en     km
en     km

រដ្ឋាភិបាល​ អង្គការ​ជាតិ​ និង​អន្តរជាតិ​ រួម​គ្នា​ដោះស្រាយ​បញ្ហា​ជន​រស់នៅ​តាម​ចិញ្ចើម​ផ្លូវ​

Share

cover-conference-on-persons-in-street-situation

ភ្នំពេញ៖  ​ចាប់ពី​ថ្ងៃ​១៥​ ដល់​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ អង្គការសហប្រជាជាតិ​ បាន​រៀបចំ​សន្និសីទ​ថ្នាក់​ជាតិ​មួយ​ ដើម្បី​រក​យុទ្ធសាស្ត្រ​ថ្មីៗ​ ក្នុង​ការ​រួម​គ្នា​រក​ដំណោះស្រាយ​ លើ​បញ្ហា​ជន​រស់នៅ​តាម​ចិញ្ចើម​ផ្លូវ​ឱ្យ​មាន​ប្រសិទ្ធភាព​។​ ក្នុង​សន្និសីទ​ថ្នាក់​ជាតិ​រយៈពេល​ពីរ​ថ្ងៃនេះ​ មានការ​ចូលរួម​ មន្ត្រី​រដ្ឋាភិបាល​ អង្គការ​ជាតិ​ និង​អន្តរជាតិ​ ប្រមាណ​ ជិត​១០០​នាក់​។​

​មន្ត្រី​រដ្ឋាភិបាល​ រួម​ទាំង​បុគ្គលិក​អង្គការ​ជាតិ​ និង​អន្តរជាតិ​ បាន​រៀបចំ​កិច្ច​ពិភាក្សា​រយៈពេល​២​ថ្ងៃ​ ដើម្បី​ធ្វើ​យ៉ាងណា​ រួម​គ្នា​ដោះស្រាយ​បញ្ហា​ជនអនាថា​រស់នៅ​តាម​ចិញ្ចើម​ផ្លូវ​ ឱ្យ​មាន​ប្រសិទ្ធភាព​។​

​តំណាង​ការិយាល័យ​ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​រូប​នេះ​ លោកស្រី​ វ៉ា​ន់​ ហេ​លី​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ថ្នាក់​ជាតិ​ ដែល​រៀបចំ​នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ ខែធ្នូ​ នេះ​ថា​ បច្ចុប្បន្ន​នេះ​ អ្នក​រស់នៅ​តាម​ចិញ្ចើម​ផ្លូវ​មាន​ប្រមាណ​ជិត​៥​ពាន់​នាក់​។​ លោកស្រី​ថា​ ចំនួន​នេះ​ មិនមែន​មិន​អាច​គ្រប់គ្រង​បាន​នោះ​ទេ​ បើសិន​មានការ​បែងចែក​ការ​ទទួលខុសត្រូវ​ទៅ​តាម​ខ័​ណ្ឌ​នីមួយៗ​។​

​លោកស្រី​ វ៉ា​ន់​ ហេ​លី​ បាន​ថ្លែង​បន្ត​ថា​ មិន​ថា​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​ ដែល​ជួប​បញ្ហា​ជនអនាថា​រស់នៅ​តាម​ចិញ្ចើម​ផ្លូវ​ គ្រប់​ប្រទេស​កំពុង​អភិវឌ្ឍ​ទាំងអស់​ សុទ្ធតែ​ជួប​បញ្ហា​នេះ​ដូច​គ្នា​។​ លោកស្រី​ថា​ សំណួរ​ដែល​ត្រូវ​សួរ​គឺ​ ថា​តើ​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​ ដោយ​របៀប​ណា​?

លោក​ ពិន​ សុខុម​
លោក​ ពិន​ សុខុម​

ជុំវិញ​បញ្ហា​នេះ​ដែរ​ លោក​ ពិន​ សុខុម​ អ្នកសម្របសម្រួល​គម្រោង​សង្គ្រោះ​ជីវិត​នៃ​អង្គការ​មិត្តសម្លាញ់​ បានឱ្យ​ដឹង​ថា​ ជន​ដែល​នៅ​តាម​ចិញ្ចើម​ផ្លូវ​ គឺជា​ជន​ដែល​ប្រឈម​នឹង​បញ្ហា​នានា​ច្រើន​ជាងគេ​ ដូច​ជា​ បញ្ហា​សុខភាព​ ការ​អប់រំ​ សុខ​សុវត្ថិភាព​ និង​បញ្ហា​អនាម័យ​ជាដើម​។​

