ប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានលើកឡើងថា ទិវាអន្ដរជាតិនារីត្រូវបានយកចិត្តទុកដាក់ តែនារីដែលត្រូវឡើងតំណែងឱ្យបំពេញមុខងារនានា បែរជាមិនសូវបានយកចិត្តទុកដាក់ទៅវិញ។ការលើកឡើងរបស់សម្តេច ហ៊ុន សែន ក្នុងឱកាសចែកសញ្ញាប័ត្រដល់និស្សិវិទ្យាស្ថានវ៉ានដានេះ ស្របពេលដែលចំនួនស្ដ្រីក្នុងជួររដ្ឋាភិបាលមានការកើនឡើងតិចតួច មិនទាន់ស្របតាមការចង់បានរបស់រដ្ឋាភិបាលនៅឡើយ។
ក្នុងឱកាសចែកសញ្ញាប័ត្រដល់និស្សិវិទ្យាស្ថានវ៉ានដា, នេះជាលើកឡើងលើកទីពីរហើយក្នុងឆ្នាំ២០២៣ ដែលរាជរដ្ឋាភិបាល សម្ដេច ហ៊ុន សែន បានលើកពីបញ្ហាកង្វះស្ដ្រីក្នុងការទទួលតំណែងតួនាទីនានា ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការរបស់ក្រសួង ស្ថាប័ននីមួយៗ និងថ្នាក់ក្រោមជាតិ ជាអភិបាលរងស្រុក ឬរងខេត្តជាដើម។
សម្ដេច ហ៊ុន សែន បានផ្ញើសារដល់រដ្ឋមន្ដ្រីតាមក្រសួងនានាថា រាជរដ្ឋាភិបាលអាចធ្វើនិយ័តកម្មក្រមការឋានន្តរស័ក្ដិ ដល់ស្ដ្រីដែលត្រូវស្នើឱ្យឡើងតំណែងបាន មិនថាថ្នាក់អនុមន្ដ្រី វរៈមន្ដ្រី ឬឧត្តមមន្ដ្រីតាមស្ថាប័នដែលចង់ឱ្យស្ដ្រីកាន់តំណែង។ សម្ដេចថា បើមិនលើកបេក្ខភាពស្ដ្រីមកផង តើឱ្យស្ដ្រីមានតំណែងយ៉ាងមិច។
សង្គមស៊ីវិលធ្លាប់បានលើកឡើងពីចំណុចខ្វះខាតស្ដ្រី ដែលបំពេញការងារក្នុងជួរជាមន្ដ្រីរាជរដ្ឋាភិបាលមិនថា ការងារមុខងារនយោបាយ និងមុខការងារសាធារណៈបម្រើប្រជាពលរដ្ឋនោះទេ។ សង្គមស៊ីវិលក៏បានទាំងស្នើឱ្យរាជរដ្ឋាភិបាលគួរអនុវត្ត គោលនយោបាយដែលមានស្រាប់ដើម្បី បង្កើតនូវតម្លាភាពសមភាព យែនឌ័រដែលបានដាក់ចេញកើតមានឡើងផងដែរ។
យ៉ាងណារាជរដ្ឋាភិបាលបានរំពឹងយ៉ាងមុតមាំថា ក្រោយពេលរាជរដ្ឋាភិបាលប្រកាសជាលើកទី២នេះ ស្ដ្រីនឹងត្រូវបានយកចិត្តទុកដាក់បន្ថែមទៀត។ នេះបើតាមប្រសាសន៍របស់រដ្ឋាភិបាលនៅព្រឹកមិញនេះ៕