en     km
en     km

សភាអ៊ូហ្គង់ដាបានអនុម័តច្បាប់ដាក់ទោសចំពោះក្រុមអ្នកស្រឡាញ់ភេទដូចគ្នា

Share

កាលពីថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ សភារបស់ប្រទេសអ៊ូហ្គង់ដាបានអនុម័តច្បាប់ដាក់ទោសទណ្ឌចំពោះជនណា ដែលហ៊ានបង្ហាញអត្តសញ្ញាណជាអ្នកស្រឡាញ់ភេទដូចគ្នា ដោយផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២០ឆ្នាំ ឬអាចឈានដល់ការកាត់ទោសប្រហារជីវិត។ តែយ៉ាងណា ច្បាប់នេះមិនទាន់ចូលជាធរមាននៅឡើយ ដោយរងចាំការចុះហត្ថលេខាពីសំណាក់ប្រធានាធិបតីអ៊ូហ្គង់ដា។

បើយោងតាមសារព័ត៌មាន​ Reuters​ បានរាយការណ៍ថា ច្បាប់ថ្មីនេះ ត្រូវអនុវត្តលើជនណាដែលបានបង្ហាញអត្តសញ្ញាណជាអ្នកស្រឡាញ់ភេទដូចគ្នា ភេទទីបី អ្នកកែភេទ ឬអ្នកមានយេនឌ័រផ្ទុយពីភេទធម្មជាតិដើមរបស់ខ្លួន។  ច្បាប់នេះហាមប្រាម និងលុបបំបាត់ការស្រឡាញ់ភេទដូចគ្នា ជាពិសេសរក្សានូវតម្លៃប្រពៃណីទំនៀមទម្លាប់របស់ប្រជាជាតិនៅអាហ្វ្រិកខាងកើត ដែលជាអ្នកអភិរក្សនិយម និងអ្នកប្រតិបត្តិយ៉ាងខ្ជាប់ខ្ជូននូវជំនឿសាសនា។

ក្នុងនោះដែរ ប្រសិនបើប្រជាជននៅក្នុងប្រទេសអ៊ូហ្គង់ដាបំពាននឹងច្បាប់ថ្មីនេះ ពួកគេនឹងត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចាប់ពី១០ឆ្នាំឡើងទៅ ឬអាចនឹងជាប់ពន្ធនាគារអស់មួយជីវិត និងអាចប្រឈមនឹងការកាត់ទោសប្រហារជីវិតផងដែរ។ នេះបើតាមការឱ្យដឹងពីអង្គការឃ្លាំមើលសិទ្ធិមនុស្សអ៊ូហ្គង់ដា។

គួរបញ្ជាក់ថា ក្នុងចំណោម ៥៤ ប្រទេស​ក្នុងទ្វីបអាហ្វ្រិក ប្រទេសជាង ៣០ បានដាក់ទោសទណ្ឌចំពោះក្រុមអ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។

យ៉ាងណាមិញ ច្បាប់នេះនឹងត្រូវបញ្ជូនទៅឱ្យប្រធានាធិបតីអ៊ូហ្គង់ដា លោក Yoweri Museveni ដើម្បីចុះហត្ថលេខាដើម្បីចូលជាធរមានឆាប់ៗនេះ។

មកទល់នឹងពេលនេះ លោក Museveni ប្រធានាធិបតីអ៊ូហ្គង់ដា មិនបានចេញមុខធ្វើអត្ថាធិប្បាយលើសំណើរបស់សភាពេលនេះទេ ក៏ប៉ុន្តែលោកធ្លាប់បានប្រឆាំងនឹងសិទ្ធិក្រុមអ្នកស្រឡាញ់ភេទដូចគ្នាជាយូរមកហើយ ពោលគឺលោកធ្លាប់បានចុះហត្ថលេខាលើច្បាប់ប្រឆាំងនឹងក្រុមអ្នកស្រឡាញ់ភេទដូចគ្នាក្នុងឆ្នាំ២០១៣។ទោះយ៉ាងណាប្រទេសលោកខាងលិចបានថ្កោលទោសលោកយ៉ាងធ្ងន់ធ្ងរចំពោះការបំពានលើសិទ្ធិមនុស្ស។

ដោយឡែក សមាជិកសភា លោក David Bahati បាននិយាយក្នុងអំឡុងពេលជជែកដេញដោលលើច្បាប់ថ្មីនេះថា ព្រះជាម្ចាស់កំពុងត្រេកអរនូវអ្វីដែលកំពុងកើតឡើង រីឯលោកគាំទ្រជាខ្លាំង ចំពោះការការពារនូវអនាគតរបស់ប្រជាពលរដ្ឋអ៊ូហ្គង់ដា។ លោកបន្តថា នេះ​គឺ​អំពី​អធិបតេយ្យភាព​របស់​ជាតិ ហើយគ្មាន​នរណា ឬប្រទេសណាមួយ​ហ៊ានមក​បំភិត​បំភ័យ ឬបន្ទោសបង្អាប់​ប្រទេសអ៊ូហ្គង់ដានោះទេ។

ផ្ទុយទៅវិញ លោក Frank Mugisha សកម្មជនអ្នកស្រឡាញ់ភេទដូចគ្នា ជនជាតិអ៊ូហ្គង់ដា បានប្រតិកម្មនឹងច្បាប់ដែលដាក់ចេញទៅថ្មីៗនេះ ដោយនិយាយថា ច្បាប់នេះគឺហួសហេតុ និងតឹងរ៉ឹងបំផុត។ លោកបានញ្ជាក់ថាច្បាប់នេះដាក់ទោសទណ្ឌចំពោះអ្នកស្រឡាញ់ភេទដូចគ្នា ប៉ុន្តែរដ្ឋាភិបាលហាក់កំពុងព្យាយាមលុបបំបាត់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាទាំងអស់នៅក្នុងប្រទេសអ៊ូហ្គង់ដាតែម្ដង៕

ប្រភព៖​ Reuters​ ចុះថ្ងៃពុធ ទី២២ ខែមីនា​ ឆ្នាំ២០២៣

 

Share

ព័ត៌មានទាក់ទង

Image