ភ្នំពេញ៖ ថ្លែងក្នុងកម្មវិធីបិទវេទិកាជាតិស្តីពី “ស្ត្រីជាថ្នាក់ដឹកនាំក្នុងវិស័យសាធារណៈ និងនយោបាយ” នាវិមានសន្តិភាព នៅថ្ងៃទី១៥ ខែធ្នូនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាននាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្ថែមការបណ្តុះបណ្តាល និងហ្វឹកហ្វឺនជំនាញដល់ស្ត្រី ដើម្បីឱ្យស្រី្តមានសមត្ថភាពចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្តឱ្យបានកាន់តែច្រើនក្នុងវិស័យសាធារណៈ។
លោកបានកត់សម្គាល់ថា បច្ចុប្បន្នចំនួនស្ត្រីដែលបានបម្រើការងារក្នុងវិស័យការទូត និងក្នុងវិស័យការពារជាតិមានការកើនឡើង និងបានបំពេញការងារបានល្អមិនចាញ់បុរសនោះទេ ជាមួយគ្នា លោកក៏ចង់ឱ្យមានស្ត្រីចូលរួមក្នុងវិស័យនេះឱ្យបានកាន់តែច្រើនថែមទៀត។
លោក ហ៊ុន សែន៖ «ដូច្នេះចំណុចនេះ ខ្ញុំសូមស្នើឱ្យធ្វើការតាមរបៀបទ្វេទិស ទិសម្ខាងគឺស្ថាប័នដែលទាមទារឱ្យមានការហ្វឹកហ្វឺនជំនាញ ហ្វឹកហ្វឺនទៅលើផ្នែកពាក់ព័ន្ធជាមួយតួនាទីរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេច និងនៅក្នុងវិស័យសាធារណៈ»។
មួយទៀតដែរ លោក ហ៊ុន សែន ក៏អំពាវនាវដល់ក្រសួង និងស្ថាប័នទាំងអស់ ត្រូវអនុវត្តយុទ្ធសាស្ត្របញ្ជ្រាបសមភាពយេនឌ័រ តាមរយៈការតាមដាន ត្រួតពិនិត្យ វាយតម្លៃ ការបែងចែកថវិកា និងបែងចែកថវិការបស់ខ្លួន សម្រាប់ការងារយេនឌ័រ។
មួយវិញទៀត លោកនាយករដ្ឋមន្ត្រីក៏ស្នើដល់គណបក្សនយោបាយ គប្បីគិតគូរបន្តបង្កើនចំនួនស្ត្រីចូលរួមក្នុងវិស័យនយោបាយ តាមរយៈការផ្តល់អាទិភាពឱ្យស្ត្រីមានឈ្មោះលើបញ្ជីក្នុងលេខរៀងដែលអាចមានលទ្ធភាពជាប់ឆ្នោតបាន។ ជាងនេះទៅទៀត លោកនាយករដ្ឋមន្ត្រី បានស្នើដល់ស្ត្រីទាំងអស់ គប្បីបង្កើនសមត្ថភាពខ្លួនឯងឱ្យបានល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងតួនាទី និងតំណែងដែលស្ថាប័ន ឬក៏ក្រសួងចង់បាន។
ជានាយិកាអង្គការសីលការ និងជាប្រធាននៃគណៈគ្រប់គ្រងនៃគណកម្មការលើកស្ទួយស្ត្រី ក្នុងវិស័យនយោបាយ លោកស្រី ធីតា ឃិះ ដែលបានចូលរួមក្នុងវេទិកានេះដែរ បាននិយាយថា លោកស្រីសាទរចំពោះការអំពាវនាវរបស់លោកនាយកមន្ត្រីនៅពេលនេះ តែលោកស្រីយល់ថា ការអំពាវនាវនេះគឺមិនទាន់គ្រប់គ្រាន់ និងមិនមានអ្វីដែលថ្មីនោះទេ។
លោកស្រីបន្ថែមថា មូលហេតុដែលនាំឱ្យមានគម្លាតរវាងសមាមាត្រស្ត្រី និងបុរស ក្នុងវិស័យសាធារណៈបច្ចុប្បន្នគឺ បណ្តាលមកពីរចនាសម្ព័ន្ធ និងប្រព័ន្ធក្នុងការតែងតាំងតាមស្ថាប័នសាធារណៈ នៅខ្វះខាតច្បាប់ និងខ្វះការអនុវត្តច្បាប់។
លោកស្រី ធីតា ឃិះ ៖ «ស្រី្តមិនមែនមិនខំទេ ស្ត្រីខំរួចហើយ គឺមកពីបញ្ហាប្រព័ន្ធ បញ្ហារចនាសម្ព័ន្ធក្នុងការតែងតាំងអីហ្នឹង វាអត់មានច្បាប់ អត់មានជាការអនុវត្តច្បាប់ត្រឹមត្រូវ វាធ្វើឱ្យស្រី្តទីមុខមិនរួច ពីព្រោះត្រូវប្រឈមមុខជាមួយតួនាទីដែលគេធ្លាប់ដាក់គ្នាគេជាបុរស»។
សូមបញ្ជាក់ថា វេទិកាជាតិស្តីពី “ស្ត្រីជាថ្នាក់ដឹកនាំក្នុងវិស័យសាធារណៈ និងនយោបាយ” នៅឆ្នាំ២០១៥ ដែលធ្វើឡើងរយៈពេល ២ ថ្ងៃនេះ ក្រសួងកិច្ចការនារី បានរកឃើញបញ្ហាប្រឈម និងឧបសគ្គមួយចំនួន ដែលធ្វើឱ្យសមភាពស្ត្រីចូលរួមធ្វើសេចក្តីសម្រេចចិត្ត ក្នុងវិស័យសាធារណៈ និងវិស័យនយោបាយ នៅមានចំនួនតិចតួចនៅឡើយនោះ គឺដោយសារឥរិយាបថសង្គមនៅរើសអើងលើស្រី្ត ការទទួលបានការអប់រំរបស់ស្ត្រីនៅមានកម្រិត បន្ទុកធ្ងន់ធ្ងរលើការទទួលខុសត្រូវក្នុងគ្រួសារ កង្វះខាតការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការគាំទ្រពីគ្រួសារ។
ចំណែកក្នុងវិស័យនយោបាយវិញ ស្រី្តនៅជួបកង្វះការគាំទ្រពីគណបក្ស និងប្រធានអង្គភាពរបស់ខ្លួន ក្នុងការដាក់បេក្ខភាពស្ត្រីនៅលំដាប់លេខរៀងខ្ពស់ ឬក្នុងការដំឡើងតួនាទី រួមទាំងទស្សនៈអវិជ្ជមានរបស់ស្ត្រីខ្លួនឯង ដែលធ្វើឱ្យស្ត្រីមិនហ៊ានឈរឈ្មោះបោះឆ្នោត ឬទទួលតួនាទីតាមការតែងតាំង។
ចំណុចនេះតម្រូវឱ្យមានការអប់រំ ផ្សព្វផ្សាយក្នុងសង្គមឱ្យកាន់តែមានភាពទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត ក្នុងការបង្កើនការគាំទ្រ និងចែករំលែកបន្ទុកការងារ និងការទទួលខុសត្រូវពីក្នុងក្រុមគ្រួសារ និងដៃគូពាក់ព័ន្ធ៕