en     km
en     km

លោកនាយក​រដ្ឋមន្ត្រី​ស្នើ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បន្ថែម​ការ​ហ្វឹកហ្វឺន​ជំនាញ​ដល់​ស្ត្រី​

Share

cover-forum-on-women-in-public-and-political-sectors1

ភ្នំពេញ​៖ ​ ថ្លែង​ក្នុង​កម្មវិធី​បិទ​វេទិកា​ជាតិ​ស្តី​ពី​ “​ស្ត្រី​ជា​ថ្នាក់ដឹកនាំ​ក្នុង​វិស័យ​សាធារណៈ​ និង​នយោបាយ​”​ នា​វិមាន​សន្តិភាព​ នៅ​ថ្ងៃ​ទី​១៥​ ខែធ្នូ​នេះ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​អំពាន​នាវ​ដល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​បន្ថែម​ការ​បណ្តុះបណ្តាល​ និង​ហ្វឹកហ្វឺន​ជំនាញ​ដល់​ស្ត្រី​ ដើម្បី​ឱ្យ​ស្រី្ត​មាន​សមត្ថភាព​ចូលរួម​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ឱ្យ​បាន​កាន់តែ​ច្រើន​ក្នុង​វិស័យ​សាធារណៈ​។​

​លោក​បាន​កត់​សម្គាល់ថា​ បច្ចុប្បន្ន​ចំនួន​ស្ត្រី​ដែល​បាន​បម្រើ​ការងារ​ក្នុង​វិស័យ​ការទូត​ និង​ក្នុង​វិស័យ​ការពារ​ជាតិ​មានការ​កើនឡើង​ និង​បាន​បំពេញការងារ​បាន​ល្អ​មិន​ចាញ់​បុរស​នោះ​ទេ​ ជាមួយ​គ្នា​ លោក​ក៏​ចង់ឱ្យ​មាន​ស្ត្រី​ចូលរួម​ក្នុង​វិស័យ​នេះ​ឱ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត​។​

លោក​ ហ៊ុន​ សែន​៖​ «​ដូច្នេះ​ចំណុច​នេះ​ ខ្ញុំ​សូម​ស្នើ​ឱ្យធ្វើ​ការ​តាម​របៀប​ទ្វេ​ទិស​ ទិស​ម្ខាង​គឺ​ស្ថាប័ន​ដែល​ទាមទារ​ឱ្យ​មានការ​ហ្វឹកហ្វឺន​ជំនាញ​ ហ្វឹកហ្វឺន​ទៅ​លើ​ផ្នែក​ពាក់ព័ន្ធ​ជាមួយ​តួនាទី​របស់​ស្ត្រី​ក្នុង​ការ​ធ្វើ​សេចក្តីសម្រេច​ និង​នៅ​ក្នុង​វិស័យ​សាធារណៈ​»​។​

H.S. & women

មួយទៀត​ដែរ​ លោក​ ហ៊ុន​ សែន​ ក៏​អំពាវនាវ​ដល់​ក្រសួង​ និង​ស្ថាប័ន​ទាំងអស់​ ត្រូវ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ជ្រាប​សមភាព​យេ​ន​ឌ័​រ​ តាម​រយៈ​ការ​តាមដាន​ ត្រួតពិនិត្យ​ វាយតម្លៃ​ ការ​បែងចែក​ថវិកា​ និង​បែងចែក​ថវិកា​របស់​ខ្លួន​  សម្រាប់​ការងារ​យេ​ន​ឌ័​រ​។

មួយវិញទៀត​ លោកនាយក​រដ្ឋមន្ត្រី​ក៏​ស្នើ​ដល់​គណបក្ស​នយោបាយ​ គប្បី​គិតគូរ​បន្ត​បង្កើន​ចំនួន​ស្ត្រី​ចូលរួម​ក្នុង​វិស័យ​នយោបាយ​ តាម​រយៈ​ការ​ផ្តល់​អាទិភាព​ឱ្យ​ស្ត្រី​មានឈ្មោះ​លើ​បញ្ជី​ក្នុង​លេខ​រៀង​ដែល​អាច​មាន​លទ្ធភាព​ជាប់​ឆ្នោត​បាន​។​ ជាង​នេះ​ទៅ​ទៀត​ លោកនាយក​រដ្ឋមន្ត្រី​ បាន​ស្នើ​ដល់​ស្ត្រី​ទាំងអស់​ គប្បី​បង្កើន​សមត្ថភាព​ខ្លួនឯង​ឱ្យ​បាន​ល្អ​ប្រសើរ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តួនាទី​ និង​តំណែង​ដែល​ស្ថាប័ន​ ឬ​ក៏​ក្រសួង​ចង់បាន​។​

