ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានសម្ដែងការខកចិត្តចំពោះរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ឆ្នាំ២០២២។ តាមរយៈសេចក្ដីថ្លែងការណ៍ឆ្លើយតបដែលផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានចាត់ទុក របាយការណ៍នេះ មានលក្ខណៈរើសអើង លម្អៀង និងពុំផ្អែកលើការពិត ក្រោមហេតុផលនយោបាយ។ លោក គីម ចាន់ចាវ រាយការណ៍
សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដែលមានកម្រាស់៣ទំព័រ បានលើកឡើងនូវការប្រតិកម្មចំនួន១០ចំណុចសំខាន់ៗ ដោយបានសរសេរថា របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅបណ្តាប្រទេសផ្សេងៗ រួមទាំងកម្ពុជា លាតត្រដាងយ៉ាងជាក់ស្តែងអំពីស្តង់ដារពីរ នៅក្នុងការអនុវត្តរបស់ខ្លួន ជាពិសេសពុំបានចេញផ្សាយនូវរបាយការណ៍ ស្តីពី សហរដ្ឋអាមេរិកខ្លួនឯង។
សេចក្ដីថ្លែងការណ៍ដដែល បានលើកឡើងថា សហរដ្ឋអាមេរិក ដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យតាមបែបរបស់ខ្លួនជាងពីររយឆ្នាំមកហើយ នៅតែជួបប្រទះបញ្ហារំលោភបំពានសិទ្ធិមនុស្សជាប្រព័ន្ធ រៀងរាល់ថ្ងៃ ដែលក្នុងចំណោមបញ្ហាប្រឈមធំៗមានដូចជា ការរើសអើងជាតិសាសន៍ ឧក្រិដ្ឋកម្មស្អប់ខ្ពើមពូជសាសន៍ ការបាញ់សម្លាប់ទ្រង់ទ្រាយធំ និងអំពើឃោរឃៅរបស់នគរបាល ការរំលោភ បំពានក្នុងពន្ធនាគារ អត្រាមរណភាពរាប់លាននាក់ដោយសារជំងឺរាតត្បាត ការកាត់ ទោសប្រហារជីវិត ការរិតត្បិតសិទ្ធិរំលូតកូន ជាដើម។
របាយការណ៍ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ឆ្នាំ២០២២ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលមានកម្រាស់៣៩ទំព័រ បានបង្ហាញពីទិដ្ឋភាពទីកន្លែងឃុំខ្លួនដែលមានភាពកកកុញ និងគ្មានការកែលម្អផ្នែករដ្ឋបាល ហើយជួនកាល ការសហការពីអាជ្ញាធរដែនដីនៅមានកម្រិត ដែលជាការធ្វើឱ្យមានការលំបាកចូលជួបអ្នកជាប់ឃុំដែលមិនទាន់ទទួលការជំនុំជម្រះក្តី។របាយការណ៍នេះ បានយោងតាមការរាយការណ៍ពីអង្គការសង្គមស៊ីវិលដែលធ្វើការលើផ្នែកសិទ្ធិមនុស្សនៅប្រទេសកម្ពុជា និងអង្គការសិទ្ធិមនុស្សអន្តរជាតិផ្សេងទៀត។
ក្រៅពីការលើកឡើងអំពីស្ថានភាពមិនប្រសើរឡើងនៅពន្ធនាគារ និងមជ្ឈមណ្ឌលឃុំខ្លួន របាយការណ៍ក៏បានរំលេចបញ្ហាពាក់ព័ន្ធសិទ្ធិមនុស្សផ្សេងទៀត ដូចជាការយកជីវិតតាមអំពើចិត្ត និងការសម្លាប់ដោយសារហេតុផលនយោបាយ ឬដោយខុសច្បាប់ និងការធ្វើទារុណកម្ម និងការចាប់ខ្លួនតាមអំពើចិត្ត។
របាយការណ៍ឱ្យដឹងថា គិតមកដល់ខែធ្នូ ២០២២ អ្នកសង្កេតការណ៍បានរកឃើញករណីចាប់ខ្លួនតាមអំពើចិត្តចំនួនយ៉ាងហោចណាស់៤៩នាក់ដែលរួមមាន៤០នាក់ជាសកម្មជននយោបាយ ម្នាក់ជាអ្នកសារព័ត៌មាន ៨ នាក់ជាសកម្មជនសិទ្ធិដីធ្លី។ បើតាមរបាយការណ៍ដដែល អ្នកសង្កេតការណ៍ជឿថាចំនួនពិតនៃការចាប់ខ្លួន និងឃុំខ្លួនតាមអំពើចិត្តទំនងជាមានច្រើនជាងនេះ ពីព្រោះជនរងគ្រោះនៅតាមជនបទមិនប្តឹង ដោយសារមានការពិបាកធ្វើដំណើរមកការិយាល័យរបស់អង្គការ ឬមានកង្វល់ពីសុវត្ថិភាពនៃគ្រួសាររបស់គេ។
ការឃុំខ្លួនបណ្តោះអាសន្នក៏ត្រូវបានរំលេចក្នុងរបាយការណ៍ដែលបានចេញផ្សាយជាសាធារណៈដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាកាលពីថ្ងៃទី២១ ខែមីនា។ របាយការណ៍បង្ហាញថាការឃុំខ្លួនយូរមុនសវនាការគឺជាបញ្ហាមួយ ពិសេសក្នុងករណីទាក់ទងនឹងនយោបាយ ហើយពេលខ្លះ រយៈពេលឃុំខ្លួនមុនសវនាការគឺលើសរយៈពេលអតិបរមាដែលកំណត់ដោយច្បាប់ ហើយអង្គការសិទ្ធិមនុស្សមួយបាននិយាយថា មានមនុស្សជាប់ឃុំបណ្តោះអាសន្នចំនួន២២,០៩៣នាក់ ដែលត្រូវជាចំនួន៧១ភាគរយ នៃអ្នកជាប់នៅក្នុងពន្ធនាគារចំនួន១៩ ក្នុងចំណោមពន្ធនាគារ និងមណ្ឌលកែប្រែទាំង២៨នៅក្នុងប្រទេស។
ទោះយ៉ាងណា ជាមួយនឹងការឆ្លើយតបចំនួន១០ចំណុចសំខាន់ៗ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា របាយការណ៍របស់អាមេរិកខាងលើ គ្រាន់តែជាការចងក្រងជ្រើសរើសតែមួយជ្រុង នៃព្រឹត្តិការណ៍ដែលផ្អែកលើការបោះពុម្ពផ្សាយ ពុំមានការផ្ទៀងផ្ទាត់ព័ត៌មានត្រឹមត្រូវរបស់អង្គការក្រៅរដ្ឋាភិបាល ទទួលមូលនិធិពីបរទេស។ ចំពោះការអះអាងថាមាន “ប្រភពអាចទុកចិត្តបាន» ដែលគុណវុឌ្ឈរបស់ប្រភពទាំងនោះគួរឲ្យសង្ស័យ ពុំធ្វើឱ្យរបាយការណ៍ខាងលើជឿទុកចិត្តបានទេ៕