​លោក​ បន្ត​ថា​ ជនអនាថា​ នៅ​ពេល​ដែល​គាត់​ធ្វើការ​នៅ​តាម​ដងផ្លូវ​យូរ​ ធ្វើ​ឱ្យ​ស៊ាំ​នឹង​ស្ថានភាព​បែប​នេះ​ ដូច្នេះ​ការ​ដោះស្រាយ​បញ្ហា​ជនអនាថា​នេះ​ ត្រូវការ​ពេលវេលា​យូរ​ ហើយ​ដើម្បី​ដោះ​បញ្ហា​ជនអនាថា​នេះ​ ទាំង​រដ្ឋាភិបាល​ និង​សង្គម​ស៊ី​វិល​ គួរតែ​មាន​យន្តការ​មួយ​ ធ្វើការ​ជាមួយ​គ្នា​ ការ​សហការ​គ្នា​ និង​យល់​ពី​ស្ថានភាព​របស់​ជន​រស់នៅ​តាម​ច​ញ្ចើ​ម​ផ្លូវ​ទាំងនោះ​៖​ «​ខ្ញុំ​គិត​ថា​ចំណុច​ខ្លះ​ខាត​ គឺ​នៅ​ត្រង់​ថា​ការ​សហការ​គ្នា​។​ ហេតុនេះ​ តាមរ​យៈស​ន្និ​សិ​ទ​នេះ​ ខ្ញុំ​រំពឹង​ទុក​ថា​ យើង​ទាំងអស់​គ្នា​ ទាំង​អង្គការ​ អាជ្ញាធរ​ដែនដី​ នឹង​រួម​គ្នា​សហការ​គ្នា​ ដើម្បី​រក​យុទ្ធសាស្ត្រ​រួម​មួយ​ ដើម្បី​ជួយ​កុមារ​ យុវវ័យ​នៅ​តាម​ច​ញ្ចើ​ម​ថ្នល់​ឱ្យ​មាន​សុ​វត្តិភាព​»​។​

​ថ្លែង​ក្នុង​សន្និសីទ​ នៅ​ព្រឹក​នេះ​ដែរ​ លោក​ វង​ សូត្រ​ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ ដោះស្រាយ​បញ្ហា​ជនអនាថា​ បាន​មាន​ប្រសាសន៍​ថា​ បញ្ហា​ជនអនាថា​ បាន​នាំ​មក​នូវ​ផលវិបាក​ផ្សេងៗ​ ដូច​ជា​បាន​បង្ក​ឱ្យ​កុមារ​នៅ​ក្នុង​បន្ទុកគ្រួសារ​មិន​បាន​រៀនសូត្រ​ ធ្វើ​ឱ្យ​បាត់បង់​កិត្តិយស​ សេចក្តី​ថ្លៃថ្នូរ​ ប្រពៃណី​ និង​របៀបរៀបរយ​តាម​ទី​សាធារណៈ​។​

Vorng-Soth
លោក​ វង​ សូត្រ​

​លោក​បានឱ្យ​ដឹង​ទៀត​ថា​ ការ​ដោះស្រាយ​បញ្ហា​ជនអនាថា​ គឺជា​ការ​រួមចំណែក​ និង​ទាមទារ​នូវ​ធនធាន​ និង​រយៈពេល​យូរ​។​ លោក​ វង​ សូត្រ​ បញ្ជាក់​ថា​ ដើម្បី​ដោះស្រាយ​​​បញ្ហា​ជនអនាថា​ រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ និង​វិធានការ​សំខាន់ៗ​ នានា​ ជា​បន្តបន្ទាប់​ ក្នុង​ការ​លើកកម្ពស់​សុខុមាលភាព​សង្គម​ បន្ត​ពង្រឹង​សកម្មភាព​ដោះស្រាយ​បញ្ហា​ជនអនាថា​ ដោយ​អនុវត្ត​គោលការណ៍​៩​ចំណុច​ និង​យន្តការ​ដែល​មាន​ស្រាប់​។​

«​ការ​ដោះស្រាយ​បញ្ហា​ជនអនាថា​ ត្រូវ​គោរព​គោលការណ៍​មនុស្សធម៌​ ស្ម័គ្រចិត្ត​ និង​គោរព​សិទ្ធិ​ជន​រង​គ្រោះ​ ការ​រក្សា​កា​ពារ​សណ្តាប់ធ្នាប់​សាធារណៈ​ ការ​គោរព​ច្បាប់​ជា​ធរមាន​ និង​ឈរ​លើ​គោលការណ៍​៩​ចំណុច​»​។​

​យោង​តាម​របាយការណ៍​របស់​អង្គការ​មិត្តសំលាញ់​បានឱ្យ​ដឹង​ថា​ ក្មេង​អនាថា​ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ចាប់ពី​ឆ្នាំ​២០០៧​ ដល់​ឆ្នាំ​២០១៤​ មានការ​ថយ​ចុះ​ពី​ ៣២១៣​ នាក់​ មក​ ២០១៨​ នាក់​។​ ក្នុង​នោះ​ក្មេង​ប្រុស​មាន​៥៩%​ និង​ក្មេង​ស្រី​មាន​៤១%​។​

​របាយការណ៍​ដដែល​នេះ​បានឱ្យ​ដឹង​ទៀត​ថា​ ៧៦%​នៃ​ក្មេង​អនាថា​ រកស៊ី​តាម​ផ្លូវ​ បាន​ចូល​រៀន​ និង​រស់នៅ​ជាមួយ​គ្រួសារ​នៅ​ក្នុង​សហគមន៍​។​ ១៨%​ រស់នៅ​ម្នាក់ឯង​ និង​ជាមួយ​មិត្ត​នៅ​តាម​ដងផ្លូវ​៕

Share

ព័ត៌មានទាក់ទង

Image