ភ្នំពេញ៖ សង្គមស៊ីវិលមួយចំនួនដែលធ្វើការងារគាំពារសិទ្ធិស្ត្រី និងកុមារ រកឃើញថា ទំនាក់ទំនងជាមួយដៃគូស្និតស្នាលបច្ចុប្បន្ន មានស្ត្រីជាច្រើនស្ថិតនៅក្នុងអន្ទាក់នៃទំនាក់ទំនងបែបហិង្សា។ បញ្ហានេះ សង្គមស៊ីវិលបង្ហាញពីចំណុចខ្វះខាតរបស់អាជ្ញាធរមានសមត្ថកិច្ច ដោយសំណូមពរពង្រឹងបន្ថែមចំពោះវិធានការលើបញ្ហានេះ។
លោក គីម ចាន់ចាវ រាយការណ៍
ការលើកឡើងរបស់អង្គការសង្គមស៊ីវិលស្របពេលដែលរបាយការណ៍អង្កេតរបស់អង្គការលីកាដូចេញផ្សាយកាលពីថ្ងៃ១០ ខែមីនា មានចំណងជើងថា “គ្មានច្រកសុវត្ថិភាព៖បរាជ័យក្នុងការទប់ស្កាត់ឃាតកម្មដោយដៃគូស្និទ្ធស្នាល” ស្ដីពីករណីឃាតកម្មទៅលើស្ត្រី២៦នាក់ និងកុមារ៥នាក់ ដែលប្រព្រឹត្តឡើងដោយដៃគូស្និទ្ធស្នាលបច្ចុប្បន្ន ឬអតីតដៃគូរបស់ពួកគេ នៅចន្លោះ ខែមករា ឆ្នាំ២០២0 ដល់ខែមិថុនា ឆ្នាំ២០២២ នេះ ។
ដោយដៃគូស្នីទស្នាល ធ្វើឱ្យមានការព្រួយបារម្ភ ពីបញ្ហាប្រឈមរបស់ស្ត្រីដែលកាន់តែកើតមានធ្ងន់ធ្ងរ។ មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិស្ត្រីនិងកុមាររូបនេះ បានពន្យល់បន្ថែមលើរបាយការណ៍របស់លីកាដូ (Licadho)ថា ក្នុងចំណោមករណីឃាតកម្មទៅលើស្ត្រី២៦នាក់ខាងលើនេះ មានករណីសម្លាប់ដោយប្ដី១៦ករណី ករណីសម្លាប់ដោយអតីតស្វាមីមាន២ករណី និងសម្លាប់ដោយដៃគូស្នីទស្នាលដែលមានចំណងស្នេហាក្រៅអាពាហ៍ពិពាហ៍ចំនួន៥ករណី និងតតីតដៃគូស្នីទស្នាលដែលបានបែកគ្នាចំនួន៣ករណី។
អ្នកស្រីចាត់ទុកថា ក្នុងទំនាក់ទំនងជាមួយដៃគូស្នីទស្នាលបច្ចុប្បន្នមានស្ត្រីជាច្រើន កំពុងស្ថិតនៅក្នុងអន្ទាក់នៃទំនាក់ទំនងបែបហិង្សា។ តាមរយៈការធ្វើការផ្នែកគាំពារសិទ្ធិស្ត្រី និងកុមារកន្លងមក អ្នកស្រី បានបង្ហាញក្ដីព្រួយបារម្ភ ដោយសារតែស្ត្រីរងនូវហិង្សាដែលឈានដល់ករណីកាន់តែធ្ងន់ធ្ងរទៅៗ ពីមួយឆ្នាំទៅមួយឆ្នាំ។
«យើងឃើញហើយកន្លងមកមានសារព័ត៌មានជាច្រើនបានចុះផ្សាយអំពីអំពើហិង្សារក្នុងគ្រួសារ គ្រាន់តែអំពើហិង្សានៅក្នុងគ្រួសារ លើស្ត្រីនៅពេលបច្ចុប្បន្ននេះ គឺស្ថានភាពវាវិវត្តន៍ទៅរកស្ថានភាពមួយគួរឱ្យព្រួយបារម្ភដោយសារតែ ក្រៅពីអំពើហិង្សាដែប្ដីប្រពន្ធដែលមានចំណងអាពាហ៍ពិពាហ៍ហ្នឹង អំពើហិង្សាដោយដៃគូស្នីទស្នាលក៏យើងឃើញមានការកើនឡើងដែរ ហើយស្ថានភាពហ្នឹងគឺ ធ្វើឱ្យយើងជាអ្នកធ្វើការគាំពារផ្នែកស្ត្រីព្រួយបារម្ភមែនទែន ដោយសារស្ត្រីភាគច្រើនស្វែងរកការគាំទ្រផ្លូវច្បាប់មុនពេលដែលករណីហ្នឹង វាកាន់តែធ្ងន់ធ្ងរ ប៉ុន្តែវាបរាជ័យ ដែលធ្វើឱ្យមានការធ្វើឃាតជនរងគ្រោះ»។
លើបញ្ហាអំពើហិង្សានេះ អ្នកនាង បុណ្យ រចនា នាយិការអង្គការក្លាហាន ដែលធ្វើការងារទប់ស្កាត់អំពើហិង្សាផ្អែកលើយែនឌ័រ បញ្ជាក់ក្នុងកម្មវិធីរបស់វិទ្យុស្ត្រីដដែលនេះថា ក្រុមការងាររបស់អ្នកស្រី មិនបានមើលឃើញពីការថយចុះ ឬធូរស្រាលនៃអំពើហិង្សាផ្អែកលើយែនឌ័រនៅកម្ពុជានៅឡើយទេ។ អំពើទាំងនោះមានដូចជា អំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាបង្កឡើងដោយដៃគូស្នីទស្នាល អំពើបៀតបៀនផ្លូវភេទ អំពើរំលោភសេពសន្ថវ អំពើរំលោភសម្លាប់ រួមទាំងការរៀបអាពាហ៍ពិពាហ៍ដល់កុមារ ឬការរៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈសាម៉ីខ្លួនជាដើម។
