en     km
en     km

ស្នាដៃ​របស់​លោក​ ឃុន​ ស្រ៊ុ​ន​ ហាក់​ត្រូវ​បាន​ទទួល​ការ​ចាប់អារម្មណ៍​ ក្រោយ​ខ្សែភាពយន្ត​មួយ​ដែល​និយាយ​ពីជីវិតរបស់លោក ត្រូវ​បាន​ចាក់​បញ្ចាំង​

Share

Khhun-srun-cover
មាន​មនុស្ស​តិចតួច​ដែល​ស្គាល់​មនុស្ស​ឈ្មោះ​ ឃុន​ ស្រ៊ុ​ន​ និង​ដឹង​ថា​លោក​ជា​នរណា​?​ លោក​ ឃុន​ ស្រ៊ុ​ន​ គឺជា​ជន​រង​គ្រោះ​ម្នាក់​ក្នុង​របប​វាល​ពិឃាត​ខ្មែរក្រហម​ លោក​ត្រូវ​បាន​គេ​សម្លាប់​នៅ​ចុងខែ​ធ្នូ​ ឆ្នាំ​១៩៧៨​ ក្រោយ​ពេល​លោក​បាន​ចូលរួម​បម្រើ​ចលនា​ខ្មែរក្រហម​អស់​រយៈពេល​ ៥​ឆ្នាំ​។​

​បន្ទាប់​ពី​ខ្សែភាពយន្ត​មួយ​ផលិត​ដោយ​ផលិតករ​ជនជាតិ​បារាំង​ ដែល​ទើបនឹង​ចាក់​បញ្ចាំង​នៅ​ក្នុងអំឡុងពេល​មហោស្រព​ភាពយន្ត​កម្ពុជា​ ឃើញ​ថា​ ជីវិត​របស់​ ឃុន​ ស្រ៊ុ​ន​ ហាក់​ត្រូវ​បាន​មនុស្ស​ចំនួន​ចាប់អារម្មណ៍​ជា​ខ្លាំង​ ជា​ពិសេស​យុវជន​ខ្មែរ​ ។​
​ថា​តើ​លោក​ឃុន​ ស្រ៊ុ​ន​ ជា​អ្នក​ណា​ ហើយ​គាត់​មាន​ស្នាដៃ​អ្វីខ្លះ​នោះ​?​ តទៅ​នេះ​សូម​ស្តាប់​យកការណ៍​របស់​កញ្ញា​ ឆេ​ង​ ណា​តា​ដូច​តទៅ​៖

«​ម៉ែ​ចាស់​ហើយ​ ម៉ែ​ពិបាក​ណាស់​ កាល​ហ្នឹង​ម៉ែ​អត់​បាន​ កាល​ហ្នឹង​ជំនាន់​ខ្មែរក្រហម​…..»​ នេះ​ជា​ឈុត​មួយ​ នៅ​ក្នុង​ខ្សែ​ភាព​មួយ​ដែល​មាន​ចំណងជើង​ថា​ «​ចេតិយ​សម្រាប់​ ឃុន​ ស្រ៊ុ​ន​»​។​

​ត្រង់​ឈុត​មួយ​នេះ​ កូនស្រី​តែ​ម្នាក់​របស់​លោក​ ឃុន​ ស្រ៊ុ​ន​ ដែល​បាន​រូ​ចរស់​ជីវិត​ពី​របប​ខ្មែរក្រហម​ បាន​រៀបរាប់​ពី​ជីវិត​របស់​ខ្លួន​នៅ​ក្នុង​របប​ខ្មែរក្រហម​ ប្រាប់​ទៅ​កូនប្រុស​ពីរ​នាក់​។​

