មានមនុស្សតិចតួចដែលស្គាល់មនុស្សឈ្មោះ ឃុន ស្រ៊ុន និងដឹងថាលោកជានរណា? លោក ឃុន ស្រ៊ុន គឺជាជនរងគ្រោះម្នាក់ក្នុងរបបវាលពិឃាតខ្មែរក្រហម លោកត្រូវបានគេសម្លាប់នៅចុងខែធ្នូ ឆ្នាំ១៩៧៨ ក្រោយពេលលោកបានចូលរួមបម្រើចលនាខ្មែរក្រហមអស់រយៈពេល ៥ឆ្នាំ។
បន្ទាប់ពីខ្សែភាពយន្តមួយផលិតដោយផលិតករជនជាតិបារាំង ដែលទើបនឹងចាក់បញ្ចាំងនៅក្នុងអំឡុងពេលមហោស្រពភាពយន្តកម្ពុជា ឃើញថា ជីវិតរបស់ ឃុន ស្រ៊ុន ហាក់ត្រូវបានមនុស្សចំនួនចាប់អារម្មណ៍ជាខ្លាំង ជាពិសេសយុវជនខ្មែរ ។
ថាតើលោកឃុន ស្រ៊ុន ជាអ្នកណា ហើយគាត់មានស្នាដៃអ្វីខ្លះនោះ? តទៅនេះសូមស្តាប់យកការណ៍របស់កញ្ញា ឆេង ណាតាដូចតទៅ៖
«ម៉ែចាស់ហើយ ម៉ែពិបាកណាស់ កាលហ្នឹងម៉ែអត់បាន កាលហ្នឹងជំនាន់ខ្មែរក្រហម…..» នេះជាឈុតមួយ នៅក្នុងខ្សែភាពមួយដែលមានចំណងជើងថា «ចេតិយសម្រាប់ ឃុន ស្រ៊ុន»។
ត្រង់ឈុតមួយនេះ កូនស្រីតែម្នាក់របស់លោក ឃុន ស្រ៊ុន ដែលបានរូចរស់ជីវិតពីរបបខ្មែរក្រហម បានរៀបរាប់ពីជីវិតរបស់ខ្លួននៅក្នុងរបបខ្មែរក្រហម ប្រាប់ទៅកូនប្រុសពីរនាក់។
ខ្សែភាពយន្តឯកសារខ្នាតវែងរបស់ផលិតករជនជាតិបារាំងលោក អេរិក ហ្គាល់ម៉ារដ៍ គឺជាខ្សែភាពយន្តមួយដែលនិយាយជីវិត ក៏ដូចជាស្នាដៃនិពន្ធរបស់ ឃុន ស្រ៊ុន ដែលបានបោះពុម្ពផ្សាយនៅទសវត្សរ៍ ៦០ និង៧០ ហើយដោយសារស្នាដៃនិពន្ធនោះ លោក ឃុន ស្រ៊ុន ត្រូវបានរដ្ឋាលោកសេនាប្រមុខ លន់ នល់ ចាប់ដាក់ពន្ធនាគារចំនួនពីរដង។
ក្នុងខ្សែភាពយន្តដែលទើបចាក់បញ្ចាំងជាលើកដំបូងក្នុងប្រទេសកម្ពុជា ពីក្រៅពីការដាក់បញ្ចូលសម្រង់ខ្លីៗនៃអត្ថបទរបស់លោក ឃុន ស្រ៊ុន ដែលបានរិះគន់សង្គមនៅទសវត្សរ៍ ៦០ និង៧០ ផលិតករជាតិបារាំងរូបនោះ ក៏បានប្រៀបធៀបនឹងជីវិតពលរដ្ឋក្រីក្រក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ដែលរងទុក្ខវេទនា ដោយការបណ្តេញចេញពីលំនៅដ្ឋាន ហើយជាពិសេសនោះ ភាពយន្តឯកសារនេះ ក៏ភ្ជាប់ទៅនឹងជីវិតកូនស្រីរបស់លោក ឃុន ស្រ៊ុន ផងដែរ ដែលជាក្មេងកំព្រា និងជាស្ត្រីមេម៉ាយកូនពីរនាក់ និងកំពុងរងគ្រោះដោយការរំលោភបំពានដីធ្លីផងដែរ។
ក្រោយពីបានទស្សនា ខ្សែភាពយន្តឯកសារមានរយៈពេលជាងមួយម៉ោងនេះ ស្ត្រីវ័យកណ្តាលម្នាក់ ជាជនជាតិខ្មែររៀននៅប្រទេសបារាំង អ្នកស្រី ប៉ុប ម៉ារីណា បានប្រាប់ថា បន្ទាប់ពីអ្នកស្រីបានទស្សនាខ្សែភាពយន្តដែលមានចំណងជើងថា «ចេតិយសម្រាប់ ឃុន ស្រ៊ុន» ដែលបានចាក់បញ្ចាំងនៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណានេះមក អ្នកស្រីបានចាប់អារម្មណ៍ យ៉ាងខ្លាំងពីជីវិតរបស់លោក ឃុន ស្រ៊ុន ជាពិសេស ស្នាដៃនិពន្ធរបស់លោក។