«ពីមួយឆ្នាំទៅមួយឆ្នាំ ស្ថានភាពនៃអំពើហិង្សាហ្នឹងមានសភាពឃោឃៅទៅៗ រហូតដល់ការសម្លាប់ទាំងស្ត្រីដែលជាអ្នករងគ្រោះ ទាំងសាម៉ីខ្លួនដែលជាជនប្រព្រឹត្តិ រួមទាំងកូនតូចៗទៀតផង។ ចឹងស្ថានភាពហ្នឹងវា បង្ហាញនូវស្ថានភាពដែលគួរឱ្យព្រួយបារម្ភ ដែលយើងត្រូវយកចិត្តទុកដាក់បន្ថែមទៀត»។
របាយការណ៍របស់លីកាដូ បញ្ចាក់ថា អំពើហិង្សាលើស្ត្រីជាការរំលោភសិទ្ធិមនុស្សដែលកំពុងរីករាលដាលយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា ហើយភាពចន្លោះប្រហោង និងការខកខានជារឿយៗនៃការអនុវត្តក្របខ័ណ្ឌច្បាប់ ជាញឹកញាប់បានអនុញ្ញាតឱ្យអំពើហិង្សានេះ បន្តកើតមានឡើង និងកើនឡើងជាលំដាប់ ។ ជារឿយៗ ករណីនេះ ក្លាយទៅជាអំពើឃាតកម្ម ។
ទោះយ៉ាងពាក់ព័ន្ធបញ្ហានេះ លោក ខៀវ សុភក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចាត់ទុករបាយការណ៍របស់លីកាដូ ដែលប្រើពាក្យបរាជ័យគឺជាការមើលស្រាលការខិតខំបំពេញការងាររបស់អាជ្ញាធរមានសមត្ថកិច្ច។ លោក បានពន្យល់ថា អំពើហិង្សាក្នុងគ្រួសារ ជាកិច្ចការមួយដែលសមត្ថកិច្ចពិបាកក្នុងការអន្តរាគមន៍ ត្បិតជារឿងគ្រួសារបុគ្គល ប៉ុន្តែលោកក៏កត់សម្គាល់ថា មានការថយចុះច្រើនកាលពីពេលកន្លងទៅ។
«អំពើហិង្សាក្នុងគ្រួសារ វាមានពាក្យគ្រួសារ តែគ្រួសារហ្នឹងមានសមត្ថកិច្ចនៅជាមួយទេ? វាទប់ស្កាត់ម៉េច គ្រួសារហ្នឹងសមត្ថកិច្ចតែឯង? វាមិនសំខាន់សមត្ថកិច្ចទប់ស្កាត់ទេ សំខាន់គ្រួសារនីមួយៗ។ ឧទាហរណ៍ប្ដីវ៉ៃប្រពន្ធៗវ៉ៃប្ដី ចឹងហា៎។ ប្ដីវ៉ៃប្រពន្ធៗវ៉ៃប្ដី សុទ្ធតែមកពីសមត្ថកិច្ចមិនទប់ស្កាត់ម៉េច? ប៉ុន្តែពាក្យថាគ្រួសារនេះ គឺជាពាក្យរួមណាស់ រួមសម្រាប់គ្រួសារមួយៗ។ វាដោយឡែកពីសមត្ថកិច្ច។ យើងបានធ្វើសមត្ថកិច្ចក្នុងសហគមន៍ ចង់បញ្ចូលប៉ូលីសក្នុងសហគមន៍ ចង់បញ្ចូលប៉ូលីសក្នុងគ្រួសារ ចង់បញ្ចូលណាស់»។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ បានច្រានចោលការលើកឡើងរបស់សង្គមស៊ីវិលដែលថា ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារបរាជ័យ ត្បិត ក្រសួងមហាផ្ទៃមិនទាន់បោះបង់ចោល នូវការស៊ើបអង្កេត ឬបិទសំណុំរឿងនៅឡើយ។ ហើយកន្លងមកលទ្ធផលស៊ើបអង្កេតរបស់ប្រចាំឆ្នាំ បានបង្ហាញថាជាង៩០%នៃបទល្មើសដែលអាជ្ញាធរបានស្រាវជ្រាវរកឃើញ។
អ្នកស្រី ណាប់ សុម៉ាលី បានកត់សម្គាល់ថា ករណីអំពើក្នុងគ្រួសារ ឬអំពើហិង្សាលើដៃគូស្នីទស្នាលដែលឈានដល់ករណីសម្លាប់ជនរងគ្រោះ មានកត្តាសំខាន់ចំនួន៤ រួមមាន កត្តជនល្មើជាកត្ដាចម្បង កត្ដាគ្រួសារនិងសហគមន៍ កត្តាអាជ្ញាធរនិងការអនុវត្តច្បាប់ និងកត្តាទស្សនៈរបស់សង្គម។ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ បានមានប្រសាសន៍ថា “អាជ្ញាធរ គួរតែចាត់វិធានការជាបន្ទាន់ និងផ្តល់ច្រកសុវត្ថិភាព ដល់ស្ត្រីទាំងអស់ ដើម្បីឱ្យជីវិតពួកគេ ជៀសផុតពីអំពើហិង្សា៕