ខ្សែភាពយន្ត​ឯកសារ​ខ្នាត​វែង​របស់​ផលិតករ​ជនជាតិ​បារាំង​លោក​ អេ​រិ​ក​ ហ្គា​ល់​ម៉ារ​ដ៍​ គឺជា​ខ្សែភាពយន្ត​មួយ​ដែល​និយាយ​ជីវិត​ ក៏​ដូច​ជា​ស្នាដៃ​និពន្ធ​របស់​ ឃុន​ ស្រ៊ុ​ន​ ដែល​បាន​បោះពុម្ពផ្សាយ​នៅ​ទសវត្សរ៍​ ៦០​ និង​៧០​ ហើយ​ដោយសារ​ស្នាដៃ​និពន្ធ​នោះ​ លោក​ ឃុន​ ស្រ៊ុ​ន​ ត្រូវ​បានរ​ដ្ឋា​លោក​សេនាប្រមុខ​ លន់​ ន​ល់​ ចាប់​ដាក់​ពន្ធនាគារ​ចំនួន​ពីរ​ដង​។​

​ក្នុង​ខ្សែភាពយន្ត​ដែល​ទើប​ចាក់​បញ្ចាំង​ជា​លើក​ដំបូង​ក្នុង​ប្រទេស​កម្ពុជា​ ពី​ក្រៅពី​ការ​ដាក់​បញ្ចូល​សម្រង់​ខ្លីៗ​នៃ​អត្ថបទ​របស់​លោក​ ឃុន​ ស្រ៊ុ​ន​ ដែល​បាន​រិះគន់​សង្គម​នៅ​ទសវត្សរ៍​ ៦០​ និង​៧០​ ផលិតករ​ជាតិ​បារាំង​រូប​នោះ​ ក៏​បាន​ប្រៀបធៀប​នឹង​ជីវិត​ពលរដ្ឋ​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​ ដែល​រង​ទុក្ខវេទនា​ ដោយ​ការ​បណ្តេញ​ចេញពី​លំនៅ​ដ្ឋា​ន​ ហើយ​ជា​ពិសេស​នោះ​ ភាពយន្ត​ឯកសារ​នេះ​ ក៏​ភ្ជាប់​ទៅ​នឹង​ជីវិត​កូនស្រី​របស់​លោក​ ឃុន​ ស្រ៊ុ​ន​ ផង​ដែរ​ ដែល​ជា​ក្មេង​កំព្រា​ និង​ជា​ស្ត្រី​មេម៉ាយ​កូន​ពីរ​នាក់​ និង​កំពុង​រង​គ្រោះ​ដោយ​ការ​រំលោភ​បំពាន​ដីធ្លី​ផង​ដែរ​។​

​ក្រោយ​ពី​បាន​ទស្សនា​ ខ្សែភាពយន្ត​ឯកសារ​មាន​រយៈពេល​ជាង​មួយ​ម៉ោង​នេះ​ ស្ត្រី​វ័យ​កណ្តាល​ម្នាក់​ ជា​ជនជាតិ​ខ្មែរ​រៀន​នៅ​ប្រទេស​បារាំង​ អ្នកស្រី​ ប៉ុប​ ម៉ា​រី​ណា​ បាន​ប្រាប់​ថា​ បន្ទាប់​ពី​អ្នកស្រី​បាន​ទស្សនា​ខ្សែភាពយន្ត​ដែល​មាន​ចំណងជើង​ថា​ «​ចេតិយ​សម្រាប់​ ឃុន​ ស្រ៊ុ​ន​»​ ដែល​បាន​ចាក់​បញ្ចាំង​នៅ​មជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​បុប្ផា​ណា​នេះ​មក​ អ្នកស្រី​បាន​ចាប់អារម្មណ៍​ យ៉ាង​ខ្លាំង​ពី​ជីវិត​របស់​លោក​ ឃុន​ ស្រ៊ុ​ន​ ជា​ពិសេស​ ស្នាដៃ​និពន្ធ​របស់​លោក​។​

​អ្នកស្រី​ថា​ កន្លង​មក​ អ្នកស្រី​មិន​ធ្លាប់​ស្គាល់​ ឬ​បាន​អាន​ពី​ស្នាដៃ​និពន្ធ​របស់​លោក​ ឃុន​ ស្រ៊ុ​ន​ឡើយ​។​ អ្នកស្រី​បាន​រៀបរាប់​បន្ត​ថា​ លោក​ ឃុន​ ស្រ៊ុ​ន​ គឺ​អ្នកនិពន្ធ​ម្នាក់​នៅ​ក្នុង​ទសវត្សរ៍​៦០​ និង​៧០​ ដែល​មាន​ទស្សនៈ​វែង​ឆ្ងាយ​ និង​គិតគូរ​ពី​សង្គម​ច្រើន​។​