អ្នកស្រីថា កន្លងមក អ្នកស្រីមិនធ្លាប់ស្គាល់ ឬបានអានពីស្នាដៃនិពន្ធរបស់លោក ឃុន ស្រ៊ុនឡើយ។ អ្នកស្រីបានរៀបរាប់បន្តថា លោក ឃុន ស្រ៊ុន គឺអ្នកនិពន្ធម្នាក់នៅក្នុងទសវត្សរ៍៦០ និង៧០ ដែលមានទស្សនៈវែងឆ្ងាយ និងគិតគូរពីសង្គមច្រើន។
អ្នកស្រី ម៉ារីណា បានឱ្យដឹងទៀតថា ក្រោយពីទស្សនាភាពយន្តដែលនិយាយពីប្រវត្តិ ឃុន ស្រ៊ុន នេះរួច អ្នកស្រីនឹងស្វែងរកសៀវភៅដែលជាស្នាដៃនិពន្ធរបស់គាត់ ដើម្បីរៀនសូត្រពីស្នាដៃអ្នកនិពន្ធរូបនោះ៖ «អញ្ចឹងឥឡូវហ្នឹងខ្ញុំកំពុងតែសួររកបើគេមាន។ … ចង់អានសៀវភៅលោក ឃុន ស្រ៊ុន»។
ចំណែក យុវជន ម្នាក់ទៀតដែលជានិស្សិតឆ្នាំទី៥ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល លោក សំរិទ្ធ សេរីឧត្តម បានប្រាប់ថា លោកធ្លាប់បានអាន ស្នាដៃនិពន្ធរបស់លោក ឃុន ស្រ៊ុន រួចមកហើយ។
ឧត្តមបានប្រាប់ថា លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទឹកដៃ អ្នកនិពន្ធរូបនេះ៖ «ដំបូងខ្ញុំអានសៀវភៅ លំនៅចុងក្រោយ ដែលជាស្នាដៃរបស់លោក ឃុន ស្រ៊ុន សៀវភៅហ្នឹងគឺជាសៀវភៅដំបូងដែលខ្ញុំអានហើតទាក់ចិត្តមែនទែន ខ្ញុំអានឡើងបីបួនចប់។ ខ្ញុំអត់នឹកស្មានថា ពីមុនមកមានអ្នកនិពន្ធ អាចសរសេរសៀវភៅបាន … ចង់និយាយថា គាត់បញ្ចេញអ្វីដែលគាត់ចង់និយាយហ្នឹងនៅក្នុង លីតធើរីវើករបស់គាត់វាច្បាស់លាស់»។
ឧត្តមនិយាយបន្តទៀតថា លោក ឃុន ស្រ៊ុន គឺជាអ្នកនិពន្ធម្នាក់ប្លែកគេ អ្វីដែលលោកសរសេរគឺផ្សាភ្ជាប់ជីវិតខ្លួនទៅនឹងសង្គម។
លោក អេរិក ហ្គាល់ម៉ារដ៍ ជាសាស្ត្រាចារ្យបង្រៀនផ្នែកភាពយន្តនៅសាកលវិទ្យាល័យ Strasburg និងជាផលិតករខ្សែភាពយន្តឯកសារខ្នាតវែងដែលនិយាយពីស្នាដៃរបស់អ្នកនិពន្ធឃុន ស្រ៊ុន នេះ។ លោក អេរិក បានប្រាប់ឱ្យដឹងថា លោកមានគំនិតក្នុងការផលិតខ្សែភាពនេះ ក្នុងពេលដែលលោកបានចាប់ផ្តើមអានសៀវភៅរបស់អ្នកនិពន្ធ ឃុន ស្រ៊ុន កាលពីឆ្នាំ២០០៣។
លោកថា បានជាលោកជ្រើសរើសយកស្នាដៃរបស់អ្នកនិពន្ធ ឃុន ស្រ៊ុន មកផលិតជាខ្សែភាពយន្តឯកសារខ្នាតវែងនេះ ព្រោះលោកស្រឡាញ់ចូលចិត្តស្នាដៃរបស់លោក ឃុន ស្រ៊ុន ។
ផលិតកររូបនេះបានប្រាប់ថា ការផលិតខ្សែរភាពយន្តនេះឡើង ក្នុងគោលបំណងឱ្យទស្សនិកជនស្គាល់ឱ្យកាន់តែច្បាស់ពីស្នាដៃរបស់ ឃុន ស្រ៊ុន៖
