en     km
en     km

ក្រសួងការពារជាតិតៃវ៉ាន់ត្រៀមទប់ទល់នឹងចិន ខណៈប្រធានាធិបតីតៃវ៉ាន់កំពុងនៅក្រៅស្រុក

Share

ក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៍ថា ក្រសួងកំពុងរៀបចំផែនការជាបន្ទាន់ សម្រាប់ទប់ទល់នឹងចលនាអសន្តិសុខ និងហិង្សារបស់ប្រទេសចិន ក្នុងអំឡុងពេលដែលប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី Tsai Ing-wen ធ្វើដំណើរចាកឆ្ងាយពីមាតុប្រទេស។

បើយោងតាមសារព័ត៌មាន CNA បានឱ្យដឹងថា អនុរដ្ឋមន្ត្រីការពារជាតិ​តៃវ៉ាន់ លោក Po Horng-huei បានចេញសេចក្តីរបាយការណ៍មួយពីគម្រោង និងវិធានការទប់ស្កាត់ការឈ្លានពានរបស់ប្រទេសចិនមកលើតៃវ៉ាន់ភ្លាមៗ កាលពីថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣។ លោកបានបង្ហាញនូវទុក្ខកខ្វល់ នៅមុនពេលដែលអ្នកស្រី Tsai ធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងទ្វីបអាមេរិកកណ្តាលនៅសប្តាហ៍ក្រោយ។

អ្នកសារព័ត៌មានម្នាក់បានសួរលោក Po ថា តើប្រទេសចិនទំនងជាធ្វើសមយុទ្ធបន្ថែមទៀត នៅពេលដែលអ្នកស្រី Tsai នៅឯបរទេសដែរឬទេ។ លោកបានឆ្លើយថា លោកក៏មិនដឹងច្បាស់ដែរ ក៏ប៉ុន្តែកងកម្លាំងប្រដាប់អាវុធតៃវ៉ាន់កំពុងត្រៀមខ្លួនជាស្រេច ដើម្បីតបតនឹងការឈ្លានពានរបស់ប្រទេសចិន។

យ៉ាងណាមិញ សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ​ប្រទេស​ចិនគ្មាន​ហេតុផល​សមស្របណាមួយ ដែលត្រូវ​ចេញមុខប្រតិកម្ម​ចំពោះ​ការ​ធ្វើ​ទស្សនកិច្ចក្រៅស្រុករបស់ប្រធានាធិបតីតៃវ៉ាន់ឡើយ។

ក្នុងនោះដែរ អ្នកស្រីនឹងធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​សម្ព័ន្ធមិត្ត​ការទូត Guatemala និង Belize ក៏ប៉ុន្តែ​អ្នកស្រីអាច​នឹង​​ឈប់​នៅ​ទីក្រុង New York និងទីក្រុង Los Angeles ក្នុងសហរដ្ឋអាមេរិក។

ស្របពេលគ្នានេះដែរ អ្នកស្រីត្រូវគេរំពឹងថា អ្នកស្រីអាចនឹងជួបជាមួយប្រធានសភាអាមេរិក លោក Kevin McCarthy ដែលនេះហាក់ជារឿងរសើបមួយក្នុងដំណើររបស់អ្នកស្រីលើកនេះ។  យ៉ាងណា ការិយាល័យប្រធានាធិបតីតៃវ៉ាន់បានបដិសេធមិនបញ្ជាក់ជុំវិញករណីនេះកាលពីថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣។

សូមរំលឹកថា កាលពីថ្មីៗនេះ សម្ព័ន្ធមិត្តហុងឌូរ៉ាសរបស់តៃវ៉ាន់ បានងាកមកផ្សារទំនាក់ទំនងការទូតជាមួយប្រទេសចិន ដែលនេះហាក់ផ្តល់ជាសម្ពាធមួយផ្នែកដល់តៃវ៉ាន់។ យ៉ាងណា តៃវ៉ាន់ក៏បានក្រើនរំលឹកប្រទេសហុងឌូរ៉ាសថា គួរគិតគូរពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ មុនពេលធ្លាក់ក្នុងឧបាយកលរបស់ប្រទេសចិន៕

 

ប្រភព៖ CNA ចុះថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣

Share

Image
Image
Image