​អ្នកស្រី ​ម៉ា​រី​ណា​ បានឱ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពី​ទស្សនា​ភាពយន្ត​ដែល​និយាយ​ពី​ប្រវត្តិ​ ឃុន​ ស្រ៊ុ​ន​ នេះ​រួច​ អ្នកស្រី​នឹង​ស្វែងរក​សៀវភៅ​ដែល​ជា​ស្នាដៃ​និពន្ធ​របស់​គាត់​ ដើម្បី​រៀនសូត្រ​ពី​ស្នាដៃ​អ្នកនិពន្ធ​រូប​នោះ​៖​ «​អ​ញ្ចឹ​ង​ឥឡូវ​ហ្នឹង​ខ្ញុំ​កំពុង​តែ​សួរ​រក​បើ​គេ​មាន​។​ …​ ចង់​អាន​សៀវភៅ​លោក​ ឃុន​ ស្រ៊ុ​ន​»​។​

​ចំណែក​ យុវជន​ ម្នាក់​ទៀត​ដែល​ជា​និស្សិត​ឆ្នាំ​ទី​៥​ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ លោក​ សំ​រិ​ទ្ធ​ សេរី​ឧត្តម​ បាន​ប្រាប់​ថា​ លោក​ធ្លាប់​បាន​អាន​ ស្នាដៃ​និពន្ធ​របស់​លោក​ ឃុន​ ស្រ៊ុ​ន​ រួច​មក​ហើយ​។​

​ឧត្តម​បាន​ប្រាប់​ថា​ លោក​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ទឹកដៃ​ អ្នកនិពន្ធ​រូប​នេះ​៖​ «​ដំបូង​ខ្ញុំ​អាន​សៀវភៅ​ លំនៅ​ចុង​ក្រោយ​ ដែល​ជា​ស្នាដៃ​របស់​លោក​ ឃុន​ ស្រ៊ុ​ន​ សៀវភៅ​ហ្នឹង​គឺជា​សៀវភៅ​ដំបូង​ដែល​ខ្ញុំ​អាន​ហើ​ត​ទាក់ចិត្ត​មែនទែន​ ខ្ញុំ​អាន​ឡើង​បី​បួន​ចប់​។​ ខ្ញុំ​អត់​នឹក​ស្មានថា​ ពី​មុន​មក​មាន​អ្នកនិពន្ធ​ អាច​សរសេរ​សៀវភៅ​បាន​ …​ ចង់​និយាយ​ថា​ គាត់​បញ្ចេញ​អ្វី​ដែល​គាត់​ចង់​និយាយ​ហ្នឹង​នៅ​ក្នុង​ លី​ត​ធើ​រី​វើក​របស់​គាត់​វា​ច្បាស់លាស់​»​។​

​ឧត្តម​និយាយ​បន្ត​ទៀត​ថា​ លោក​ ឃុន​ ស្រ៊ុ​ន​ គឺជា​អ្នកនិពន្ធ​ម្នាក់​ប្លែក​គេ​ អ្វី​ដែល​លោក​សរសេរ​គឺ​ផ្សា​ភ្ជាប់​ជីវិត​ខ្លួន​ទៅ​នឹង​សង្គម​។​

​លោក​ អេ​រិ​ក​ ហ្គា​ល់​ម៉ារ​ដ៍
​លោក​ អេ​រិ​ក​ ហ្គា​ល់​ម៉ារ​ដ៍

​លោក​ អេ​រិ​ក​ ហ្គា​ល់​ម៉ារ​ដ៍​ ជា​សាស្ត្រាចារ្យ​បង្រៀន​ផ្នែក​ភាពយន្ត​នៅ​សាកលវិទ្យាល័យ ​Strasburg​ និង​ជា​ផលិតករ​ខ្សែភាពយន្ត​ឯកសារ​ខ្នាត​វែង​ដែល​និយាយ​ពី​ស្នាដៃ​របស់​អ្នកនិពន្ធ​ឃុន​ ស្រ៊ុ​ន​ នេះ​។​ លោក​ អេ​រិ​ក​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ លោក​មានគំនិត​ក្នុង​ការ​ផលិត​ខ្សែ​ភាព​នេះ​ ក្នុង​ពេល​ដែល​លោក​បាន​ចាប់ផ្តើម​អាន​សៀវភៅ​របស់​អ្នកនិពន្ធ​ ឃុន​ ស្រ៊ុ​ន​ កាលពី​ឆ្នាំ​២០០៣​។​

