en     km
en     km

ភរិយាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកស្រីRosmah Mansor នឹងទៅសិង្ហបុរីបន្ទាប់ពីតុលាការសម្រេចផ្ដល់លិខិតឆ្លងដែនបណ្តោះអាសន្នឱ្យលោកស្រីវិញ

Share

 

លោកស្រី Rosmah Mansor ភរិយាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak នឹងធ្វើដំណើរទៅប្រទេសសិង្ហបុរីរយៈពេល៦សប្តាហ៍ បន្ទាប់ពីសាលាឧទ្ធរណ៍កាលពីថ្ងៃអង្គារទី២១ មីនាបានយល់ព្រមផ្ដល់លិខិតឆ្លងដែនជាបណ្តោះអាសន្នឱ្យលោកស្រីវិញ។

លោកស្រីRosmah Mansor បានដាក់ពាក្យស្នើសុំលិខិតឆ្លងដែនរបស់លោកស្រីវិញ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដើម្បីសួរសុខទុក្ខកូនស្រី កូនប្រសា និងចៅពីរនាក់ ដែលម្នាក់ក្នុងចំណោមពួកគេកំពុងមានជំងឺ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​​Bernama។

ក្រុមប្រឹក្សាជំនុំជំរះដែលមានសមាជិកចៅក្រម៣រូបបានសម្រេចចិត្តយ៉ាងដូច្នេះ បន្ទាប់ពីព្រះរាជអាជ្ញាមិនបានជំទាស់នឹងពាក្យសុំរបស់លោកស្រី Rosmah Mansor។លិខិតឆ្លងដែនរបស់លោកស្រីRosmahត្រូវបានផ្អាកសុពលភាពដោយតុលាការក្នុងឆ្នាំ២០១៩បន្ទាប់ពីលោកស្រីត្រូវបានចោទប្រកាន់ពីបទពុករលួយ។ លោកស្រីត្រូវបានផ្តល់សិទ្ធិឱ្យប្រើប្រាស់លិខិតឆ្លងដែនរបស់លោកស្រីជាបណ្តោះអាសន្នឡើងវិញក្នុងឆ្នាំ២០២១ ខណៈពេលដែលលោកស្រីកំពុងជាប់រឿងក្ដីនៅតុលាការនៅឡើយ។

បើតាមការរាយការណ៍ Bernamaដដែលបានឱ្យដឹងតាមរយៈសម្រង់សម្ដីមេធាវីរបស់លោកស្រីថាលោកស្រី Rosmah នឹងចាកចេញទៅប្រទេសសិង្ហបុរីនៅថ្ងៃព្រហស្បតិ៍ទី២៣ មីនា ២០២៣ ហើយនឹងស្នាក់នៅក្នុងប្រទេសសិង្ហបូរីរយៈពេល៦សប្តាហ៍ពោលគឺរហូតដល់ថ្ងៃទី ៥ ខែឧសភា។

មេធាវីរបស់លោកស្រីក៏បាននិយាយផងដែរថាលោកស្រី Rosmah ត្រូវប្រគល់លិខិតឆ្លងដែនឱ្យតុលាការវិញក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីបានវិលត្រឡប់មកដល់ប្រទេសម៉ាឡេស៊ីវិញ ដោយព្រះរាជអាជ្ញាបានស្នើឱ្យលោកស្រី Rosmah ប្រគល់លិខិតឆ្លងដែនវិញនៅថ្ងៃទី ១០ ខែឧសភា ២០២៣។

លោកស្រី Rosmah ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ និងពិន័យជាប្រាក់ ២១៧ លានដុល្លារអាមេរិក បន្ទាប់ពីលោកស្រីត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទពុករលួយក្នុងខែកញ្ញា ឆ្នាំ ២០២២។លោកស្រីបានបណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​ផ្ដន្ទាទោសនេះ៕

ប្រភព៖ C N A ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៣

Share

Image
Image
Image