី​សួរនាំ​ក៏​កើតជា​ជម្លោះ​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​»​។​

​យោង​តាម​លទ្ធផល​នៃ​គម្រោង​លើកកម្ពស់​សិទ្ធិ​ស្ត្រី​ និង​ ពង្រឹង​សេដ្ឋកិច្ច​សង្គម​ របស់​អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ និង​អង្គការ​ហេ​ហ្វឺ​អន្តរជាតិ​កម្ពុជា​ ដែល​បាន​ធ្វើការ​គ្របដណ្តប់​លើ​ឃុំ​ចំនួន​ ៦​ ក្នុង​ខេត្ត​ចំនួន​៣​ ក្នុង​ប្រទេស​កម្ពុជា​ បាន​រក​ឃើញ​ថា​ ចំនួន​ស្ត្រី​ដែល​បាន​បង្កើន​ប្រាក់​ចំណូល​ និង​បាន​គ្រប់គ្រង​លើ​ធនធាន​ក្នុង​គ្រួសារ​មាន​ចំនួន​ស្មើនឹង​បុរស​។​

​លទ្ធផល​សិក្សា​បន្ថែម​ថា​ យ៉ាង​ហោច​ណាស់​មាន​ស្ត្រី​៩០%​ នៃ​ពលរដ្ឋ​ចំនួន​ ៣២០០​ គ្រួសារ​ បាន​រក​ចំណូល​ខ្លួនឯង​ ក្នុង​ដំណើរការ​បង្កើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​ ហើយ​៨០%​ នៃ​ពលរដ្ឋ​ទាំងនោះ​ បាន​រាយការណ៍​ថា​ មាន​ស្បៀង​ហូប​គ្រប់គ្រាន់​តាម​រយៈ​ការ​ធ្វើ​កសិកម្ម​ប្រចាំ​គ្រួសារ​ ដែល​ជា​សមិទ្ធិ​ផល​ចេញពី​កម្លាំង​ពលកម្ម​របស់​ស្ត្រី​៕

workshop-aout-women-on-16.12.15

Share

ព័ត៌មានទាក់ទង

Image