​លោក​ថា​ បានជា​លោក​ជ្រើសរើស​យក​ស្នាដៃ​របស់​អ្នកនិពន្ធ​ ឃុន​ ស្រ៊ុ​ន​ មក​ផលិត​ជា​ខ្សែភាពយន្ត​ឯកសារ​ខ្នាត​វែង​នេះ​ ព្រោះ​លោក​ស្រឡាញ់​ចូល​ចិត្ត​ស្នាដៃ​របស់​លោក​ ឃុន​ ស្រ៊ុ​ន​ ។​

​ផលិតករ​រូប​នេះ​បាន​ប្រាប់​ថា​  ការ​ផលិត​ខ្សែរ​ភាពយន្ត​នេះ​ឡើង​ ក្នុង​គោលបំណង​ឱ្យ​ទស្សនិកជន​ស្គាល់​ឱ្យ​កាន់តែ​ច្បាស់​ពី​ស្នាដៃ​របស់​ ឃុន​ ស្រ៊ុ​ន​៖​
«​ពីព្រោះ​ខ្ញុំ​វាយតម្លៃ​ថា​ ស្នាដៃ​របស់​គាត់​គួរ​ឱ្យ​ស្គាល់​មែនទែន​សម្រាប់​ជនជាតិ​ខ្មែរ​សម័យ​បច្ចុបន្ន​ប្បន្ន​នេះ​។​ …​  អត្ថបទ​វា​សាមញ្ញ​ មើល​ម្តង​វា​ហាក់បីដូចជា​គ្មាន​អ្វី​ពិសេស​នោះ​ទេ​ តែ​តាម​ពិត​មាន​ន័យ​ច្រើន​។​ ឧទាហរណ៍​ ពេល​គាត់​សរសេរ​កំណាព្យ​ កំណាព្យ​រិះគន់​សង្គម​ គាត់​អត់​សរសេ​រិះគន់​ចំ​ទេ​ សរសេរ​ន័យ​បង្កប់​…»​។​

​អេ​រិ​ក​ បាន​និយាយ​ថា​ ខ្សែភាពយន្ត​ឯកសារ​ដែល​មាន​រយៈពេល​ជាង​មួយ​ម៉ោង​នេះ​ ត្រូវ​ប្រើ​រយៈ​រហូត​ដល់​ ៥​ឆ្នាំ​ ដោយ​ចាប់ផ្តើម​ថត​តាំងពី​ឆ្នាំ​ ២០១០​ ប៉ុន្តែ​ទើបតែ​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ​។​ ផលិតករ​រូប​នេះ​បាន​រៀបរាប់​ថា​ ការ​ផលិត​ខ្សែភាពយន្ត​ឯកសារ​ដោយ​រយៈពេល​យូរ​ ដោយសារ​លោក​ត្រូវការ​រក​សាក្សី​ដែល​ស្គាល់​ ឬ​ធ្លាប់​ជួប​អ្នកនិពន្ធ​ ឃុន​ ស្រ៊ុ​ន​ និង​ក្រុម​គ្រួសារ​របស់​គាត់​ដែល​នៅ​រស់​នៅឡើយ​។​

​ផលិតករ​រូប​នេះ​បាន​និយាយ​ទៀត​ថា​៖​ «​សប្បាយចិត្ត​ ដោយសារ​ខ្ញុំ​ឃើញ​មាន​ជនជាតិ​ខ្មែរ​ច្រើន​  ហើយ​ជា​ពិសេស​ជនជាតិ​ខ្មែរ​ក្មេង​ ដូច​ជា​ចាប់អារម្មណ៍​ទៅ​លើ​កុន​ហ្នឹង​ និង​អ្នកនិពន្ធ​ខ្មែរ​ម្នាក់​ហ្នឹង​»​។​

