ថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃបានបញ្ចេញរបាយការណ៍ថា អាត្រាអ្នកជាប់ឃុំនៅពន្ធនាគារទូទាំងប្រទេស នៅឆ្នាំ២០១៥ បានកើនឡើង ១៨,៥៥ភាគ បើប្រៀបធៀបនឹងឆ្នាំ២០១៤កន្លងទៅ ។ ករណីនេះ អ្នកវិភាគយល់ថា ចំនួនអ្នកជាប់ឃុំកើនឡើង ដោយសារតែការចាប់សកម្មជនដីធ្លី សកម្មជនព្រៃឈើ មន្ត្រីឬសកម្មជនបក្សប្រឆាំង និងចោរប្លន់ជាដើម។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី បានមានប្រសាសន៍ជាមួយវិទ្យុស្ដ្រី FM 102 នៃ WMC ថា ចំពោះករណីនៃការកើនឡើងចំនួនអ្នកដែលត្រូវជាប់ឃុំក្នុងពន្ធនាគារនាពេលបច្ចុប្បន្ននេះ គឺបណ្ដាលមកពីការចាប់សកម្មជនតវ៉ាដីធ្លី សកម្មជនតវ៉ាព្រៃឈើ សកម្មជនគណបក្សសង្គ្រោះជាតិ និង ការកើនឡើងនៃអំពើប្លន់ទាំងមុន និងក្រោយពីការដោះលែងទណ្ឌិត ជាង ៦០០ នាក់ នាពេលចុងក្រោយនេះ។
លោក មាស នី មានប្រសាសន៍បន្ថែមថា៖ «បើសិនយើងមើលពីព្រិត្ដិការណ៍សង្គម ដែលកើតឡើងថ្មីៗ ដែលរួមមានទាំងការចាប់សកម្មជនតវ៉ាដីធ្លី ព្រៃឈើ សកម្មជនគណបក្សសង្គ្រោះជាតិ និងការកើនឡើងនៃចោរប្លន់។ ចោរប្លន់នេះ បើយើងមើលទៅមុនពេលដោះលែង ក៏មានជាញឹកញាប់ តែវាមិនខ្លាំងពេក។ ក្រោយពីការដោះលែងទណ្ឌិត ៦០០ នាក់ ចុងក្រោយនេះ ខ្ញុំគិតថាចំនួនកើតឡើងនេះគឺវាផ្សំគ្នាជាមួយនឹងព្រិត្ដិការណ៍សង្គម ដែលមានការចាប់ខ្លួនច្រើនក្នុងរយៈពេលជិតមួយឆ្នាំកន្លងមក»។
ចំណែកនាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានលើកឡើងដែរថា ការដែលកើនឡើងនៃអ្នកទោស មានន័យថាបទឧក្រិដ្ឋក៏មានការកើនឡើងដែរ។ លោកបានបញ្ជាក់ដែរថា អ្នកដែលជាប់ទោសទាំងនោះមានតួអង្គសំខាន់ពីរ។
លោក សន ជ័យ មានប្រសាន៍បន្ដថា៖ «បើយើងមើលទៅទិដ្ឋភាពសង្គមវិញ ការដែលកើនឡើងនៃជំនួនអ្នកទោស មានន័យថា ការកើនឡើងនៃបទល្មើសក៏មានការកើនឡើងដែរ វាអាចថាជាប្រភេទបទឧក្រិដ្ឋ ចំពោះបទលហុ អាចជាបទពិន័យ ហើយអាចជាទោសផ្សេងៗ។ នៅក្នុងចំនួនអ្នកជាប់ឃុំមានតួអង្គពីរដែលសំខាន់ តួអង្គដែលស្វែងរកយុត្ដិធម៌សម្រាប់ខ្លួនឯង និងសង្គម ក៏ត្រូវបានជាប់ទោសដែរ ហើយអ្នកដែលប្រព្រឹត្ដិបទល្មើសបទឧត្រិដ្ឋក៏ជាប់ទោសដែរ»។
តាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃឱ្យដឹងថា អាត្រាអ្នកជាប់ឃុំនៅពន្ធនាគារទូទាំងប្រទេស ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៥ នេះ មានចំនួនសរុប ១៧.៥២២ នាក់ ក្នុងនោះបុរសមានចំនួន ១៦.០៧៥ នាក់ និងស្ត្រី ១.៤៤៧ នាក់។
របាយការណ៍ដដែលឱ្យដឹងដែរថា រយៈពេល១២ ខែឆ្នាំ២០១៤ មានអ្នកឃុំ ១៤.៧៨០ នាក់។ អគ្គនាយកដ្ឋានពន្ធនាគារបានគណនាថា ចំនួនអ្នកជាប់ឃុំនៅឆ្នាំ២០១៥ ធៀបនឹងឆ្នាំ២០១៤ គឺមានការកើនឡើង ១៨,៥៥%៕