​ជា​នាយិកា​អង្គការ​សីល​ការ​ និង​ជា​ប្រធាន​នៃ​គណៈ​គ្រប់គ្រង​នៃ​គណកម្មការ​លើក​ស្ទួយ​ស្ត្រី​ ក្នុង​វិស័យ​នយោបាយ​ លោកស្រី​ ធីតា​ ឃិះ​ ដែល​បាន​ចូលរួម​ក្នុង​វេទិកា​នេះ​ដែរ​ បាន​និយាយ​ថា​ លោកស្រី​សាទរ​ចំពោះ​ការ​អំពាវនាវ​របស់​លោកនាយក​មន្ត្រី​នៅ​ពេល​នេះ​ តែ​លោកស្រី​យល់​ថា​ ការ​អំពាវនាវ​នេះ​គឺ​មិន​ទាន់​គ្រប់គ្រាន់​ និង​មិន​មាន​អ្វី​ដែល​ថ្មី​នោះ​ទេ​។​
​លោកស្រី​បន្ថែម​ថា​ មូលហេតុ​ដែល​នាំ​ឱ្យ​មាន​គម្លាត​រវាង​សមាមាត្រ​ស្ត្រី​ និង​បុរស​ ក្នុង​វិស័យ​សាធារណៈ​បច្ចុប្បន្ន​គឺ​  បណ្តាល​មក​ពី​រចនាសម្ព័ន្ធ​ និង​ប្រព័ន្ធ​ក្នុង​ការ​តែងតាំង​តាម​ស្ថាប័ន​សាធារណៈ​ នៅ​ខ្វះខាត​ច្បាប់​ និង​ខ្វះ​ការ​អនុវត្ត​ច្បាប់​។​

លោកស្រី ធីតា ឃឹះ
លោកស្រី ធីតា ឃិះ

លោកស្រី​ ធីតា​ ឃិះ​ ៖​ «​ស្រី្ត​មិនមែន​មិន​ខំ​ទេ​ ស្ត្រី​ខំ​រួច​ហើយ​ គឺ​មក​ពី​បញ្ហា​ប្រព័ន្ធ​ បញ្ហា​រចនាសម្ព័ន្ធ​ក្នុង​ការ​តែងតាំង​អីហ្នឹង​ វា​អត់​មានច្បាប់​ អត់​មាន​ជា​ការ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​ វា​ធ្វើ​ឱ្យ​ស្រី្ត​ទី​មុខ​មិន​រួច​ ពីព្រោះ​ត្រូវ​ប្រឈម​មុខជា​មួយ​តួនាទី​ដែល​គេ​ធ្លាប់​ដាក់​គ្នា​គេ​ជា​បុរស​»​។​

​សូម​បញ្ជាក់​ថា​ វេទិកា​ជាតិ​ស្តី​ពី​ “​ស្ត្រី​ជា​ថ្នាក់ដឹកនាំ​ក្នុង​វិស័យ​សាធារណៈ​ និង​នយោបាយ​”​ នៅ​ឆ្នាំ​២០១៥​ ដែល​ធ្វើ​ឡើង​រយៈពេល​ ២​ ថ្ងៃនេះ​ ក្រសួង​កិច្ចការ​នារី​ បាន​រក​ឃើញ​បញ្ហា​ប្រឈម​ និង​ឧបសគ្គ​មួយ​ចំនួន​ ដែល​ធ្វើ​ឱ្យ​សមភាព​ស្ត្រី​ចូលរួម​ធ្វើ​សេចក្តី​សម្រេចចិត្ត​ ក្នុង​វិស័យ​សាធារណៈ​ និង​វិស័យ​នយោបាយ​ នៅ​មាន​ចំនួន​តិចតួច​នៅឡើយ​នោះ​ គឺ​ដោយសារ​ឥរិយាបថ​សង្គម​នៅ​រើសអើង​លើ​ស្រី្ត​ ការ​ទទួល​បានការ​អប់រំ​របស់​ស្ត្រី​នៅ​មាន​កម្រិត​ បន្ទុក​ធ្ងន់ធ្ងរ​លើ​ការ​ទទួលខុសត្រូវ​ក្នុង​គ្រួសារ​ កង្វះខាត​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ និង​ការ​គាំទ្រ​ពី​គ្រួសារ​។​

​ចំណែក​ក្នុង​វិស័យ​នយោបាយ​វិញ​ ស្រី្ត​នៅ​ជួប​កង្វះ​ការ​គាំទ្រ​ពី​គណបក្ស​ និង​ប្រធាន​អង្គភាព​របស់​ខ្លួន​ ក្នុង​ការ​ដាក់​បេក្ខភាព​ស្ត្រី​នៅ​លំដាប់​លេខ​រៀង​ខ្ពស់​ ឬ​ក្នុង​ការ​ដំឡើង​តួនាទី​ រួម​ទាំង​ទស្សនៈ​អវិជ្ជមាន​របស់​ស្ត្រី​ខ្លួនឯង​ ដែល​ធ្វើ​ឱ្យ​ស្ត្រី​មិន​ហ៊ាន​ឈរឈ្មោះ​បោះ​ឆ្នោត​ ឬ​ទទួល​តួនាទី​តាម​ការ​តែងតាំង​។​

​ចំណុច​នេះ​តម្រូវ​ឱ្យ​មានការ​អប់រំ​ ផ្សព្វផ្សាយ​ក្នុង​សង្គម​ឱ្យ​កាន់តែ​មាន​ភាព​ទូលំទូលាយ​ និង​ស៊ីជម្រៅ​បន្ថែម​ទៀត​ ក្នុង​ការ​បង្កើន​ការ​គាំទ្រ​ និង​ចែករំលែក​បន្ទុក​ការងារ​ និង​ការ​ទទួលខុសត្រូវ​ពី​ក្នុង​ក្រុម​គ្រួសារ​ និង​ដៃគូ​ពាក់ព័ន្ធ​៕​

Share

Image
Image
Image