អគ្គលេខាធិការរង កិច្ចប្រជុំអចិន្ត្រៃយ៍នៃសភាប្រជាជនចិន លោក ស៊ិន ឈុនយេវ (Shen Chun Yao) បានថ្លែងថា លោកនឹងនាំយកបញ្ហារបស់ក្រុមហ៊ុន យូនៀន ឌីវែលឡុបមិន គ្រុប (UDG) ទៅជម្រាបជូនដល់រដ្ឋាភិបាលចិន។
លោក ស៊ិន ឈុនយេវ បានថ្លែងបែបនេះ ជាការឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ដែលបានលើកឡើងនៅល្ងាចថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០១៥ នៅសណ្ឋាគារកាំបូដយ៉ាណា។
សូមជម្រាបថា ក្នុងសន្និសីទសារព័ត៌មានដែលបង្ហាញអំពីផែនការ ៥ឆ្នាំ លើកទី១៣ របស់រដ្ឋាភិបាលចិន ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ លោក ស៊ិន ឈុនយេវ បាននិយាយដល់ការអភិវឌ្ឍ ៥ចំណុចរបស់ចិន គឺទី១ ការច្នៃប្រឌិតថ្មី ទី២ ការដោះស្រាយបញ្ហាអតុល្យភាព ទី៣ ការអភិវឌ្ឍបៃតង ទី៤ ការអភិវឌ្ឍដោយបើកទ្វារចំហ និងទី៥ ការអភិវឌ្ឍដោយចែករំលែកគ្នា។ ចំពោះចំណុចទី៥នេះ លោក ស៊ិន ឈុនយេវ បញ្ជាក់ថា ជាការអភិវឌ្ឍដោយមានយុត្តិធម៌សង្គម និងយកមនុស្សជាធំ។
ទាក់ទងនឹងចំណុចទី៥នេះ អ្នកសារព័ត៌មានបានសួរថា តើគោលនយោបាយនេះអនុវត្តតែនៅប្រទេសចិន ឬក៏អនុវត្តនៅក្រៅប្រទេសផងដែរ។ លោក ស៊ិន ឈុនយេវ បានឆ្លើយថា គោលនយោបាយនេះក៏អនុវត្តនៅក្រៅប្រទេសផងដែរ។
អ្នកសារព័ត៌មានបានសួរបន្តទៀតថា បើគោលនយោបាយទី៥ អនុវត្តនៅក្រៅប្រទេសចិនដែរនោះ តើរដ្ឋាភិបាលចិនមានយន្តការយ៉ាងណា ក្នុងការជំរុញឱ្យក្រុមហ៊ុនចិនឈ្មោះ យូនៀន ឌីវែលឡុបមិន គ្រុប គោរពដល់ប្រជាពលរដ្ឋខេត្តកោះកុង ក្នុងស្រុកបុទុមសាគរ និងស្រុកគិរីសាគរ ដែលក្រុមហ៊ុននេះបានអភិវឌ្ឍ ហើយប៉ះពាល់ដល់ពួកគេ ដូចជាការបណ្ដេញចេញពីលំនៅដ្ឋាន ដោយគ្មានសំណងជាដើមនោះ។
លោក ស៊ិន ឈុនយេវ បានឆ្លើយថា សភាពការណ៍នៃការអភិវឌ្ឍជាក់ស្ដែងរបស់ក្រុមហ៊ុន UDG នោះ លោកមិនបានដឹងទេ។ ប៉ុន្តែលោកថា បើដូចអ្វីដែលអ្នកសារព័ត៌មានបានលើកឡើងមែននោះ លោកនឹងលើកយកបញ្ហានេះទៅជម្រាបជូនដល់រដ្ឋាភិបាលចិន។
សូមជម្រាបដែរថា លោកស៊ិន ឈុនយេវ បានបញ្ជាក់ក្នុងសន្និសីទកាសែតផងដែរថា នៅឆ្នាំ២០២០ ប្រទេសចិននឹងធ្វើឱ្យសម្រេចបានតាមផែនការ នូវសង្គមមួយដែលមានជីវភាពធូរធារ។ លោកថា ប្រាក់ចំណូលមធ្យមរបស់ប្រជាជនចិននាពេលបច្ចុប្បន្នគឺ ៧.៣៥០ ដុល្លារអាមេរិក ហើយនៅឆ្នាំ២០២០ ចំណូលនេះនឹងឡើងដល់ ១២.០០០ ដុល្លារអាមេរិក៕