en     km
en     km

តុលាការ អនុញ្ញាតឱ្យលោកកឹម សុខាជួបមេធាវី តែត្រូវសហការជាមួយមន្ត្រីនគរបាល

Share

តុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចអនុញ្ញាតឱ្យលោក កឹម សុខា អតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ជួបជាមួយមេធាវីការពារក្ដីរបស់លោកបាន តែតម្រូវឱ្យមានការសហការជាមួយមន្ត្រីនគរបាលយុត្តិធម៌ដែលអនុវត្តសាលក្រមរបស់តុលាការ។ លោក គីម ចាន់ចាវ រាយការណ៍

អយ្យការ​សាលាដំបូង​រាជ​ធានី​ភ្នំពេញអនុញ្ញាត​ឱ្យមាន​ជំនួបនេះ ធ្វើឡើង​តាម​សំណើ​​របស់​សហ​មេធាវី​ការ​​ពារ​ក្តី​លោក កឹម សុខា ចុះ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​ ២០២៣ និងលិខិតដាច់ដោយឡែកមួយរបស់លោកកឹម សុខា ដែលសរសេរផ្ទាល់ដៃ ក្នុង​គោលបំណង ដើម្បី​បន្ត​នីតិវិធី តាមផ្លូវ​តុលាការ​តទៅទៀត​។ ជាពិសេស ចំពោះមុខ​នេះ លោក​ត្រូវការ​ចាំបាច់​ជួប​ពិគ្រោះ​យោបល់ ក្នុង​ការប្តឹង​ឧទ្ធរណ៍​ឱ្យទាន់ពេល​​វេលា​កំណត់។​

លិខិតដែលចុះហត្ថលេខាដោយលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២២ មីនា ឆ្នាំ២០២៣ បានសម្រេចអនុញ្ញាតឱ្យពិរុទ្ធជន កឹម សុខា ទទួលជួបសហមេធាវីការពារក្តី និងឱ្យសហមេធាវីការពារក្តីដែលមានឈ្មោះនៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៥៦៤២/ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ «ចូលជួបជាមួយពិរុទ្ធជន កឹម សុខា» នៅលំនៅឋាន ផ្ទះលេខ៩៧ ផ្លូវ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ចាប់ពីម៉ោង៧:០០នាទីព្រឹករហូតដល់ម៉ោង១៧:០០នាទីរសៀល។

ព្រះរាជអាជ្ញាក៏ឱ្យមន្ត្រីនគរបាលយុត្តិធម៌ដែលមានសមត្ថកិច្ចអនុវត្តសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញដូចមានយោងខាងលើ ផ្តល់កិច្ចសហការ និងសម្របសម្រួលដើម្បីឱ្យសហមេធាវីអាចចូលជួបពិរុទ្ធជន កឹម សុខា។

តុលាការក្រុងភ្នំពេញ បានប្រកាសសាលក្រមដាក់ទោសលោក កឹម សុខា ឱ្យរស់នៅក្នុងផ្ទះរយៈពេល២៧ឆ្នាំ ហើយត្រូវដកសិទ្ធិនយោបាយជាស្ថាពរ។ លោកត្រូវបានដាក់ ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវ តុលាការ ដោយហាមទំនាក់ទំនងជាមួយបុគ្គលផ្សេងៗ ទាំងជនជាតិ ខ្មែរ និង ជនបរទេស លើកលែងតែក្រុមគ្រួសាររបស់លោក។ លើសពីនេះ តុលាការព្រមានថា ប្រសិនបើប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បំពានលក្ខខណ្ឌទាំងនេះ សមត្ថកិច្ចនឹងចាប់ខ្លួនលោក ទៅឃុំនៅពន្ធនាគារ ភ្លាមៗ។

មុននឹងឈានដល់ការអនុញ្ញាតឱ្យចូលជួបពេលនេះ កាលពីថ្ងៃទី១៤ ខែមីនា ក្រុមមេធាវីត្រូវកងកម្លាំង ដែលយាមនៅមុខផ្ទះលោក កឹម សុខា រារាំង និងណែនាំឲ្យសហមេធាវីត្រូវសុំការអនុញ្ញាតពីព្រះរាជអាជ្ញាជាមុនសិន។ តាមរយៈសេចក្តីថ្លែងការណ៍មួយក្នុងថ្ងៃដដែលនោះ សហមេធាវីការពារក្តីលោក កឹម សុខា បានអះអាងថា មិនអាចអនុវត្តតាមការណែនាំខាងលើ ដែលផ្ទុយនឹងច្បាប់ ក្រម និងវិធានជាធរមានដែលគ្រប់គ្រងវិជ្ជាជីវៈមេធាវី៕

Share

Image
Image
Image