en     km
en     km

អាមេរិក​នឹង​​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​របប​យោធា​មីយ៉ាន់ម៉ា

Share

 

ហ្សាកាតាៈ មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិកមួយរូបបាននិយាយកាលពីថ្ងៃពុធទី២២មីនា ២០២៣​ថាអាមេរិកនឹងដាក់ទណ្ឌកម្មបន្ថែមទៀតលើរបបយោធាមីយ៉ាន់ម៉ានៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងហ្សាកាតា ទីប្រឹក្សាក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Derek Chollet បាននិយាយថា ការដាក់ទណ្ឌកម្មនឹងធ្វើឱ្យរបបយោធាមីយ៉ាន់ម៉ាកាន់តែពិបាករកប្រាក់ចំណូលដើម្បីទិញសព្វាវុធ។លោក Chollet បាននិយាយថា “យើងប្តេជ្ញាបង្កើនសម្ពាធលើរបបយោធា និងធ្វើឱ្យពួកគេពិបាករកប្រាក់ចំណូល ដែលជាកម្លាំងជំរុញម៉ាស៊ីនសង្រ្គាមរបស់ពួកគេ” លោក Chollet បានបន្ថែមថា “របបយោធាមីយ៉ាន់ម៉ាកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការបរាជ័យ”។

យោធាមីយ៉ាន់ម៉ាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតនៅឆ្នាំ ២០២១ ហើយចាប់តាំងពីពេលនោះមកបាន បង្រ្កាបដ៏សាហាវទៅលើក្រុមប្រឆាំង ដោយបានធ្វើឱ្យប្រទេសនេះស្ថិតក្នុងភាពវឹកវរ។សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀតបានប្រកាសរួចហើយនូវទណ្ឌកម្មជាបន្តបន្ទាប់ដែលផ្តោតលើសមាជិករបបយោធា ទីភ្នាក់ងាររដ្ឋាភិបាលយោធា និងក្រុមហ៊ុនដែលគ្រប់គ្រងដោយយោធា ដើម្បីទប់ស្កាត់ការរកប្រាក់ចំណូលរបស់ពួកគេ។

លោក Chollet បាននិយាយថា រហូតមកដល់បច្ចុប្បន្ន សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៨០រូបនិងអង្គភាពជាង ៣០ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។លោក​បាន​និយាយ​ថា ដើម្បីស្វែងរក​ដំណោះស្រាយ​ជម្លោះ​មីយ៉ាន់ម៉ា ប្រទេសរុស្ស៊ី​ត្រូវ​បញ្ឈប់​ការ​ផ្គត់ផ្គង់​សម្ភារៈ​យោធា​ដល់មីយ៉ាន់ម៉ា។លោកបាន​​និយាយថា “វិធីមួយដែលអាចធ្វើទៅបាន ប្រសិនបើរបបយោធាមិនអាចនាំចូលអាវុធបាន ហើយយើងនឹងបោះជំហានដ៏វែងមួយ ប្រសិនបើរុស្ស៊ីឈប់ផ្គត់ផ្គង់អាវុធដល់មីយ៉ាន់ម៉ា”។

លោក Chollet បានអំពាវនាវឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន ដកតំណាងនយោបាយយោធាមីយ៉ាន់ម៉ា នៅគ្រប់កិច្ចប្រជុំទាំងអស់របស់ខ្លួន។«របបយោធាត្រូវតែយល់ឱ្យបានច្បាស់ថា ដរាបណានៅតែបន្តយុទ្ធនាការដ៏ឃោរឃៅប្រឆាំងនឹងប្រជាជនខ្លួនឯងតទៅទៀត ពួកគេនឹងទទួលរងនូវផលវិបាកដោយទណ្ឌកម្មទាំងនោះ ហើយវានឹងធ្វើឱ្យកាន់តែមានភាពឯកោបន្ថែមទៀតនៅក្នុងសហគមន៍អន្តរជាតិ»។

បច្ចុប្បន្ន អាស៊ាន​បាន​រារាំង​មេដឹកនាំ​របប​យោធា​មិនឱ្យចូលរួមកិច្ច​ប្រជុំ​កម្រិត​ខ្ពស់ ប៉ុន្តែ​បាន​បដិសេធ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម និង​បាន​ច្រានចោល​ការ​បណ្តេញ​មីយ៉ាន់ម៉ា​ចេញ​ពីសមាគមអាស៊ាន​ ​ដែល​មាន​សមាជិក​ទាំងអស់ ១០ប្រទេស។

ប្រភព៖ Reuters ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣

Share

Image
Image
Image