ហ្សាកាតាៈ មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិកមួយរូបបាននិយាយកាលពីថ្ងៃពុធទី២២មីនា ២០២៣ថាអាមេរិកនឹងដាក់ទណ្ឌកម្មបន្ថែមទៀតលើរបបយោធាមីយ៉ាន់ម៉ានៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងហ្សាកាតា ទីប្រឹក្សាក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Derek Chollet បាននិយាយថា ការដាក់ទណ្ឌកម្មនឹងធ្វើឱ្យរបបយោធាមីយ៉ាន់ម៉ាកាន់តែពិបាករកប្រាក់ចំណូលដើម្បីទិញសព្វាវុធ។លោក Chollet បាននិយាយថា “យើងប្តេជ្ញាបង្កើនសម្ពាធលើរបបយោធា និងធ្វើឱ្យពួកគេពិបាករកប្រាក់ចំណូល ដែលជាកម្លាំងជំរុញម៉ាស៊ីនសង្រ្គាមរបស់ពួកគេ” លោក Chollet បានបន្ថែមថា “របបយោធាមីយ៉ាន់ម៉ាកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការបរាជ័យ”។
យោធាមីយ៉ាន់ម៉ាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតនៅឆ្នាំ ២០២១ ហើយចាប់តាំងពីពេលនោះមកបាន បង្រ្កាបដ៏សាហាវទៅលើក្រុមប្រឆាំង ដោយបានធ្វើឱ្យប្រទេសនេះស្ថិតក្នុងភាពវឹកវរ។សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀតបានប្រកាសរួចហើយនូវទណ្ឌកម្មជាបន្តបន្ទាប់ដែលផ្តោតលើសមាជិករបបយោធា ទីភ្នាក់ងាររដ្ឋាភិបាលយោធា និងក្រុមហ៊ុនដែលគ្រប់គ្រងដោយយោធា ដើម្បីទប់ស្កាត់ការរកប្រាក់ចំណូលរបស់ពួកគេ។
លោក Chollet បាននិយាយថា រហូតមកដល់បច្ចុប្បន្ន សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៨០រូបនិងអង្គភាពជាង ៣០ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។លោកបាននិយាយថា ដើម្បីស្វែងរកដំណោះស្រាយជម្លោះមីយ៉ាន់ម៉ា ប្រទេសរុស្ស៊ីត្រូវបញ្ឈប់ការផ្គត់ផ្គង់សម្ភារៈយោធាដល់មីយ៉ាន់ម៉ា។លោកបាននិយាយថា “វិធីមួយដែលអាចធ្វើទៅបាន ប្រសិនបើរបបយោធាមិនអាចនាំចូលអាវុធបាន ហើយយើងនឹងបោះជំហានដ៏វែងមួយ ប្រសិនបើរុស្ស៊ីឈប់ផ្គត់ផ្គង់អាវុធដល់មីយ៉ាន់ម៉ា”។
លោក Chollet បានអំពាវនាវឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន ដកតំណាងនយោបាយយោធាមីយ៉ាន់ម៉ា នៅគ្រប់កិច្ចប្រជុំទាំងអស់របស់ខ្លួន។«របបយោធាត្រូវតែយល់ឱ្យបានច្បាស់ថា ដរាបណានៅតែបន្តយុទ្ធនាការដ៏ឃោរឃៅប្រឆាំងនឹងប្រជាជនខ្លួនឯងតទៅទៀត ពួកគេនឹងទទួលរងនូវផលវិបាកដោយទណ្ឌកម្មទាំងនោះ ហើយវានឹងធ្វើឱ្យកាន់តែមានភាពឯកោបន្ថែមទៀតនៅក្នុងសហគមន៍អន្តរជាតិ»។
បច្ចុប្បន្ន អាស៊ានបានរារាំងមេដឹកនាំរបបយោធាមិនឱ្យចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ ប៉ុន្តែបានបដិសេធចំពោះការដាក់ទណ្ឌកម្ម និងបានច្រានចោលការបណ្តេញមីយ៉ាន់ម៉ាចេញពីសមាគមអាស៊ាន ដែលមានសមាជិកទាំងអស់ ១០ប្រទេស។
ប្រភព៖ Reuters ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