​តាម​ឯកសារ​ស្រាវជ្រាវ​ឱ្យ​ដឹង​ថា​ អ្នកនិពន្ធ​ ឃុន​ ស្រ៊ុ​ន​ បាន​កើត​នៅ​ស្រុក​ព្រៃកប្បាស​ខេត្តតាកែវ​ នៅ​ឆ្នាំ​១៩៤៥​ ក្នុង​គ្រួសារ​ក្រីក្រ​មួយ​ ដែល​មានកូន​៧​នាក់​ក្នុង​បន្ទុក​។​ លោក​ ឃុន​ ស្រ៊ុ​ន​ និង​បងប្អូន​ ៣​នាក់​ ផ្សេង​ទៀត​របស់​លោក​ ត្រូវ​បាន​សម្លាប់​ក្នុង​របប​វាល​ពិឃាត​ ចន្លោះ​ឆ្នាំ​១៩៧៥​ ដល់​ដើមឆ្នាំ​ ១៩៧៩​។​

ស្នាដៃ​និពន្ធ​របស់​លោក​ ឃុន​ ស្រ៊ុ​ន​ មាន​ដូច​ជា​ គំហើញ​ទី​១​ គំហើញ​ទី​២​ និង​គំហើញ​ទី​៣​ បោះពុម្ព​នៅ​ឆ្នាំ​ ១៩៧០​ សៀវភៅ​សម្រស់​ជីវិត​ បោះពុម្ព​នៅ​ឆ្នាំ​ ១៩៧១​ សៀវភៅ​ លំនៅ​ចុង​ក្រោយ​ បោះពុម្ព​ឆ្នាំ​ ១៩៧២​ និង​សៀវភៅ​ ជនជាប់ចោទ​ បោះពុម្ព​ឆ្នាំ​ ១៩៧៣​។​ ក្រៅពី​នោះ​ លោក​ ឃុន​ ស្រ៊ុ​ន​ ក៏​បាន​និពន្ធ​សៀវភៅ​ ជំទង់​ និង​គណិត​វិទ្យា​ ថ្នាក់​ទី​៨​ ដល់​ថ្នាក់​ទី​៣​ ផង​ដែរ​។​

​លោក​ ឃុន​ ស្រ៊ុ​ន​ ត្រូវ​រដ្ឋការ​លោក​សេនាប្រមុខ​ លន់​ ន​ល់​ ចាប់​ដាក់​ពន្ធនាគារ​ពីរ​ដង​ នៅ​ឆ្នាំ​១៩៧១​ និង​១៩៧៣​ ដោយសារ​អត្ថបទ​រិះគន់​សង្គម​របស់​លោក​។​ លើក​ទី​១​ លោក​បាន​ជាប់​ពន្ធនាគារ​រយៈពេល​៧​ខែ​ ហើយ​លើក​ទី​២​ រយៈពេល​ពី​រស​ប្ដា​ហ៍​។​

​លោក​ ឃុន​ ស្រ៊ុ​ន​ បាន​ចូល​ព្រៃម៉ាគី​ ដែល​ជា​ចលនា​តស៊ូ​របស់​ពួក​ខ្មែរក្រហម​នៅ​ឆ្នាំ​ ១៩៧៣​ ដោយ​ប្រើ​ឈ្មោះ​បដិវត្តន៍​ថា​ ភឿន​ ដូច​ឈ្មោះ​តួអង្គ​ក្នុង​រឿង​ខ្លី​របស់​លោក​ ដែល​ជា​គ្រូពេទ្យ​ចិត្តល្អ​ ជួយ​យកអាសារ​អ្នកជំងឺ​ដោយ​មិន​គិត​ពី​លុយកាក់​ជា​ធំ​។​

​តាម​ព័ត៌មាន​ថា​ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ លោក​ ឃុន​ ស្រ៊ុ​ន​ បាន​ធ្វើការ​នៅ​ក្រសួង​រថភ្លើង​ ហើយ​លោក​ត្រូវ​បាន​ខ្មែរក្រហម​ចាប់ខ្លួន​ និង​សម្លាប់​នៅ​ខែធ្នូ​ ឆ្នាំ​១៩៧៨៕

Share

Image
Image
Image