en     km
en     km

តំណាង​សភា​ចិន​ថា​នឹង​លើកយក​បញ្ហា​របស់​ក្រុមហ៊ុន​ UDG​ ទៅ​ប្រាប់​ដល់​រដ្ឋាភិបាល​ចិន​

Share

cover--conference-on-chinese-copmany-of-road-construction-in-Cambodia
អគ្គលេខាធិការ​រង​ កិច្ចប្រជុំ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន​ លោក​ ស៊ិ​ន​ ឈុ​ន​យេ​វ​ (Shen​ Chun​ Yao)​ បាន​ថ្លែង​ថា​ លោក​នឹង​នាំ​យក​បញ្ហា​របស់​ក្រុមហ៊ុន​ យូ​នៀ​ន​ ឌី​វែ​ល​ឡុ​ប​មិន​ គ្រុប​ (UDG)​ ទៅ​ជម្រាប​ជូន​ដល់​រដ្ឋាភិបាល​ចិន​។​

​លោក​ ស៊ិ​ន​ ឈុ​ន​យេ​វ​ បាន​ថ្លែង​បែប​នេះ​ ជា​ការ​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ ដែល​បាន​លើក​ឡើង​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​សណ្ឋាគារ​កាំ​បូ​ដ​យ៉ា​ណា​។​

Shen-Chun-Yao
លោក​ ស៊ិ​ន​ ឈុ​ន​យេ​វ​

​សូម​ជម្រាប​ថា​ ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​បង្ហាញ​អំពី​ផែនការ​ ៥​ឆ្នាំ​ លើក​ទី​១៣​ របស់​​រដ្ឋាភិបាល​ចិន​ ពី​ឆ្នាំ​២០១៦​ ដល់​ឆ្នាំ​២០២០​ លោក​ ស៊ិ​ន​ ឈុ​ន​យេ​វ​ បាន​និយាយ​ដល់​ការ​អភិវឌ្ឍ​ ៥​ចំណុច​របស់​ចិន​ គឺ​ទី​១​ ការ​ច្នៃប្រឌិត​ថ្មី​ ទី​២​ ការ​ដោះស្រាយ​បញ្ហា​អ​តុល្យភាព​ ទី​៣​ ការ​អភិវឌ្ឍ​បៃតង​ ទី​៤​ ការ​អភិវឌ្ឍ​ដោយ​បើកទ្វារ​ចំហ​ និង​ទី​៥​ ការ​អភិវឌ្ឍ​ដោយ​ចែករំលែក​គ្នា​។​ ចំពោះ​ចំណុច​ទី​៥​នេះ​ លោក​ ស៊ិ​ន​ ឈុ​ន​យេ​វ​ បញ្ជាក់​ថា​ ជា​ការ​អភិវឌ្ឍ​ដោយ​មាន​យុត្តិធម៌​សង្គម​ និង​យក​មនុស្ស​ជា​ធំ​។​

​ទាក់ទង​នឹង​ចំណុច​ទី​៥​នេះ​ អ្នក​សារព័ត៌​មានបាន​សួរ​ថា​ តើ​គោលនយោបាយ​នេះ​អនុវត្ត​តែ​នៅ​ប្រទេស​ចិន​ ឬ​ក៏​អនុវត្ត​នៅ​ក្រៅប្រទេស​ផង​ដែរ​។​ លោក​ ស៊ិ​ន​ ឈុ​ន​យេ​វ​ បាន​ឆ្លើយ​ថា​ គោលនយោបាយ​នេះ​ក៏​អនុវត្ត​នៅ​ក្រៅប្រទេស​ផង​ដែរ​។​

អ្នក​សារព័ត៌​មានបាន​សួរ​បន្ត​ទៀត​ថា​ បើ​គោលនយោបាយ​ទី​៥​ អនុវត្ត​នៅ​ក្រៅប្រទេស​ចិន​ដែរ​នោះ​ តើ​រដ្ឋាភិបាល​ចិន​មាន​យន្តការ​យ៉ាងណា​ ក្នុង​ការ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ចិន​ឈ្មោះ​ យូ​នៀ​ន​ ឌី​វែ​ល​ឡុ​ប​មិន​ គ្រុប​ គោរព​ដល់​ប្រជាពលរដ្ឋ​ខេត្តកោះកុង​ ក្នុងស្រុក​បុ​ទុម​សាគរ​ និង​ស្រុក​គិរី​សាគរ​ ដែល​ក្រុមហ៊ុន​នេះ​បាន​អភិវឌ្ឍ​ ហើយ​ប៉ះពាល់​ដល់​ពួក​គេ​ ដូច​ជា​ការ​បណ្ដេញ​ចេញពី​លំនៅ​ដ្ឋា​ន​ ដោយ​គ្មាន​សំណង​ជាដើម​នោះ​។​

​លោក​ ស៊ិ​ន​ ឈុ​ន​យេ​វ​ បាន​ឆ្លើយ​ថា​ សភាពការណ៍​នៃ​ការ​អភិវឌ្ឍ​ជាក់ស្ដែង​របស់​ក្រុមហ៊ុន​ UDG​ នោះ​ លោក​មិន​បានដឹង​ទេ​។​ ប៉ុន្តែ​លោក​ថា​ បើ​ដូច​អ្វី​ដែល​អ្នក​សារព័ត៌​មានបាន​លើក​ឡើង​មែន​នោះ​ លោក​នឹង​លើកយក​បញ្ហា​នេះ​ទៅ​ជម្រាប​ជូន​ដល់​រដ្ឋាភិបាល​ចិន​។​

សូម​ជម្រាប​ដែរ​ថា​ លោក​ស៊ិ​ន​ ឈុ​ន​យេ​វ​ បាន​បញ្ជាក់​ក្នុង​សន្និសីទកាសែត​ផង​ដែរ​ថា​ នៅ​ឆ្នាំ​២០២០​ ប្រទេស​ចិន​នឹង​ធ្វើ​ឱ្យ​សម្រេច​បាន​តាម​ផែនការ​ នូវ​សង្គម​មួយ​ដែល​មាន​​ជីវភាព​ធូរធារ​។​ លោក​ថា​ ប្រាក់​ចំណូល​មធ្យម​របស់​ប្រជាជន​ចិន​នា​ពេល​បច្ចុប្បន្ន​គឺ​ ៧.៣៥០​ ដុល្លារ​អា​មេ​រិ​ក​ ហើយ​នៅ​ឆ្នាំ​២០២០​ ចំណូល​នេះ​នឹង​ឡើង​ដល់​ ១២.០០០​ ដុល្លារ​អា​មេ​រិ​ក​៕

Share

Image
Image
Image