ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៣ សីតុណ្ហភាពអាចនឹងឡើងក្ដៅរហូតដល់៣៨ អង្សារ នៅតំបន់ទំនាបកណ្ដាលនិងតំបន់ខ្ពស់រាប ខណៈសីតុណ្ហភាពទាបបំផុតក៏ចាប់ពី២៤អង្សារឡើងទៅដែរ។ នេះបើផ្អែកតាមសេចក្ដីជូនដំណឹងពីក្រសួងធនធានទឹក និងឧតុនិយម។
ក្រសួងបានរំលេចថា កត្ដាឡើងកម្ដៅខ្ពស់ដល់៣៨អង្សារក្នុងសប្ដាហ៍នេះ ដោយសារកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបខ្សោយ និងខ្យល់បម្រែបម្រួល ដែលជាហេតុបង្កឱ្យមានលក្ខណៈងាយស្រួលក្នុងការកកើតឡើងនូវស្រទាប់កម្ពៅ។
ទោះបីសីតុណ្ហភាពកើតឡើងយ៉ាងណា តែក្រសួងបញ្ជាក់ថា នឹងមានភ្លៀងធ្លាក់ដោយអន្លើនៅតាមតំបន់មួយចំនួន។ កាលពីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅខេត្តមណ្ឌលគិរី មានស្រុកអូររាំង និងក្រុងសែនមនោរម្យ មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ។ ស្របពេលស្រុកសង្កែ ខេត្តបាត់ដំបងក៏មានភ្លៀងក្នុងកម្រិតខ្សោយដូចគ្នា។
យ៉ាងណា តំបន់សមុទ្រដែលមានវាយោបក់ផាយផាត់ សីតុណ្ហភាពខ្ពស់ដល់ត្រឹម៣៥អង្សារ ជាពិសេសក៏អាចមានភ្លៀងធ្លាក់ដោយអន្លើផងដែរ។ នេះបើយោងទៅតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកដដែល៕