«ពីព្រោះខ្ញុំវាយតម្លៃថា ស្នាដៃរបស់គាត់គួរឱ្យស្គាល់មែនទែនសម្រាប់ជនជាតិខ្មែរសម័យបច្ចុបន្នប្បន្ននេះ។ … អត្ថបទវាសាមញ្ញ មើលម្តងវាហាក់បីដូចជាគ្មានអ្វីពិសេសនោះទេ តែតាមពិតមានន័យច្រើន។ ឧទាហរណ៍ ពេលគាត់សរសេរកំណាព្យ កំណាព្យរិះគន់សង្គម គាត់អត់សរសេរិះគន់ចំទេ សរសេរន័យបង្កប់…»។
អេរិក បាននិយាយថា ខ្សែភាពយន្តឯកសារដែលមានរយៈពេលជាងមួយម៉ោងនេះ ត្រូវប្រើរយៈរហូតដល់ ៥ឆ្នាំ ដោយចាប់ផ្តើមថតតាំងពីឆ្នាំ ២០១០ ប៉ុន្តែទើបតែបញ្ចប់នៅក្នុងឆ្នាំ២០១៥នេះ។ ផលិតកររូបនេះបានរៀបរាប់ថា ការផលិតខ្សែភាពយន្តឯកសារដោយរយៈពេលយូរ ដោយសារលោកត្រូវការរកសាក្សីដែលស្គាល់ ឬធ្លាប់ជួបអ្នកនិពន្ធ ឃុន ស្រ៊ុន និងក្រុមគ្រួសាររបស់គាត់ដែលនៅរស់នៅឡើយ។
ផលិតកររូបនេះបាននិយាយទៀតថា៖ «សប្បាយចិត្ត ដោយសារខ្ញុំឃើញមានជនជាតិខ្មែរច្រើន ហើយជាពិសេសជនជាតិខ្មែរក្មេង ដូចជាចាប់អារម្មណ៍ទៅលើកុនហ្នឹង និងអ្នកនិពន្ធខ្មែរម្នាក់ហ្នឹង»។
តាមឯកសារស្រាវជ្រាវឱ្យដឹងថា អ្នកនិពន្ធ ឃុន ស្រ៊ុន បានកើតនៅស្រុកព្រៃកប្បាសខេត្តតាកែវ នៅឆ្នាំ១៩៤៥ ក្នុងគ្រួសារក្រីក្រមួយ ដែលមានកូន៧នាក់ក្នុងបន្ទុក។ លោក ឃុន ស្រ៊ុន និងបងប្អូន ៣នាក់ ផ្សេងទៀតរបស់លោក ត្រូវបានសម្លាប់ក្នុងរបបវាលពិឃាត ចន្លោះឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ ១៩៧៩។
ស្នាដៃនិពន្ធរបស់លោក ឃុន ស្រ៊ុន មានដូចជា គំហើញទី១ គំហើញទី២ និងគំហើញទី៣ បោះពុម្ពនៅឆ្នាំ ១៩៧០ សៀវភៅសម្រស់ជីវិត បោះពុម្ពនៅឆ្នាំ ១៩៧១ សៀវភៅ លំនៅចុងក្រោយ បោះពុម្ពឆ្នាំ ១៩៧២ និងសៀវភៅ ជនជាប់ចោទ បោះពុម្ពឆ្នាំ ១៩៧៣។ ក្រៅពីនោះ លោក ឃុន ស្រ៊ុន ក៏បាននិពន្ធសៀវភៅ ជំទង់ និងគណិតវិទ្យា ថ្នាក់ទី៨ ដល់ថ្នាក់ទី៣ ផងដែរ។
លោក ឃុន ស្រ៊ុន ត្រូវរដ្ឋការលោកសេនាប្រមុខ លន់ នល់ ចាប់ដាក់ពន្ធនាគារពីរដង នៅឆ្នាំ១៩៧១ និង១៩៧៣ ដោយសារអត្ថបទរិះគន់សង្គមរបស់លោក។ លើកទី១ លោកបានជាប់ពន្ធនាគាររយៈពេល៧ខែ ហើយលើកទី២ រយៈពេលពីរសប្ដាហ៍។
លោក ឃុន ស្រ៊ុន បានចូលព្រៃម៉ាគី ដែលជាចលនាតស៊ូរបស់ពួកខ្មែរក្រហមនៅឆ្នាំ ១៩៧៣ ដោយប្រើឈ្មោះបដិវត្តន៍ថា ភឿន ដូចឈ្មោះតួអង្គក្នុងរឿងខ្លីរបស់លោក ដែលជាគ្រូពេទ្យចិត្តល្អ ជួយយកអាសារអ្នកជំងឺដោយមិនគិតពីលុយកាក់ជាធំ។
តាមព័ត៌មានថា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លោក ឃុន ស្រ៊ុន បានធ្វើការនៅក្រសួងរថភ្លើង ហើយលោកត្រូវបានខ្មែរក្រហមចាប់ខ្លួន និងសម្លាប់នៅខែធ្នូ ឆ្នាំ១៩៧៨៕